ស្ទឹងត្រែង៖ ក្រោមស្មារតីពង្រឹងភាពធន់នឹងគ្រោះមហន្តរាយ តាមសាលារៀនជនបទក្នុងប្រទេសកម្ពុជា គម្រោង “សាលារៀនសុវត្ថិភាព” ត្រូវបានសម្ពោធឡើង កាលពីឆ្នាំមុនក្នុងខេត្តស្ទឹងត្រែងដោយ មូលនិធិព្រូដិនស៍ ដែលជាមូលនិធិមនុស្សធម៌នៃក្រុមហ៊ុន Prudential Corporation Asia ទីស្នាក់ការថ្នាក់កណ្តាលប្រចាំតំបន់ នៃក្រុមហ៊ុន ព្រូដិនសលកម្ពុជា ។

ដោយបានផ្តួចផ្តើមឡើងក្នុងឆ្នាំ២០១៣ គម្រោង “សាលារៀនសុវត្ថិភាព” គឺជាកម្មវិធីកសាងសមត្ថភាពកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយថ្នាក់តំបន់មួយរបស់ មូលនិធិព្រូដិនស៍ ដែលបាននឹងកំពុងអនុវត្តនៅទូទាំងតំបន់អាស៊ាន ក្រោមភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាលល្បីឈ្មោះជាច្រើន សំដៅជួយលើកកម្ពស់ភាពធន់ទៅនឹងគ្រោះមហន្តរាយធម្មជាតិ សម្រាប់សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ ក្នុងសហគមន៍ងាយរងគ្រោះ ។ កម្មវិធីនេះមានសសរស្តម្ភស្នូលបី គឺទីតាំងសិក្សាមានសុវត្ថិភាព ការគ្រប់គ្រងគ្រោះមហន្តរាយក្នុងសាលា និងការអប់រំភាពធន់ និងកាត់បន្ថយហានិភ័យ ។

ដើម្បីផ្តល់ការគាំទ្របន្ថែមទៀត ដល់សាលាក្នុងមូលដ្ឋាន និងអ្នកអនុវត្តកម្មវិធី ក្រុមការងារស្ម័គ្រចិត្តមួយក្រុមធំ ដែលរួមមាន បុគ្គលិក និងទីប្រឹក្សាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បុគ្គលិកធនាគារ អេស៊ីលីដា ក្នុងខេត្តស្ទឹងត្រែង ក៏ដូចជាតំណាងពីអង្គការ ភ្លែនអន្ដរជាតិ ដែលអនុវត្ដគម្រោងនេះ បានធ្វើទស្សនកិច្ចទៅដល់មូលដ្ឋានសាលាបឋមសិក្សាពងទឹក ស្ថិតក្នុងភូមិពងទឹក ឃុំអូរ៉ៃ ស្រុកថាឡាបរិវាត់ កាលពីពេលថ្មីៗកន្លងទៅ ។ ក្រុមការងារ រួមជាមួយនិងសមាជិកសហគមន៍ក្នុងមូលដ្ឋាន បានអនុវត្តសកម្មភាព ដូចជា សាងសង់របងថ្មី បំពាក់ផ្លាកសញ្ញាថ្មី ជួសជុលគ្រលុកនៅជុំវិញបរិវេណសាលា និងជួសជុលកំណាត់ផ្លូវទៅសាលាបឋមសិក្សាពងទឹក ដែលរងការខូចខាត ។

លោក ទូច ថាវរិទ្ធ ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីនេះ បានមានប្រសាសន៍ថា “ទាំងបុគ្គលិកក្រុមហ៊ុន ក៏ដូចជាប្រជាពលរដ្ឋ ឪពុក-ម្តាយ លោកគ្រូ-អ្នកគ្រូ និងអង្គការជាដៃគូរបស់យើងបានជុំគ្នា ដើម្បីសហការគ្នាធ្វើឲ្យសាលារៀនពងទឹកនេះ មានសុវត្ថិភាពជាងមុន ។ នេះគឺជាផ្នែកមួយនៃការអនុវត្តគម្រោង “សាលារៀនមានសុវត្ថិភាព” ដែលគាំទ្រដោយមូលនិធិ ព្រូដិនស៍ និងអនុវត្តដោយអង្គការ ភ្លែនអន្តរជាតិ ជាមួយនឹងអង្គការមូលនិធិសិទ្ធិកុមារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ គម្រោងនេះយើងសង្ឃឹមថា នឹងជួយឲ្យឲ្យកុមារកម្ពុជា ក៏ដូចជាសាលារៀននៅក្នុងប្រទេសកម្ពុជា កាន់តែមានសុវត្ថិភាពបន្ថែមទៀតចំពោះកុមារយើង ហើយកុមារនឹងមានបរិយាកាសនៃការសិក្សាកាន់តែល្អប្រសើរ ដែលធ្វើឲ្យឲ្យគាត់មានចិត្តចង់រៀន ហើយការសិក្សារបស់គាត់កាន់តែមានការរីកចំរើនទៅមុខថែមទៀត ។”

យោងតាមអង្គការភ្លែនអន្តរជាតិ គម្រោងនេះ ដែលកំពុងត្រូវបានអនុវត្តនៅសាលាដែលមានហានិភ័យខ្ពស់ចំនួន១៥ ក្នុងខេត្តស្ទឹងត្រែង បានទទួលភាពជោគជ័យគួរកត់សម្គាល់ ។ តាមរយៈគម្រោងនេះ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយសាលា កំពុងត្រូវបានបង្កើតឡើងនៅតាមសាលាទាំង១៥ ការវាយតម្លៃគ្រោះថ្នាក់ ភាពងាយរងគ្រោះ និងសមត្ថភាព ត្រូវបានអនុវត្ត ហើយផែនការគ្រប់គ្រងគ្រោះមហន្តរាយមួយ នឹងត្រូវបានតាក់តែងឡើងសម្រាប់សាលានីមួយៗ ដើម្បីជួយកាត់បន្ថយហានិភ័យពីគ្រោះមហន្តរាយធម្មជាតិ និងគ្រោះមហន្តរាយផ្សេងទៀត ក៏ដូចជាលើកកម្ពស់សុវត្ថិភាព សម្រាប់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងសមាជិកក្នុងសហគមន៍ ។

លោក យី គីមថាន តំណាងអង្គការភ្លែនអន្តរជាតិ បាននិយាយថា “នៅក្នុងសាលាដែលយើងជ្រើសរើសនៅក្នុងស្រុក ថាឡាបរិវ៉ាត់នេះ យើងឃើញស្រាប់ហើយ មានការរងគ្រោះច្រើន ។ សាលាជាច្រើនមានអាគារទ្រុឌទ្រោម ហើយនៅពេលភ្លៀងមកសិស្សមិនអាចរៀនសូត្របានល្អ ពេលខ្លះពេលដែលក្តៅខ្លាំង ឬខែប្រាំង សិស្សមិនមានទឹកប្រើប្រាស់ ហើយគាត់ត្រូវដូរទីតាំងក្នុងការសិក្សា គឺសុទ្ធតែជាកត្តាដែលរំខានដល់ការសិក្សាកុមារ ។ អ៊ីចឹង ទាក់ទងទៅនឹងគម្រោង “សាលាសុវត្ថិភាព” នេះ គឺមានសារសំខាន់ណាស់សម្រាប់ជួយដល់អាយុជីវិតកុមារ ក៏ដូចជាជួយឲ្យកុមារទទួលបានការសិក្សាប្រកបដោយគុណភាពផងដែរ ។”

លោក ថង ដេង នាយកសាលាបឋមសិក្សាពងទឹក បាននិយាយថា “ថ្ងៃនេះ ខ្ញុំមានចិត្តត្រេកអរសប្បាយរីករាយឥតឧបមាគ្មានអ្វីប្រៀបបាន ដែលបានឃើញអង្គការមកចូលរួមក្នុងសកម្មភាពរបស់ខ្ញុំ ដើម្បីធ្វើឲ្យសាលាមានសុវត្ថិភាព ។ នេះគ្រាន់តែផ្សព្វផ្សាយជាលើកទីមួយទេ ទៅមុខទៀត ដល់ពេលដែលគាត់យល់ច្បាស់ គឺប្រជាពលរដ្ឋយល់ច្បាស់ពី “សាលាមានសុវត្ថិភាព” នោះនឹងមានការរីកចម្រើន និងការអភិវឌ្ឍនៅក្នុងភូមិ-ឃុំ និក្នុងសាលារៀន ។”

គេរំពឹងទុកថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ គម្រោងនេះនឹងសម្រេចបានសមិទ្ធផលកាន់តែច្រើនបន្ថែមទៀត ដែលនឹងជួយបង្កើតបរិយាកាសរៀនសូត្រ ដែលមានសុវត្ថិភាព សម្រាប់កុមារ និងយុវវ័យកម្ពុជា ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]