ជប៉ុន៖ ក្រោយបញ្ចប់ភារកិច្ចពីក្រុមជម្រើសជាតិ កាលពីសប្តាហ៍មុននេះ ចាន់ វឌ្ឍនាកា បានហោះមកកាន់ក្លិប Fujieda MYFC ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ដោយសុវត្ថិភាពហើយ។

ក្នុងនោះខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះ ក៏បានចួលរួមហ្វឹកហាត់ជាមួយក្រុម ដើម្បីត្រៀមការប្រកួតនៅក្នុងលីក នាថ្ងៃអាទិត្យនេះផងដែរ។

យ៉ាងណាមិញ នៅក្នុងអំឡុងពេលហ្វឹកហាត់ ចាន់ វឌ្ឍនាកា បានឆ្លៀតឱកាសបង្កើតបរិយាកាសសប្បាយមួយ ដោយបានបង្រៀនមិត្តរួមក្រុមរបស់ខ្លួនឲ្យនិយាយភាសាខ្មែរ ធ្វើអ្នកគាំទ្រទស្សនាហើយ ផ្ទុះសំណើចជាខ្លាំង។

បើយោងតាមវីដេអូដែលបង្ហោះដោយទំព័រ Fujieda MYFC Khmer នៅលើបណ្តាញសង្គមហ្វេសប៊ុក យើងឃើញថា កីឡាករ ចាន់ វឌ្ឍនាកា បានបង្រៀនមិត្តរួមក្រុមរបស់ខ្លួន គឺ កីឡាករ Ryuto Otake និយាយភាសាខ្មែរ ដោយក្នុងនោះ វឌ្ឍនាកា ក៏បានលាយឡំជាមួយភាពកម្សាន្ត លេងសើចខ្លះៗផងដែរ ធ្វើឲ្យវីដេអូនេះទទួលបានការចាប់អារម្មណ៍ពីអ្នកទស្សនា និងអ្នកគាំទ្រនៅកម្ពុជាជាច្រើននាក់៕

ដូច្នេះចង់ដឹងថា ចាន់ វឌ្ឍនាកា បង្រៀនមិត្តរួមក្រុមឲ្យរៀននិយាយភាសាខ្មែរ យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោម៖ 

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ទស្សនាទិដ្ឋភាពចុងក្រោយ នៃពហុកីឡដ្ឋានមរតកតេជោ មុនសម្ពោធផ្លូវការថ្ងៃទី៤ ខែមេសា

(ភ្នំពេញ)៖ ទស្សនីយ៍ភាពដ៏ស្រស់ស្អាត ត្រូវបានផុសចេញជារូបរាងហើយពីពហុកីឡដ្ឋានមរតកតេជោ ដែលត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០១៧ ដ៏ខ្លីខាងមុខ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមជាមួយនឹងការជួបជុំមន្រ្តីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជាច្រើនទៀតផង ដែរ។

ទន្ទឹមគ្នានោះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ផងនោះ ក៏បានដឹកនាំមន្រ្តីកីឡាចុះទៅពិនិត្យផ្ទាល់នៅពហុកីឡដ្ឋានមរតកតេជោនាព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០១៧ និងពិភាក្សាការងារចុងក្រោយផងដែរ មុនថ្ងៃសម្ពោធផ្លូវការនៅថ្ងៃទី៤ ខែមេសាខាងមុខ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្លាប់ថ្លែងប្រាប់ Fresh News ឲ្យដឹងថា «ដំណាក់កាលទី១ នៃពហុកីឡដ្ឋានដ៏ធំលើផ្ទៃដីប្រមាណ ៨៣ហិចតា ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌឫស្សីកែវនេះ នឹងបញ្ចប់ការសាងសង់នាចុងខែមីនានេះ»។

សមិទ្ធផលគ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់មុនគេ រួមមានមជ្ឈមណ្ឌលអាងហែលទឹក, មជ្ឈមណ្ឌលកីឡាក្នុងសាល, ទីលានបាល់បោះ, ទីលានបាល់ទះ និងអគារស្នាក់នៅរបស់អត្តពលិក។ ហើយជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏មានកម្មវិធីសំខាន់ចំនួន ២ចំណុចផ្សេងទៀតដែរ ពោលគឺការរៀបចំពិធីបុកគ្រឹះសាងសង់ពហុកីឡដ្ឋានមរតកតេជោ ដំណាក់កាលទី២ ផ្ដោតលើកីឡដ្ឋានបាល់ទាត់ និងមួយទៀត គឺការទទួលទានអាហារជួបជុំជាមួយមហាគ្រួសារកីឡាកម្ពុជា លោក វ៉ាត់ ចំរើន បញ្ជាក់បន្ថែម។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]