(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧នេះ បានព្យាករណ៍ថា ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ បណ្តាខេត្តមួយចំនួន នៅតំបន់ទំនាបកណ្តាលភាគខាងត្បូង តំបន់ខ្ពង់រាបភាគឦសាន និងតំបន់មាត់សមុទ្ឬ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។

តាមការប្រកាសរបស់ក្រសួងធនធានទឹក, មូលហេតុដែលនាំឱ្យមានភ្លៀងធ្លាក់ខ្លាំងបែបនេះ ដោយសារតែជ្រលងសម្ពាធទាប ដែលរុញមកពីផ្នែកខាងត្បូង នៃសមុទ្រចិនខាងត្បូង បានប្រសព្វគ្នាជាមួយនឹងជ្រលងសម្ពាធខ្ពស់ ដែលរុញមកពីភាគខាងត្បូងនៃប្រទេសចិន ត្រត់តំបន់ដីសណ្តរទន្លេមេគង្គ។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម៖

ប្រភព៖ Fresh News

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ពលរដ្ឋ​ជា​ច្រើន​នាំ​គ្នា​ព័ទ្ធ​ចាប់​បុរស​​ចំណាស់​យកទៅ​សម្លាប់​ដោយ​ចោទ​ថា​...

ខេត្តកំពង់ស្ពឺ ៖ រឿងរ៉ាវ​បង្ក​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង បន្ទាប់​ពី​ពលរដ្ឋ​មួយ​ភូមិ​បាន​នាំ​គ្នា​ចោមរោម​នៅ​មុខ​ផ្ទះ​បុរស​ចំណាស់​មួយ​រូប ដោយ​ទាមទារ​ឱ្យ​យក​ទៅ​សម្លាប់​ចោល​ដោយ​ចោទ​ថា ចេះ​អំពើ​អាប​ធ្មប់ តែ​មិន​បាន​សម្រេច​នោះ​ទេ ព្រោះ​សមត្ថកិច្ច​ដឹកនាំ​ដោយ​លោក​អភិបាលស្រុក និង​នគរបាល​បាន​អន្តរាគមន៍​ទាន់​ពេលវេលា​។

លោក​វរសេនីយ៍ឯក ឃឹម សុ​ផា​ន់​រា អធិការ​នគរបាល​ស្រុក​គងពិសី បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែមេសា ២០១៧ ថា ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៣0​នាទី ថ្ងៃ​ទី​៣១ មីនា នៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ។ បុរស​ចំណាស់​ដែល​រង​នូវ​ការ​ប៉ុនប៉ង​សម្លាប់​នេះ​ឈ្មោះ ប្រាក់ គង់ ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ មុខរបរ​ជា​គ្រូ​ទស្សន៍​ទាយ ។

លោក​អធិការ​បន្ត​ថា តាម​ការ​ស្រាវជ្រាវ​ករណី​នេះ​បាន​កើតឡើង បន្ទាប់​ពី​មាន​អ្នក​ភូមិ​ម្នាក់​មាន​ជំងឺ​មើល​មិនជា ទើប​កើត​មាន​ហេតុការណ៍​បែប​នេះ​ឡើង​។ ទោះជា​យ៉ាងណា ការ​ប៉ុន​ប៉ុង​ទាមទារ​យក​បុរស​ចំណាស់​ពីលើ​ផ្ទះ​មក ដើម្បី​សម្លាប់​នេះ​មិន​បាន​សំរេច​នោះ​ទេ ដោយ​សមត្ថកិច្ច​នគរបាល​ស្រុក​ដឹកនាំ​ដោយ​លោក ចែ​ម ភឺន​រី​ម​វុ​ទ្ធី បាន​ចុះ​ទៅ​អន្តរាគមន៍​ទាន់​ពេលវេលា និង​បាន​នាំ​បុរស​រូប​នេះ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ធានា​សុវត្ថិភាព​កុំឱ្យ​មាន​អំពើ​ហិង្សា​ណាមួយ​កើតឡើង​។

បើ​តាម​សម្តី​នគរបាល​ស្រុក​មួយ​រូប​បាន​ប្រាប់​ថា វា​ពិបាក​ណាស់ ទម្រាំ​ជម្លៀស​ជន​រង​គ្រោះ​ចេញពីផ្ទះ​មក​បាន ព្រោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​យល់​ខុស​បាន​ទាមទារ​ចង់​យក​ជន​រង​គ្រោះ​ទៅ​សម្លាប់ ដោយ​ចោទ​ថា ចេះ​អំពើ​អាប​ធ្មប់ ទើប​អ្នក​ក្នុងភូមិ​មាន​ជំងឺ​មើល​មិនជា​បែប​នេះ​។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០១​នេះ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ដឹង​ថា ក្រុម​មនុស្ស​ដែល​ទាមទារ​ចង់​យក​ជន​រង​គ្រោះ​ទៅ​សម្លាប់​នេះ មាន​គ្នា​១៩​នាក់​សុទ្ធ​សឹង​ជា​អ្នក​ពាក់ព័ន្ធ​សកម្ម ក្រៅពី​នោះ​គឺជា​អ្នកគាំទ្រ​។

ស្ត្រី​ចំណាស់​ម្នាក់​ជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​រៀបរាប់​ថា ក្នុងភូមិ​មានគ្រួសារ​មួយ​មាន​មនុស្ស​ឈឺ តែ​គ្រួសារ​នោះ​មិន​បាន​យកចិត្តទុកដាក់​នាំ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ទេ បែរជា​ទៅ​រក​គ្រូ​ហោ​គុនគូរ​មើលទៅ​វិញ​។ តាម​អ្វី​ដែល​គាត់​ដឹង​គឺ​ហោរា​បាន​ប្រាប់​ថា នៅ​ក្នុងភូមិ​មាន​មនុស្ស​ចេះ​អំពើ​អាប​ធ្មប់ ទើប​ឈឺ​មិនជា​បែប​នេះ មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​នាំ​គ្នា​មក​ចោទ​ប្តី​របស់​គាត់​ថា ចេះ​ធ្វើអំពើ​អាប​ធ្មប់​ទៅ​វិញ​។ តាម​ពិត​ប្តី​របស់​គាត់​មិន​ចេះ​អ្វី​នោះ​ទេ ហើយ​ការ​ដែល​គាត់​ចេះ​ទាយ​នេះ គឺ​ដោយសារ​តែ​ទាយ​តាម​សៀវភៅ​ដែល​គេ​ចងក្រង​ឡើង​ប៉ុណ្ណោះ​។ ការ​ដែល​ចោមរោម​ចង់​យកប្តី​គាត់​ទៅ​សម្លាប់​នេះ ម្នាក់​ៗ​លើក​ឡើង​ថា កាលណា​ចេះ​ទាយ គឺ​ចេះ​ធ្វើអំពើ​អាប​ធ្មប់​ហើយ បើ​ទោះជា​ប្តី​គាត់​ហា៑ន​ស្បថ​សូម​ឱ្យ​ព្រះធរណី​ស្រូប​យ៉ាងណា​ក៏​មនុស្ស​ទាំងនោះ​មិន​ព្រម​ឡើយ គឺ​ដឹង​តែ​ទាមទារ​ចង់​សម្លាប់​ប្តី​របស់​គាត់​ទៅ​វិញ​។ រឿង​នេះ​ក្នុង​នាម​គាត់​ជា​ប្រពន្ធ​បាន​ដាក់​ពាក្យបណ្តឹង​សូម​ឱ្យ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ជួយ​រក​យុត្តិធម៌​ឱ្យ​ប្តី​របស់​គាត់ ។ ក្រោយ​ដាក់​ពាក្យបណ្តឹង​រួច​ប្តី​របស់​គាត់​ត្រូវ​កូនប្រុស​ដឹក​យក​ទៅ​នៅ​ជាមួយ​ខាង​ខេត្តតាកែវ ដោយ​មិន​ឱ្យ​រស់នៅ​ក្នុងភូមិ​ខាងលើ​ទៀត​ឡើយ​។

លោក​វរសេនីយ៍ត្រី ទុ​យ ថេ​ន អធិការរង​នគរបាល​ស្រុក​គងពិសី បាន​លើក​ឡើង​ថា នេះ​ពិតជា​សំណាង​ហើយ​ដែល​ដឹង​ដល់​សមត្ថកិច្ច​ទាន់​ពេលវេលា បើ​យឺត​តែ​បន្តិច​ជន​រង​គ្រោះ​អាច​ស្លាប់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ​។ តែបើ​កើតឡើង​មែន​នោះ វា​ពិបាក​ណាស់​ក្នុង​ការ​ស៊ើបអង្កេត​រក​ជន​ដៃដល់ ព្រោះ​មនុស្ស​១​ភូមិ​ជា​អ្នក​ប្រព្រឹត្ត និង​សមគំនិត​គ្នា​។

មជ្ឈដ្ឋាន​ខាងក្រៅ​ដែល​ដឹង​រឿង​បាន​លើក​ឡើង​ថា សម័យនេះ​ហើយ​នៅ​មានការ​ជឿ​ដោយ​ខ្វះ​ការ​ពិចារណា​បែប​នេះ​ទៀត គួរ​ណាស់​តែ​ប្រើ​សតិសម្បជញ្ញៈ​គិត​ឱ្យ​បាន​វែង​ឆ្ងាយ​ថា តើ​នៅ​ពេល​ខ្លួន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​ទៅ​លើ​អ្នក​ដទៃ ហើយ​ខ្លួន​អាចរ​ស់បាន​សុខ​ឬ​យ៉ាងណា? បានជា​នាំ​គ្នា​ធ្វើ​ទ​ង្វើ​បែប​នេះ ឬ​មួយ​គិត​ថា រួម​គ្នា​មួយ​ភូមិ​ហើយ​សមត្ថ​កិច្ច​ស៊ើប​មិនដឹង? រឿង​បែប​នេះ​ធ្លាប់​បាន​កើតឡើង​ម្តង​មក​ហើយ​នៅ​ឃុំ​វាល​កាលពី​អំឡុង​១​ឆ្នាំ​មុន ដោយ​បុរស​ចំណាស់​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​ចាក់​ធ្លាយ​ពោះវៀន​ស្លាប់​ក្រោមផ្ទះ ដោយ​ចោទ​ថា ចេះ​អំពើ​អាប​ធ្មប់​ដូច​ករណី​ខាងលើ​នេះ​ដែរ តែ​រហូត​ដល់​ពេល​នេះ​សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់​ជន​ដៃដល់​ណា​ម្នាក់​ឡើយ ព្រោះតែ​ស៊ើប​ទៅ​ដឹង​ថា មនុស្ស​ជា​ច្រើន​មាន​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នេះ​៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]