អង់គ្លេស៖ ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Premier League សប្ដាហ៍ទី៣០ រវាងក្រុមខ្លាំងពីរ គឺក្រុមម្ចាស់ផ្ទះ Arsenal ទល់នឹងក្រុមភ្ញៀវ Manchester City បានបញ្ចប់ទៅដោយលទ្ធផល ២-២ កាលពីយប់មិញ។ 

អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺអ្នកគាំទ្ររបស់ក្រុម Arsenal បានផ្ទុះជាអំពើហិង្សា វាយតប់គ្នា ដែលត្រូវគេថតបាននៅកន្លែងអង្គុយទស្សនាខាងក្រុមម្ចាស់ផ្ទះ ក្នុងកីឡដ្ឋាន Emirate Stadium ។

ជារឿងមួយដែលមិនសមប្រកបនៅកីឡដ្ឋាន Emirate ដែលអ្នកគាំទ្រក្រុមដូចគ្នា តែបែរជាវាយតប់គ្នា ស្របពេលដែលទម្រង់លេងរបស់ Arsenal ក្នុងរដូវកាលនេះមានការធ្លាក់ចុះ។

យ៉ាងណាមិញ ពុំទាន់មានការបញ្ជាក់ពីមូលហេតុ ដែលបណ្តាលឲ្យផ្ទុះជាអំពើហិង្សានៅឡើយទេ។ ចំនែកឯជនបង្ករហេតុវិញ ត្រូវបានគេចាប់បំបែកចេញពីកីឡដ្ឋានភ្លាមៗ។ 

គួរឲ្យដឹងផងដែរថា ការប្រកួតកាលពីយប់មិញ បើកឆាកត្រឹម ៥នាទី ដើមតង់ទី១ Leroy Sane របស់ Man City ធើ្វបានសម្រេច ឲ្យក្រុមភ្ញៀវនាំមុខមុន ខណៈដែលក្រុមម្ចាស់ផ្ទះបានតាមស្មើមកវិញ ដោយកីឡាករ Theo Walcott នៅនាទី៤០។ 

រំលងបានត្រឹម២នាទី ពោលគឺនាទី៤២ Sergio Aguero ស៊ុតនាំមុខសារជាថ្មី ធើ្វឲ្យចប់តង់ទី១ Arsenal ១-២ Man City ។

ចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះបានតាមស្មើសាជាថ្មី ក្នុងនាទី ៥៣ ធើ្វបានដោយខែ្សការពារ Shkodran Mustafi។ ទាំងក្រុមម្ចាស់ផ្ទះ នឹងក្រុមភ្ញៀវ ធើ្វការសម្រុកខ្លាំង តែមិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាទៀតឡើយ ធ្វើឲ្យចប់ការប្រកួត Arsenal ២-២ Manchester City ចែកគ្នាម្នាក់ ១ពិន្ទុ ។

ក្រោយចប់ការប្រកួតនេះ Arsenal ឈរនៅលេខ៦ ដដែល មាន៥១ពិន្ទុ តែមាន១ប្រកួតក្នុងដៃ ស្របពេលដែល Manchester City ឈរលេខ៤ មាន៥៨ពិន្ទុ នៃតារាងបាល់ទាត់ក្របខ័ណ្ឌ Premier League៕

ប្រភព៖ Dailymail

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ឆ្លងកាត់៤ប្រកួតហើយ ចាន់ វឌ្ឍនាកា នៅតែមិនទាន់បានចូលលេង ខណៈក្លិប Fujieda MYFC ស្មើគ្នា ២-២

ជប៉ុន៖ កាលពីម្សិលមិញនេះ ក្លិប Fujieda MYFC បានបើកទ្វាកីឡដ្ឋានរបស់ខ្លួន ប្រកួតបានត្រឹមស្មើជាមួយក្លិប Tochigi SC ក្នុងលទ្ធផល ២-២ នៃក្របខ័ណ្ឌលីកទី៣របស់ប្រទេសជប៉ុន។

លទ្ធផល ២-២ នេះ រក្សាមករហូតតាំងពីតង់ទី១មកម្ល៉េះ ពោលនៅក្នុងតង់ទី២ គឺគ្មានការស៊ុតបញ្ចូលទីគ្នានោះទេ។

បើទោះជាបីជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ ចាន់ វឌ្ឍនាកា នៅតែមិនទាន់បានចូលលេងនៅឡើយទេ ក្រោយពីឆ្លងកាត់ការប្រកួតក្នុងលីកអស់រយៈពេល៤សប្តាហ៍មកហើយ ដែលធ្វើអ្នកគាំទ្រនៅកម្ពុជាជាច្រើនមានការងឿយឆ្ងល់។

គួរឲ្យដឹងថា វឌ្ឍនាកា បានអវត្តមានចំនួន៤ប្រកួតហើយឲ្យក្លិប Fujieda MYFC ស្របពេលដែល ក្លិប Fujieda MYFC មិនសូវជាទទួលបានលទ្ធផលល្អ ក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ ។

បើយោងតាមមតិរបស់អ្នកគាំទ្រនៅកម្ពុជា បាននិយាយថា «មកពីនៅជប៉ុននៅត្រជាក់នៅឡើយ ១០ ទៅ១៥អង្សា cv11 អត់ទាន់ស៊ាំនឹងអាកាសធាតុនៅឡើយទេ» ។ ឯខ្លះទៀតក៏បានបញ្ចេញប្រតិកម្មផងដែរ ដោយសារតែអវត្តមានរបស់ វឌ្ឍនាកា នៅក្នុងការប្រកួត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]