អាហ្សង់ទីន៖ ខ្សែប្រយុទ្ធឆ្នើម Lionel Messi ក្រោយពីរងការពិន័យពីសហព័ន្ធ FIFA ចំនួន៤ប្រកួត ពាក់ព័ន្ធនឹងបញ្ហាប្រើពាក្យសម្តីមិនសមរម្យដាក់អាជ្ញាកណ្តាល នៅពេលបញ្ចប់ការប្រកូតហើយនោះ ពេលនេះគេបានចេញលិខិតបញ្ជាក់ពីការពិតហើយ។

ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំ លេងឲ្យក្លិប Barcelona រូបនេះ បានផ្ញើលិខិតទៅសហព័ន្ធ FIFA ដោយអះអាងថា «ខ្ញុំទទួលស្គាល់ថា ពិតជាបាននិយាយពិភាក្សាគ្នាជាមួយអាជ្ញាកណ្តាលពិតមែន ក្រោយចប់ការប្រកួត ហើយអាជ្ញាកណ្តាលក៏បានយល់ច្បាស់ពីអ្វីដែលខ្ញុំបាននិយាយដែរ។ ដោយឡែក ចំពោះពាក្យពេជន៍ដែលមិនសមរម្យវិញ គឺខ្ញុំគ្រាន់តែនិយាយចោលតែប៉ុណ្ណោះ បើសិនជាពាក្យទាំងនោះមានការប៉ះពាល់ដល់អាជ្ញាកណ្តាលនោះ ខ្ញុំពិតជាសុំទោស»

គួរឲ្យដឹងថា Messi បានផ្ញើលិខិតនេះ ដើម្បីឲ្យសហព័ន្ធ FIFA ធ្វើការដោះស្រាយនូវបញ្ហានេះឡើងវិញ ព្រោះការពិន័យ៤ប្រកួតនេះ អាចនឹងប៉ះពាល់ទៅដល់ក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងការប្រជែងគ្នាជាមួយក្រុមដ៏ទៃទៀត ដើម្បីឡើងទៅប្រកួតព្រឹត្តការណ៍ World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ីឆ្នាំក្រោយនេះ។

បន្ថែមពីនេះទៀត ក្រោយពីមានបញ្ហានេះកើតឡើង អតីតកីឡាករឆ្នើម និងគ្រូបង្វឹកជម្រើសជាតិអាហ្សង់ទីន លោក Diego Maradona ក៏បានចេញមុខអះអាងការពារ Messi ផងដែរថា «ខ្ញុំនឹងទៅនិយាយជាមួយខាងសហព័ន្ធពីរឿងនេះ វាពិតជាមិនសមសោះ»

Maradona បានបន្តទៀតថា «៤ប្រកួតពិតជាច្រើនណាស់។ ហើយបើសិនជា Messi ពិតជាប្រើសម្តីខុសមែននោះ គួរណាតែកែប្រែការពិន័យឡើងវិញ។ មួយវិញទៀតនោះ Messi គឺជាកីឡាករកំពូលនិងលេចធ្លោម្នាក់ ដែលមិនសូវសំបូរបញ្ហាជុំវិញខ្លួន…គេប្រៀបបានដូចជាខ្លាឃ្មុំដ៏ស្លូតមួយចឹងចំពោះមិត្តរួមក្រុមរបស់គេ និងមនុស្សគ្រប់គ្នា»

បើទោះជាយ៉ាងណាក៏ដោយ សហព័ន្ធ FIFA ក៏បានសម្រេចចិត្តរួចរាល់ហើយផងដែរក្នុងការដាក់ពិន័យកីឡាករ Lionel Messi ប៉ុន្តែពុំទាន់មានការឆ្លើយតបដើម្បីលុប ឬកែប្រែការពិន័យមកវិញនៅឡើយទេ ចំនែក Messi វិញ នឹងមិនបានលេងចំនួន៤ប្រកួតនៅសល់ចុងក្រោយឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងវគ្គជម្រុះ World Cup ៕

ប្រភព៖ Dailymail

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ រូបសំណាករបស់ Ronaldo ត្រូវអ្នកលេងអិុនធើណេត យកមកកាត់ត.លេងសើច យ៉ាងចាស់ដៃតែម្តង!

ព័រទុយហ្គាល់៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Real Madrid កីឡាករ Cristiano Ronaldo ត្រូវបានផ្តល់មហាកិត្តិយស ដោយព្រលានយន្តហោះមួយនៅទីក្រុង Madeira ប្រទេសព័រទុយហ្គាល់ បានប្តូរឈ្មោះទៅជា «Aeroporto Cristiano Ronaldo» ដែលតំណាងឲ្យទឹកដីកំណើតរបស់ខ្លួន។

ក្នុងនោះខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះ ក៏បានធ្វើដំណើរមកទីក្រុងកំណើតរបស់ខ្លួន ដើម្បីចូលរួមសម្ពោធផ្ទាល់ផងដែរ កាលពីថ្ងៃពុធម្សិលមិញ មិនតែប៉ុណ្ណោះ Ronaldo ក៏ត្រូវបានគេផ្តល់កិត្តិយស សង់ជារូបសំណាកមួយត្រឹមកំណាត់ក្បាល ដែលតំណាងឲ្យកីឡាកររូបនេះ តាំងនៅក្នុងព្រលានយន្តហោះទៀតផង ។

តែយ៉ាងណាមិញ រូបសំណាកត្រឹមកំណាត់ក្បាលខាងលើរបស់ Ronaldo មួយនេះ បែរជាត្រូវបានអ្នកលេងបណ្តាញសង្គមយកមកកាត់ត លេងសើច ចំអកឌឺដងទៅវិញ ដោយសារពួកគេយល់ថា រូបសំណាកមួយផ្ទាំងនេះ គ្មានចំនុចត្រង់ណាមួយដូចកីឡាករ Cristiano Ronaldo នោះទេ។ 

អ្នកនិយមលេងបណ្តាញសង្គម Twitter បាននាំគ្នានិយាយលេងសើច ឌឺដងជាមួយនឹងទឹកមុខរបស់រូបសំណាកនេះ ដោយធ្វើការប្រៀបធៀបជាមួយ Ronaldo។

លើសពីនេះទៀត ពួកគេបានប្រើប្រាស់កម្មវិធីកាត់តរូបភាព យករូបសំណាកនេះ ទៅប្រៀបធៀបជាមួយកីឡាករផ្សេងៗទៀតផងដែរ ឯខ្លះទៀតក៏បានយករូបសំណាកនេះ ទៅកាត់តដាក់លើខ្លួន Ronaldo ថែមទៀតផង។

គួររំឮកផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលរូបសំណាករបស់ Ronaldo ត្រូវបានគេយកមកលេងសើចបែបនេះ ពោលគឺកាលពីឆ្នាំ២០១៤ កន្លងទៅ រឿងបែបនេះក៏ធ្លាប់បានជួបម្តងដែរ ដោយកាលនោះ រូបសំណាកមួយជំហរខ្លួនរបស់ Ronaldo ត្រូវបានគេយកនិយាយលេងសើច ឌឺដង ដោយសារមានចំនុចខ្លះមិនដូចនឹងកីឡាកររូបនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]