រាជធានីភ្នំពេញ៖ បុរសម្នាក់ដេកសន្លប់ស្ដូកស្ដឹង និងមានឈាមស្រោចពេញខ្លួន នៅមុខប៉ុស្ដិ៍នគរបាលរដ្ឋបាលចតុមុខ ហើយបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺថ្ងៃទី១ តុលា និងត្រូវបាននគរបាលហៅ រថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យ កាល់ម៉ែតដើម្បីសង្គ្រោះជីវិត ។

ប្រជាពលរដ្ឋដែលនាំគ្នាឈរចោមរោមមើលប្រាប់ថា បុរសដែលមានឈាមស្រោច ពេញខ្លួនហើយដេកសន្លប់នេះឈ្មោះចាប កាលពីមុនជាពលរដ្ឋរស់នៅតំបន់សំបុកចាប សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ នៅវេលាម៉ោងជាង២រំលងអធ្រាត្រចូលថ្ងៃទី១ តុលា គេឃើញបុរសរូបនេះ និងបុរសបីបួននាក់ផ្សេង ទៀតអង្គុយផឹកស៊ីជាប់របងសួន កម្សាន្តឌ្រីមលែន ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

លុះដល់ម៉ោងប្រហែលជាង៤ទៀបភ្លឺ បុរសឈ្មោះចាបដែលស្រវឹង ធ្លាក់ភ្នែកបានស្រែកជេរ និងដៀមដាមទៅបុរសឈ្មោះ ឌឹម ដោយប្រើពាក្យមិនសមរម្យ បន្តិចក្រោយមកក៏ឃើញឈ្មោះឌឹមទាញដំបងឈើជើងប្រវែងប្រហែលជាង១ ម៉ែត្រវាយក្បាលឈ្មោះចាប ញាប់ស្មេរបណ្ដាលឱ្យបែកហូរឈាមស្រោចពេញខ្លួន។ ពេលនោះឈ្មោះចាបក៏ស្ទុះទៅយកកាំបិតចិតបន្លែចាក់ឈ្មោះឌឹម ជាច្រើនកាំបិត ។ ទំនងជាខ្លាចគេសងសឹកឈ្មោះចាបបានឱបក្បាលហើយរត់មកកាន់ ប៉ុស្ដិ៍នគរបាលរដ្ឋបាលចតុមុខទាំងឈាមស្រោចពេញខ្លួន ហើយក៏សន្លប់ស្ដូកស្ដឹងនៅមុខប៉ុស្ដិ៍ ។ ក្នុងពេលកើតហេតុនោះនគរបាលមិនបានដឹងទេព្រោះនៅដេកខាង ក្នុង លុះពេលបើកទ្វារចេញឃើញជនរងគ្រោះក៏ទូរស័ព្ទហៅរថយន្តសាមុយ ដឹកទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះជីវិត ។

សាក្សីបញ្ជាក់ថា ដោយឡែកឈ្មោះឌឹមក៏រងរបួសធ្ងន់ធ្ងរដែរ ហើយត្រូវសាច់ញាតិដឹកតាមម៉ូតូយកទៅមន្ទីរពេទ្យតែមិនដឹងទៅមន្ទី រពេទ្យណាទេ ។ មន្រ្តីនគរបាលប៉ុស្ដិ៍រដ្ឋបាលចតុមុខមួយរូបនិយាយថា មូលហេតុឈានដល់ការកាប់ចាក់គ្នារវាងបុរសទាំងពីរនាក់ខាងលើមិន ដឹងផ្ដើមមកពីបញ្ហាអ្វីឡើយ ហើយពួកគេគឺជាមុខសញ្ញាឆក់ លួច មិនរើសមុខនៅម្ដុំសួនកម្សាន្តឌ្រីមលែន  ។ ទោះជាយ៉ាងណា នៅពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមូលហេតុដែល ឈានដល់ការកាប់ចាក់គ្នានេះ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]