អង់គ្លេស៖ James Bond ដែលមានឈ្មោះពិត Daniel Craig ជាតួអង្គសម្តែងដ៏ល្បីម្នាក់នៅក្នុងរឿង 007 បានមកទស្សនាការប្រកួតផ្ទាល់ រវាងក្លិបហង្សក្រហម Liverpool និង Everton កាលពីយប់មិញ នៅក្នុងកីឡដ្ឋាន Anfield ធ្វើអ្នកគាំទ្រជាច្រើនមឺុននាក់មានការភ្ញាក់ផ្អើល។

តួអង្គ James Bond ត្រូវបានគេដឹងថាជាអ្នកគាំទ្ររបស់ក្លិប Liverpool ជាយូរមកហើយ ពោលគឺ នេះមិនមែនជាលើកទីមួយទេ ដែលគេមកទស្សនាការប្រកួតរបស់ Liverpool។ បន្ថែមពីនេះទៀត James Bond ក៏ជាអ្នកគាំទ្រមួយរូបរបស់ Steven Gerrard ផងដែរ ដោយកាលពីប៉ុន្មានឆ្នាំមុនកន្លងទៅ អ្នកទាំង២ក៏ធ្លាប់បានជួបថតរូបផ្ទាល់ជាមួយគ្នាទៀតផង។

នៅពេលដែលដឹងថា James Bond ជាអ្នកគាំទ្ររបស់ Liverpool នោះ អតីតខ្សែការពាររបស់ក្លិប Manchester United កីឡាករ Gary Neville បាននិយាយថា «នេះគឺជាថ្ងៃដ៏អាក្រក់មួយសម្រាប់ខ្ញុំ នៅពេលដែលដឹងថា James Bond ជាអ្នកគាំទ្រ Liverpool»

គួរបញ្ជាក់ផងដែរថា នៅក្នុងការប្រកួតកាលពីយប់មិញនេះ កីឡាករ Sadio Mane, Coutinho និង Origi បានស៊ុតម្នាក់មួយគ្រាប់ជួយឲ្យ Liverpool យកឈ្នះ Everton ក្នុងលទ្ធផល ៣-១ ឡើងទៅឈរលេខ៣ នៅក្នុងតារាងចំណាត់ថ្នាក់នៃបាល់ទាត់លីកកំពូលរបស់អង់គ្លេស English Premier League៕ 

ប្រភព៖ Dailymail

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ Maradona ចេញមុខការពារ Messi រឿងជាប់ពិន័យមិនបានលេង៤ប្រកួត ខណៈម្ចាស់សាមីខ្លួន សារភាពថា...

អាហ្សង់ទីន៖ ខ្សែប្រយុទ្ធឆ្នើម Lionel Messi ក្រោយពីរងការពិន័យពីសហព័ន្ធ FIFA ចំនួន៤ប្រកួត ពាក់ព័ន្ធនឹងបញ្ហាប្រើពាក្យសម្តីមិនសមរម្យដាក់អាជ្ញាកណ្តាល នៅពេលបញ្ចប់ការប្រកូតហើយនោះ ពេលនេះគេបានចេញលិខិតបញ្ជាក់ពីការពិតហើយ។

ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំ លេងឲ្យក្លិប Barcelona រូបនេះ បានផ្ញើលិខិតទៅសហព័ន្ធ FIFA ដោយអះអាងថា «ខ្ញុំទទួលស្គាល់ថា ពិតជាបាននិយាយពិភាក្សាគ្នាជាមួយអាជ្ញាកណ្តាលពិតមែន ក្រោយចប់ការប្រកួត ហើយអាជ្ញាកណ្តាលក៏បានយល់ច្បាស់ពីអ្វីដែលខ្ញុំបាននិយាយដែរ។ ដោយឡែក ចំពោះពាក្យពេជន៍ដែលមិនសមរម្យវិញ គឺខ្ញុំគ្រាន់តែនិយាយចោលតែប៉ុណ្ណោះ បើសិនជាពាក្យទាំងនោះមានការប៉ះពាល់ដល់អាជ្ញាកណ្តាលនោះ ខ្ញុំពិតជាសុំទោស» ។

គួរឲ្យដឹងថា Messi បានផ្ញើលិខិតនេះ ដើម្បីឲ្យសហព័ន្ធ FIFA ធ្វើការដោះស្រាយនូវបញ្ហានេះឡើងវិញ ព្រោះការពិន័យ៤ប្រកួតនេះ អាចនឹងប៉ះពាល់ទៅដល់ក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងការប្រជែងគ្នាជាមួយក្រុមដ៏ទៃទៀត ដើម្បីឡើងទៅប្រកួតព្រឹត្តការណ៍ World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ីឆ្នាំក្រោយនេះ។

បន្ថែមពីនេះទៀត ក្រោយពីមានបញ្ហានេះកើតឡើង អតីតកីឡាករឆ្នើម និងគ្រូបង្វឹកជម្រើសជាតិអាហ្សង់ទីន លោក Diego Maradona ក៏បានចេញមុខអះអាងការពារ Messi ផងដែរថា «ខ្ញុំនឹងទៅនិយាយជាមួយខាងសហព័ន្ធពីរឿងនេះ វាពិតជាមិនសមសោះ» ។

Maradona បានបន្តទៀតថា «៤ប្រកួតពិតជាច្រើនណាស់។ ហើយបើសិនជា Messi ពិតជាប្រើសម្តីខុសមែននោះ គួរណាតែកែប្រែការពិន័យឡើងវិញ។ មួយវិញទៀតនោះ Messi គឺជាកីឡាករកំពូលនិងលេចធ្លោម្នាក់ ដែលមិនសូវសំបូរបញ្ហាជុំវិញខ្លួន…គេប្រៀបបានដូចជាខ្លាឃ្មុំដ៏ស្លូតមួយចឹងចំពោះមិត្តរួមក្រុមរបស់គេ និងមនុស្សគ្រប់គ្នា» ។

បើទោះជាយ៉ាងណាក៏ដោយ សហព័ន្ធ FIFA ក៏បានសម្រេចចិត្តរួចរាល់ហើយផងដែរក្នុងការដាក់ពិន័យកីឡាករ Lionel Messi ប៉ុន្តែពុំទាន់មានការឆ្លើយតបដើម្បីលុប ឬកែប្រែការពិន័យមកវិញនៅឡើយទេ ចំនែក Messi វិញ នឹងមិនបានលេងចំនួន៤ប្រកួតនៅសល់ចុងក្រោយឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងវគ្គជម្រុះ World Cup ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]