(ភ្នំពេញ)៖ លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងប្រាប់សារព័ត៌មាន Khmertalking នៅមុននេះបន្តិចថា «ខាងភាគីហ្វីលីពីនបានរៀបចំរួចហើយ ដើម្បីឲ្យកីឡាករស្តេចប្រដាល់ Manny Pacquiao បានធ្វើ ដំណើរទស្សនកិច្ចកម្ពុជាជាលើកទី២ នាពេលឆាប់ៗខាងមុខនេះ»។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ខាងលើបានបញ្ជាក់ថា រូបលោកបានធ្វើដំណើរទៅប្រទេសហ្វីលីពីននាពេលកន្លងមក ហើយក៏បានធ្វើការជួបសំណេះសំណាលជាមួយភាគីកីឡានៃប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយពួកគេ (ភាគីហ្វីលីពីន) ក៏បានប្រាប់លោកថា ពួកគេបានរៀបចំរួចហើយក្នុងដឹកនាំស្តេចប្រដាល់ Manny Pacquiao មកកម្ពុជា ជាលើកទី២ទៀត នាពេលដ៏ខ្លីខាងមុខនេះ។

សូមរំលឹកផងដែរថា ស្តេចប្រដាល់ប្រដាល់ដែលកំពុងគ្រប់គ្រងខ្សែក្រវាត់ WBO ទម្ងន់មធ្យមពិភពលោក ធ្លាប់បានមក ទស្សនាជាលក្ខណៈផ្លូវរដ្ឋម្តងរួចមកហើយមានរយៈពេល២ថ្ងៃកាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៦កន្លងទៅ ក្នុងនាម ជាអ្នកអមដំណើរប្រធានាធិបតីនៃប្រទេសហ្វីលីពីន ឌូរីដ្រូ ឌូធឺតេ។

ក្នុងដំណើរទស្សនកិច្ច២ថ្ងៃនោះដែរ កីឡាករដែលមានវ័យ៣៨ឆ្នាំ Pacquiao ក៏បានជួបសំណេះសំណាលជាមួយលោក ថោង ខុន ប្រធាន NOCC និងកីឡាករប្រដាល់កម្ពុជាជាច្រើនរូបផងដែរ៕

ប្រភព៖ Khmertalking

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ក្រោយបញ្ចប់ភារកិច្ចឲ្យក្រុមជម្រើសជាតិ ចាន់ វឌ្ឍនាកា មិនបានវិលត្រលប់មកកម្ពុជាវិញទេ ដោយសារ...

ភ្នំពេញ៖ ក្រោយពីបានបញ្ចប់ភារកិច្ចពីក្រុមជម្រើសជាតិ ក្នុងការប្រកួតដំបូង នៃវគ្គជម្រុះ AFC Asian Cup ពេលនេះក្រុមគោព្រៃកម្ពុជា បានធ្វើដំណើរមកកាន់មាតុភូមិវិញហើយ ស្របពេលដែលកីឡាករយើង១រូបក្នុងចំនោមនោះ មិនបានធ្វើដំណើរមកជាមួយទេ គឺ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ។ 

កីឡាករ ចាន់ វឌ្ឍនាកា មិនបានវិលត្រលប់មកប្រទេសកម្ពុជាវិញនោះទេ ដោយសារគេត្រូវធ្វើដំណើរវិលទៅប្រទេសជប៉ុនភ្លាមៗ សម្រាប់ត្រៀមការប្រកួតបន្ទាប់ឲ្យក្លិប Fujieda MYFC ។

ក្នុងនោះដែរ ខ្សែប្រយុទ្ធវ័យក្មេង ចាន់ វឌ្ឍនាកា ក៏បានបញ្ជាក់ប្រាប់នៅក្នុងបណ្តាញសង្គមរបស់ខ្លួនផងដែរថា «បញ្ចប់ភារៈកិច្ចក្រុមជម្រើសជាតិ ឥលូវត្រូវហោះទៅប្រកបអាជីពវិញម្ដង អរគុណសំរាប់ការគាំទ្រ និងលើកទឹកចិត្តពួកយើង សង្ឃឹមថានឹងនៅតែគាំទ្រពួកយើង ទោះលទ្ធផលបែបណាក៏ដោយ ពួកយើមានតែការខំប្រឹងតទៅទៀត កុំបោះបង់... នឹងសង្ឃឹមថាអ្នកគាំទ្រទាំងអស់គ្នា មិនទៅណាចោលពួកយើង» ។

គួររំលឹកផងដែរថា វឌ្ឍនាកា ត្រូវបានគ្រូបង្វឹកលោក Leonardo ធ្វើការកោះហៅឲ្យចូលមកជួយក្រុមជម្រើសជាតិ កាលពីជាង ២សប្តាហ៍មុន ដើម្បីប្រកួតមិត្តភាពជាមួយឥណ្ឌា និងហ្ស៊កដានីក្នុងវគ្គជម្រុះនៃពានរង្វាន់ AFC Asian Cup ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លទ្ធផលពុំទទួលសមតាមបំណងនោះទេ ដោយ កម្ពុជា បានចាញ់ឥណ្ឌា ៣-២ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ និងបានបន្តទៅចាញ់ ហ្ស៊កដានី ក្នុងលទ្ធផល ៧-០ ក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]