ភ្នំពេញ៖ កាលពីថ្ងៃទី ៣ មេសា ឆ្នាំ ២០១៧ ម្សិលមិញនេះ ប្រធានសហគមន៍ខ្មែរនៅប្រទេសជប៉ុន និង គណកម្មការស្ម័គ្រចិត្តរៀបចំកម្មវិធីពិព័រណ៍កម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានមួយ ស្តីអំពីកម្មវិធីពិព័រណ៍កម្ពុជា ២០១៧ នៅប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៣-០៤ ឧសភា ឆ្នាំ ២០១៧ នៅឯប្រទេសជប៉ុន។ 

សន្និសីទសារព័ត៌មាននេះ មានវត្តមានចូលរួមពីសំណាក់ អ្នករៀបចំកម្មវិធី កំពូលតារាល្បីៗ ដែលនឹងចូលរួមក្នុងកម្មវិធីឯប្រទេសជប៉ុននោះជាច្រើនរូប និងបងប្អូនអ្នកសារព័ត៌មានផងដែរ។

លោក សាំង លីស្រេង ប្រធានសហគមន៍ខ្មែរនៅប្រទេសជប៉ុន បានមានប្រសាសន៍ថា “គោលបំណងនៃការរៀបចំកម្មវិធីពិព័រណ៍នេះឡើង គឺដើម្បីផ្សព្វផ្សាយវប្បធម៌ និងសិល្បៈរបស់កម្ពុជាឲ្យបរទេសបានឃើញ ក៏ដូចជាដើម្បីទាក់ទាញទេសចរមកកាន់កម្ពុជា ហើយជាពិសេសជាងនេះទៀតនោះ គឺដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកវិនិយោគឲ្យមកវិនិយោគនៅកម្ពុជាផងដែរ។”

ចំពោះលោក អ៊ូ រឹទ្ធី គណកម្មការស្ម័គ្រចិត្តរៀបចំកម្មវិធីពិព័រណ៍កម្ពុជា វិញ បានមានប្រសាសន៍ថា “កម្មវិធីពិព័រណ៍បែបនេះ កន្លងមក កម្ពុជាយើងក៏ធ្លាប់បានរៀបចំដែរ ប៉ុន្តែវាមានទ្រង់ទ្រាយតូចនៅឡើយ ប៉ុន្តែនៅក្នុងឆ្នាំនេះ យើងមានគម្រោងរៀបចំកម្មវិធីនេះឲ្យបានធំជាងមុន និងកាន់តែអស្ចារ្យផងដែរ ដោយយើងមានបញ្ចូលទាំងការលក់ទំនិញ និងការសម្តែងសិល្បៈច្រើនទម្រង់ជាមួយគ្នាតែម្តង។”

សម្រាប់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ វិញ បានមានប្រសាសន៍ថា ថ្វីត្បិតតែនេះ មិនមែនជាលើកទីមួយសម្រាប់លោក ក្នុងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុនក្តីប៉ុន្តែវាពិតជាពិសេសសម្រាប់លោកណាស់ ព្រោះលោកនឹងតំណាងឲ្យមុខមាត់ប្រទេសកម្ពុជា ហើយលោកពិតជារីករាយខ្លាំងបំផុត បើទោះបីជាការសម្តែងមួយនេះ គឺជាការសម្តែងស្ម័គ្រចិត្តក៏ដោយ។

គួរបញ្ជាក់ដែរថា ការធ្វើដំណើរទៅសម្តែងនៅប្រទេសជប៉ុនលើកនេះ លោក ព្រាប សុវត្ថិ នឹងនាំយកសមាជិកក្រុមរាំរហូតដល់ទៅ ១៦រូប ដូច្នេះ ការចំណាយមួយចំនួន លោកសុខចិត្តចេញលុយហ៊ោប៉ៅខ្លួនឯងតែម្តង។ លោក ព្រាប សុវត្ថិ បានបន្ថែមថា “នេះគឺជារឿងរបស់ជាតិខ្ញុំ អ៊ីចឹងខ្ញុំសប្បាយចិត្តនឹងធ្វើ។”

ចំនែកឯកំពូលតារាចម្រៀងស្រី អ្នកនាង ម៉េង កែវពេជ្ជតា វិញ ក៏បានមានប្រសាសន៍ដែរថា “នេះគឺជាឱកាសមួយសម្រាប់កម្ពុជាក្នុងការបង្ហាញមុខមាត់” ហើយអ្នកនាងនឹង នាំយកការសម្តែង និងច្រៀងដែលមានគ្រប់ទម្រង់ទាំង បុរាណ សម័យ បែបយុវវ័យ មនោសញ្ចេតនាជាច្រើនទៅបង្ហាញនៅទីនោះ។ លើសពីនេះ អ្នកនាងក៏៏នឹងរួមគ្នាច្រៀងជាមួយលោក សូ ស្រណោះ ដែលជាតន្ត្រីករដ៏ចំណាននូវបទ Original Song ដែលបានតាក់តែងឡើងដោយស្នាដៃរបស់ពួកគាត់ទាំងពីរផ្ទាល់តែម្តង។

រាជនីក្រមា កញ្ញា មាន សូនីតា បានបង្ហាញឲ្យដឹងថា ក្នុងកម្មវិធីពិព័រណ៍ដ៏អស្ចារ្យនៅប្រទេសជប៉ុននេះ កញ្ញាមានរៀបចំដូចជាការដើរបង្ហាញម៉ូតសម្លៀកបំពាក់ខ្មែរ ក៏ដូចជាមានការរៀបចំលក់ផលិតផលដែលផលិតពីក្រមា និងត្បាញដោយស្នាដៃនារីខ្មែរនៅឯខេត្តបន្ទាយមានជ័យពិតៗតែម្តង។”

លោក អ៊ាម វន្នី តារាចម្រៀងមានឈ្មោះបោះសម្លេងនៅព្រះរាជាណាចក្រកម្ពុជា ក៏នឹងបង្ហាញវត្តមាននៅឯប្រទេសជប៉ុនផងដែរ។ លោកបានមានប្រសាសន៍ថា លោកពិតជាមានចិត្តរំភើបខ្លាំងបំផុត ដែលបានចូលរួមក្នុងកម្មវិធីមួយនេះ ហើយនេះក៏ជាលើកទីមួយដែរ ដែលលោកបានធ្វើដំណើរទៅសម្តែងនៅប្រទេសជប៉ុន។ លោកបានបន្ថែមថា លោកនឹងពាំនាំយកនូវបទចម្រៀងមួយចំនួន ដែលទាក់ទងនឹងទេសចរណ៍របស់ប្រទេសកម្ពុជា ជាពិសេសគឺទាក់ទងទៅនឹង តំបន់អេកូទេសចរណ៍នេះតែម្តង។ លោកបានបន្ថែមទៀតថា ថ្វីត្បិតតែនេះជាការស្ម័គ្រចិត្ត ប៉ុន្តែវាពិតជាមានតម្លៃសម្រាប់ខ្លួនលោក និងប្រទេសជាតិទាំងមូល។

ចុងក្រោយ លោក សូ ស្រណោះ ដែលជាតន្ត្រីករដ៏មានជំនាញ និងបទពិសោធន៍ បានមានប្រសាសន៍ថា កន្លងទៅជាង១០ឆ្នាំហើយដែលលោកបានត្រលប់មកពីប្រទេសជប៉ុនវិញ បន្ទាប់ពីបានបញ្ចប់ការសិក្សា ហើយនេះជាលើកទីមួយហើយដែលលោកបានធ្វើដំណើរទៅប្រទេសជប៉ុន ដើម្បីធ្វើការសម្តែងសិល្បៈតំណាងឲ្យមុខមាត់ប្រទេសជាតិបែបនេះ។ លោកនឹងធ្វើការបង្ហាញដូចជា ការច្រៀងចម្រៀង Original Song ជាមួយអ្នកនាង ម៉េង កែវពេជ្ជតា, ការដើរបង្ហាញម៉ូតជាមួយ កញ្ញា មាន សូនីតា និងជាពិសេសនោះគឺ ការលេងព្យាណូ និង ច្រៀងជាមួយសិល្បករជប៉ុនថែមទៀតផង។

ដូច្នេះ លោកប្រធានសហគមន៍ខ្មែរនៅប្រទេសជប៉ុន និង គណកម្មការស្ម័គ្រចិត្តរៀបចំកម្មវិធីពិព័រណ៍កម្ពុជា ក៏ដូចជា សិល្បករ សិល្បការីកម្ពុជា សូមសំណូមពរឲ្យ ប្រជាជនកម្ពុជាដែលរស់នៅប្រទេសជប៉ុន និងប្រជាជនជប៉ុនទាំងអស់ អញ្ជើញចូលរួមកម្មវិធីនេះឲ្យបានកុះករ ដើម្បីចូលរួមចំណែកលើកស្ទួយ សេដ្ឋកិច្ច និងតម្លៃវប្បធម៏ខ្មែរ ក៏ដូចជាសំណូមពរដល់បណ្តាអ្នកឧបត្ថម្ភទាំងឡាយ មេត្តាបន្តចូលរួមជាមួយពួកយើងដើម្បីឲ្យកម្មវិធីមួយនេះអាចដំណើរការ ទៅបានកាន់តែល្អនៅឆ្នាំក្រោយៗទៀត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ាម វន្នី