ភ្នំពេញ៖ ក្រោយពីបានបញ្ចប់ភារកិច្ចពីក្រុមជម្រើសជាតិ ក្នុងការប្រកួតដំបូង នៃវគ្គជម្រុះ AFC Asian Cup ពេលនេះក្រុមគោព្រៃកម្ពុជា បានធ្វើដំណើរមកកាន់មាតុភូមិវិញហើយ ស្របពេលដែលកីឡាករយើង១រូបក្នុងចំនោមនោះ មិនបានធ្វើដំណើរមកជាមួយទេ គឺ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ។

កីឡាករ  ចាន់ វឌ្ឍនាកា មិនបានវិលត្រលប់មកប្រទេសកម្ពុជាវិញនោះទេ ដោយសារគេត្រូវធ្វើដំណើរវិលទៅប្រទេសជប៉ុនភ្លាមៗ សម្រាប់ត្រៀមការប្រកួតបន្ទាប់ឲ្យក្លិប Fujieda MYFC ។

ក្នុងនោះដែរ ខ្សែប្រយុទ្ធវ័យក្មេង ចាន់ វឌ្ឍនាកា ក៏បានបញ្ជាក់ប្រាប់នៅក្នុងបណ្តាញសង្គមរបស់ខ្លួនផងដែរថា «បញ្ចប់ភារៈកិច្ចក្រុមជម្រើសជាតិ ឥលូវត្រូវហោះទៅប្រកបអាជីពវិញម្ដង  អរគុណសំរាប់ការគាំទ្រ និងលើកទឹកចិត្តពួកយើង សង្ឃឹមថានឹងនៅតែគាំទ្រពួកយើង ទោះលទ្ធផលបែបណាក៏ដោយ  ពួកយើមានតែការខំប្រឹងតទៅទៀត កុំបោះបង់...  នឹងសង្ឃឹមថាអ្នកគាំទ្រទាំងអស់គ្នា មិនទៅណាចោលពួកយើង»

គួររំលឹកផងដែរថា វឌ្ឍនាកា ត្រូវបានគ្រូបង្វឹកលោក Leonardo ធ្វើការកោះហៅឲ្យចូលមកជួយក្រុមជម្រើសជាតិ កាលពីជាង ២សប្តាហ៍មុន ដើម្បីប្រកួតមិត្តភាពជាមួយឥណ្ឌា និងហ្ស៊កដានីក្នុងវគ្គជម្រុះនៃពានរង្វាន់ AFC Asian Cup ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លទ្ធផលពុំទទួលសមតាមបំណងនោះទេ ដោយ កម្ពុជា បានចាញ់ឥណ្ឌា ៣-២ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ និងបានបន្តទៅចាញ់ ហ្ស៊កដានី ក្នុងលទ្ធផល ៧-០ ក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup ៕

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ធ្ងន់កហើយ! Messi ត្រូវសហព័ន្ធ FIFA ពិន័យមិនឲ្យលេង៤ប្រកួត ដោយសារប្រើសម្តីមិនសមរម្យ ដាក់អាជ្ញាកណ្តាល

អាហ្សង់ទីន៖ ម្ចាស់ជើងឯក Ballon d’Or ៥សម័យ Lionel Messi ត្រូវបានសហព័ន្ធ FIFA ដាក់ពិន័យមិនឲ្យលេង៤ប្រកួតក្នុងវគ្គជម្រុះ World Cup ដោយសារការប្រើពាក្យសម្តីមិនសមរម្យទៅកាន់អាជ្ញាកណ្តាលខ្សែបន្ទាត់អំឡុងពេល អាហ្សង់ទីន ប្រកួតជាមួយ ឈីលី កន្លងទៅ។

ការពិន័យរបស់ FIFA ទៅកាន់ខ្សែប្រយុទ្ធ Lionel Messi ត្រូវបានធ្វើឡើងកាលពីម្សិលមិញ និង៦ម៉ោងមុនការប្រកួតជម្រុះ World Cup ដែលធ្វើឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន ទទួលបរាជ័យក្រោមថ្វីជើង បូលីវី ក្នុងលទ្ធផល ២-០ ដោយគ្មានវត្តមាន Messi ។

Messi មិនត្រឹមតែរងការពិន័យមិនឲ្យលេង៤ប្រកួតប៉ុណ្ណោះទេ ខ្សែប្រយុទ្ធឆ្នើមរូបនេះថែមទាំងត្រូវបង់ប្រាក់ពិន័យចំនួនជាង ១មឺុនដុល្លារទៀតផង។

បើតាមការឲ្យដឹងពីប្រភពបានបញ្ជាក់ថា Messi បានប្រើពាក្យសម្តីមិនសមរម្យ ជាលក្ខណៈជេរប្រទេច និងដាក់ទំនាយទៅអាជ្ញាកណ្តាលខ្សែបន្ទាត់សញ្ជាតិប្រេស៊ីល លោក Emerson Augusto do Carvalho បន្ទាប់ពីការប្រកួតរវាង អាហ្សង់ទីនបានបញ្ចប់ទៅ ដោយបានយកឈ្នះឈីលី ១-០ ។ បន្ថែមពីនេះទៀត មន្ត្រីអាជ្ញាកណ្តាលក្នុងទីលានក៏បានព្យាយាមទៅប្រាប់ឲ្យ Messi សម្រួលអារម្មណ៍ផងដែរ ប៉ុន្តែកីឡាកររូបនេះនៅតែបន្តប្រើសម្តីមិនសមរម្យទៅកាន់អាជ្ញាកណ្តាលបន្ទាត់។

យ៉ាងណាមិញ អាជ្ញាកណ្តាលខ្សែបន្ទាត់សញ្ជាតិប្រេស៊ីលរូបនេះ មិនបានមានប្រតិកម្មតបតភ្លាមៗនោះទេ ដោយសារតែមិនដឹងថា ពាក្យ Messi និយាយមកកាន់គាត់ គឺជាការជេរ និងដាក់ទំនាយ។ លុះក្រោយមក នៅពេលធ្វើសន្និសីទសារព័ត៌មានទើបលោកដឹងថា ពាក្យទាំងនោះគឺជាពាក្យមិនសមរម្យ ទើបធ្វើឲ្យ លោក Carvalho ដែលជាអាជ្ញាកណ្តាលខ្សែបន្ទាត់សម្រេចចិត្តផ្ញើលិខិតទៅកាន់សហព័ន្ធ FIFA តែម្តង ដើម្បីប្តឹងកីឡាករ Lionel Messi ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]