ខេត្តកំពតៈ លោកវីរសេនីយ៍ឯក សៀង លី អតីតស្នងការរងខេត្តកំពត បានចូលនិវត្តន៍ ជិត ៣ឆ្នាំ ហើយ។ លោក សៀង លីរូបនេះបានផ្ទុះអាវុធ ម៉ាករ៉ូឡូ ចំនួន ៤គ្រាប់ក្នុងភោជនីយដ្ឋានតាឪ នៅវេលា ម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១២នេះ នៅចំណុចក្នុងរបងហាង តាឪ ជិតគល់ស្ពាន ថ្មថ្មីពីខាងកើត ជាប់មាត់ ព្រែកកំពង់បាយកំពត ស្ថិតក្នុងភូមិ កំពង់បាយ ខាងជើង សង្កាត់កំពង់បាយ ខេត្តកំពត។

យោងតាមប្រភពពីកម្លាំង កងរាជអាវុធហត្ថ (អ.ហ) ដែលចុះពិនិត្យកន្លែងកើតហេតុ បានឲ្យដើមអម្ពិលដឹងថា លោក សៀង លី បានផ្ទុះអាវុធ ម៉ាករ៉ូឡូចំនួន ៤គ្រាប់។ ការផ្ទុះអាវុធរបស់គាត់ គឺតាមប្រមាញ់សត្វឆ្កែ ១ក្បាល ដែលលោក សៀង លី មានការ ក្តៅក្រហាយទៅនឹងឆ្កែនោះ ខណៈខាំចៅរបស់លោកនៅពីខាងមុខផ្ទះគាត់ ដែលស្ថិតនៅខាងត្បូងហាង កន្លែងកើតហេតុចម្ងាយ ជាង៣០ម៉ែត្រ។ ក្រោយពីខាំហើយ សត្វឆ្កែនោះបានរត់ចូលបរិវេណហាង ស្រាប់តែលោក សៀង លី តាមប្រមាញ់ឆ្កែដល់ក្នុងហាង ហើយក៏ធ្វើការបាញ់ទៅលើឆ្កែនោះផ្ទួនៗ ចំនួន ៤គ្រាប់ ធ្វើឲ្យសត្វឆ្កែងាប់តែម្តង ភ្លាមនោះដែរ ក៏មានការភ្ញាក់ផ្អើលពីសំណាក់ ប្រជាពលរដ្ឋ ដែលរស់នៅជិតហាង និងអ្នកបំរើការនៅក្នុងហាងតាឪ ព្រមទាំងភ្ញៀវទេសចរនានា ដែលដើរកម្សាន្ត នៅជិតកន្លែងកើតហេតុខាងលើ។

បើតាមប្រភពពីនគរបាលជំនាញ បានឲ្យដឹងថា ករណីខាងលើ មិនត្រូវបានកសាងសំណុំរឿងទេ ពីព្រោះក្រោយហេតុការណ៍ ត្រូវបានសំណាក់ ជួរអភិបាលខេត្តកំពត អន្តរាគមន៍ទៅលើករណីនេះហើយ៕

ដោយៈ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]