ភ្នំពេញ៖ ពហុកីឡដ្ឋានជាតិមរតកតេជោដំណាក់កាលទី១ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការណ៍ហើយ កាលពីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃ ព្រះរាជាណាចក្រកម្ពុជា។ 

ស្របពេលជាមួយគ្នានេះដែរ  សម្ដេច ក៏បានប្រកាសបើកការសាងសង់ ពហុកីឡដ្ឋានជាតិមរតកតេជោរដំណាក់កាលទី២ ផងដែរ ដែលជាគម្រោងធំ សាងសង់កីឡដ្ឋានបាល់ទាត់។ 

ថែ្លងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នេះ សម្ដេចតេជោ បានលើកឡើងឲ្យដឹងថា មូលហេតុបានជាពហុកីឡដ្ឋានជាតិនេះ មានរាងដូចសំពៅ ព្រោះតែ វាបង្ហាញនូវការទំនាក់ទំនងទៅមក រកគ្នា រវាងប្រទេសកម្ពុជា នឹងសាធារណរដ្ឋប្រជាមានិតចិន ។

សម្ដេចបានបន្ដថា «ប្រវត្ដិសាស្រ្ដដើមរបស់កម្ពុជា ប្រទេសក្នុងតំបន់ ក៏ដូចជាប្រទេសចិនក្ដី គឺធើ្វដំណើរតាមសំពៅ ដើម្បីធើ្វពាណិជ្ជកម្មជាមួយគ្នា ខណៈដែលទំនាក់ទំនងរវាង កម្ពុជា នឹង ចិន មានតាំងពីបុរាណកាលមកម្លេះ»។  

គួរបញ្ជាក់ផងដែរថា ពហុកីឡដ្ឋានជាតិមរតកតេជោដំណាក់កាលទី១នេះ គឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ហើយចំពោះការបើកការដ្ឋានសាងសង់ដំណាក់កាលទី២នេះ ក៏ជាជំនួយឥតសំណងរបស់ចិន ដូចគ្នាផងដែរ។

ពហុកីឡាដ្ឋានស្ដង់ដាអន្ដរជាតិ ដំណាក់កាលទី១ ដែលនឹងត្រៀមធើ្វជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣ នេះ គឺមានចំនួន ២អាគារ គឺអគារទី១ ជាទីលានហែលទឹកកម្រិតស្តង់ដារអន្តរជាតិ និងបំពាក់ដោយសម្ភារៈទំនើបទាន់សម័យបំផុត ស្របពេលដែល អគារទី២ គឺជាអាគារនៃទីលានកីឡាបាល់ទះ កីឡាបាល់បោះ ព្រមទាំងកីឡាក្នុងសាលផ្សេងៗទៀតផងដែរ៕  

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ក្រៅពីអាជីពបាល់ទាត់! ប្រាក់ មុន្នីឧត្ដម ក៏មានហាងរកសីុផ្ទាល់ខ្លួនផងដែរ

(ភ្នំពេញ)៖ ក្រៅពីអាជីពជាកីឡាករបាល់ទាត់ តារាឆ្នើមរបស់ក្រុមជម្រើសជាតិ ក៏ដូចជាក្រុមព្រះខ័នរាជស្វាយរៀង ប្រាក់ មុន្នីឧត្ដម ក៏មានហាងផ្ទាល់ខ្លួនសម្រាប់រកស៊ី ជាមួយគ្រួសារផងដែរ គឺហាងបោកអ៊ុតទំនើប ឈ្មោះ 7ឃ្លីន (Seven clean Laundry) ។ នេះបើយោងតាមគណនីហ្វេសបុករបស់សាមីខ្លួន បានបង្ហោះ។

ប្រាក់ មុន្នីឧត្ដម គឺជាកីឡាករបាល់ទាត់ម្នាក់ ដ៏មានប្រជាប្រិយភាព នឹងមានការគាំទ្រខ្លាំងពីសំណាក់ប្រិយមិត្ដដែលស្នេហាវិស័យបាល់ទាត់ ខណៈដែលសព្វថៃ្ងនេះ រូបគេគឺជាប្រធានក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងជាសមាជិកនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ផងដែរ។

ក្រោយរៀបមង្គលការជាមួយនឹងភរិយា ឈ្មោះ ប្រាក់ ស្រីរ័ត្ន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ កន្លងទៅ រូបគេនឹងប្រពន្ធ ក៏បានសម្រេចបង្កើតនូវមុខជំនួញមួយ ក្រៅពីអាជីពបាល់ទាត់ គឺបើកហាងបោកអ៊ុតទំនើប 7ឃ្លីន(Seven clean Laundry) ដែលមានទីតាំង នៅជិតស្តុបមន្ទីរពេទ្យព្រះអង្គឌួង ដែលហាងនេះ ទើបតែបង្កើតថ្មីៗនេះឯង។

គួរបញ្ជាក់ផងដែរថា មិនត្រឹមតែ ប្រាក់ មុន្នីឧត្ដម ទេ ដែលបានបង្កើតមុខជំនួញក្រៅពីអាជីពបាល់ទាត់ ពោលបងប្អូនសាច់ញាតិ្ដរបស់ខ្លួន គឺអតីតគ្រូបង្វឹកក្រុមបឹងកេតអង្គរ លោក ប្រាក់ សុវណ្ណារ៉ា ក៏បានបើកហាងលក់សម្ភារៈកីឡាមួយកន្លែងផងដែរ ដែលមានទីតាំងនៅក្បែររង្វង់មូល ផ្សារដើមថ្កូវ ។

គួរឲ្យដឹងថា ការបើកអាជីវកម្មលក់សម្ភារៈកីឡានេះ គឺជាស្នាដៃចូលហ៊ុនគ្នារវាងរូបលោកផ្ទាល់ កីឡាករ ប្រាក់ មុន្នីឧត្តម ប្រាក់ មុន្នីភារុណ លោកប្រាក់ វុទ្ធី និង លោក សាយ ពិសិដ្ឋ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]