ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយ បានឆក់យកអាយុជីវិតអ្នកបើករថយន្ត Highlander មួយគ្រឿង ដែលបានបុកជាមួយរថយន្តទួរីសមួយគ្រឿង ពេញទំហឹង ស្លាប់ស្ត្រីម្នាក់ និងមានអ្នករបួសជាង១០នាក់ផ្សេងទៀត។ ហេតុការណ៍នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោងជិត ១យប់ ឆ្លងចូលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ ដោយសាររថយន្តទាំងពីរធ្វើដំណើរ បញ្ច្រាសទិសគ្នា ខណៈដែលគេមិនទាន់ដឹងខាងណាខុស ឬត្រូវនៅឡើយទេ។

ស្របពេលជាមួយគ្នានេះដែរ យើងក្រឡេកទៅមើលនៅលើបណ្តាញសង្គមហ្វេសប៊ុក គេបានឃើញនារីជាសង្សាររបស់បុរសជនរងគ្រោះ ដែលជាអ្នកបើករថយន្ត Highlander បង្ហោះរូបភាព និងសារទួញសោកអំពីការបាត់បង់មនុស្សដែលខ្លួនស្រលាញ់ ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការរំជួលចិត្ត និងអាណិតនាងយ៉ាងពន់ពេក។ នារីជាសង្សារបានសរសេរនៅលើហ្វេសប៊ុកថា៖

«បងហា៎ បងសន្យាជាមួយអូនថាម៉េចខ្លះហា៎? ថាមើលថែអូនអស់មួយជីវិត។ សន្យាថានឹងធ្វើឲ្យអូនមានក្តីសុខរហូតហ៎? នៅមានទៀត បងសន្យាថានឹងឲ្យអូន ពាក់រ៉ូបកូនក្រមុំដែលស្អាតជាងគេ។ ចុះហេតុអ្វីបងសន្យាហើយបងធ្វើមិនបានហា៎ Run (រុន)? បងអាក្រក់ណាស់ រុន ។ បងដឹងហើយថាអូនស្រលាញ់បងប៉ុណ្ណា! មកវិញមកណាមនុស្សល្អរបស់អូន ប្តីសំលាញ់ចិត្តអូនអើយ អូនខ្វះបងអត់បានទេ។ បងជាក្តីសុខរបស់អូន ឮអត់ហា៎ ប្តីរបស់អូន។ ហេតុអ្វីលោកមិនមេត្តាដល់គូខ្ញុំ? ហេតុអ្វីកម្មមកពង្រាត់ទាំងនៅស្រលាញ់? តើពួកខ្ញុំសាងអ្វីខុស? ម៉េចបានឲ្យពីរនាក់ខ្ញុំព្រាត់គ្នាបែបនេះ? ពួកខ្ញុំសាងតែអំពើល្អទេ ហេតុអី្វមិនឲ្យពីរអ្នកខ្ញុំនៅជាមួយគ្នាហា៎? ខ្ញុំស្អប់ពិភពលោកនេះណាស់»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]