(ភ្នំពេញ)៖ ការប្រកួតអុកចត្រង្គអង្គរសង្រ្កាន្ដ ឆ្នាំ២០១៧ បានបញ្ចប់វគ្គជម្រុះដំណាក់កាលទី១ ហើយ បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល ៣ថ្ងៃកន្លងទៅ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនានេះ ដោយរកឃើញកីឡាករជើងខ្លាំងចំនួន ៨នាក់ ត្រូវបន្ដដំណើរទៅដំណាក់កាលទី២ ឬជុំផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចន្លោះថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាខាងមុខ។

សមាសភាពកីឡាករជើងខ្លាំង ៨នាក់ ដែលត្រូវបន្ដដំណើរទៅប្រកួតដណ្ដើមងារស្ដេចអុកអង្គរសង្ក្រាន្ដ ឆ្នាំ២០១៧ រួមមានកីឡាករ ឈាវ បូរ៉ា អតីតស្ដេចអុក ២ជំនាន់កាលពីឆ្នាំ២០១៤-២០១៥, កីឡាករ ឆយ វីរ៉ា អតីតស្ដេចអុកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១០, កីឡាករ រស់ រិទ្ធីយ៉ា, ប៊ិន គាសេង, ម៉ី កែវនិម្មិត, ហេង សៅឌី, កាំង ហេង និងអ្នកលេងជើងខ្លាំងចំណូលថ្មីមកពីខេត្តប៉ៃលិនកីឡាករ លីម ផល្លា។

គួរបញ្ជាក់ថា មុនរកឃើញជើងខ្លាំងប្រចាំដំណាក់កាលទី១ ខាងលើ បានឆ្លងកាត់ការប្រកួតជម្រុះ ៤ជុំនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការចូលរួមពីកីឡាករ-កីឡាការិនីចំនួន ១៦០នាក់ (ស្ដ្រីម្នាក់)។ សម្រាប់ ៣ជុំដំបូង គឺជាការប្រកួតជម្រុះចាញ់ធ្លាក់ រហូតដល់ជុំទី៤ គណៈកម្មការបានសម្រេចប្រើរូបមន្ដបែងចែកពូលប្រកួត ដោយបេក្ខជន ២០នាក់ ត្រូវបែងចែកជា ៤ពូល ដើម្បីធ្វើការប្រកួតសន្សំពិន្ទុ ហើយកីឡាករ ២រូបក្នុងពូលនីមួយៗ ដែលមានពិន្ទុខ្ពស់ជាងគេ ត្រូវឡើងវគ្គបន្ដ។

ជាលទ្ធផលពីការប្រកួតវិលជុំពូល គឺពូល(ក) កីឡាករ ប៊ិន គាសេង ជាប់លេខ១ ក្រោយឈ្នះ៣ និងស្មើ១ មាន ១០ពិន្ទុ និងលេខ២ កីឡាករ រស់ រិទ្ធីយ៉ា ឈ្នះ៣ និងចាញ់១ មាន ៩ពិន្ទុ។ ពូក(គ) កីឡាករ កាំង ហេង ជាប់លេខ១ ជាមួយលទ្ធផលឈ្នះ២ ស្មើ១ និងចាញ់១ មាន ៧ពិន្ទុ និងលេខ២ កីឡាករ ម៉ី កែវនិម្មិត ឈ្នះ១ និងស្មើ៣ មាន ៦ពិន្ទុ។ ពូល(ឃ) លេខ១ កីឡាករ ឆយ វីរ៉ា ឈ្នះ២ និងស្មើ២ មាន ៨ពិន្ទុ និងលេខ២ កីឡាករ ហេង សៅឌី ឈ្នះ២ និងស្មើ២ មាន ៨ពិន្ទុដូចគ្នា។

ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត គឺការប្រកួតវិលជុំក្នុងពូល(ខ) ដែលសុទ្ធតែជាជើងខ្លាំង ពិសេសកីឡាករ ឈាវ បូរ៉ា, លីម ផល្លា និងកីឡាករ សុខ ភារ៉ា។ អ្នកទាំងបីបានបញ្ចប់ការប្រកួតវិលជុំ ដោយទទួលបាន ៧ពិន្ទុស្មើគ្នា។

ដូច្នេះគណៈកម្មការបានសម្រេចផ្ដល់ការប្រកួតកាត់សេចក្ដីវិលជុំរវាងអ្នកទាំងបីជាថ្មី ហើយជាលទ្ធផលកីឡាករ ឈាវ បូរ៉ា បានទទួលជ័យជម្នះ ២ប្រកួតជាប់គ្នាឈរលេខ១ មាន ១៣ពិន្ទុ ខណៈកីឡាករ លីម ផល្លា បានយកឈ្នះ សុខ ភារ៉ា ហេតុនេះ ផល្លា បានឡើងទៅជុំផ្ដាច់ព្រ័ត្រជាមួយ ឈាវ បូរ៉ា តែម្ដង៕

ប្រភព៖ Khmertalking

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ រូបសំណាករបស់ Ronaldo ត្រូវអ្នកលេងអិុនធើណេត យកមកកាត់ត.លេងសើច យ៉ាងចាស់ដៃតែម្តង!

ព័រទុយហ្គាល់៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Real Madrid កីឡាករ Cristiano Ronaldo ត្រូវបានផ្តល់មហាកិត្តិយស ដោយព្រលានយន្តហោះមួយនៅទីក្រុង Madeira ប្រទេសព័រទុយហ្គាល់ បានប្តូរឈ្មោះទៅជា «Aeroporto Cristiano Ronaldo» ដែលតំណាងឲ្យទឹកដីកំណើតរបស់ខ្លួន។

ក្នុងនោះខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះ ក៏បានធ្វើដំណើរមកទីក្រុងកំណើតរបស់ខ្លួន ដើម្បីចូលរួមសម្ពោធផ្ទាល់ផងដែរ កាលពីថ្ងៃពុធម្សិលមិញ មិនតែប៉ុណ្ណោះ Ronaldo ក៏ត្រូវបានគេផ្តល់កិត្តិយស សង់ជារូបសំណាកមួយត្រឹមកំណាត់ក្បាល ដែលតំណាងឲ្យកីឡាកររូបនេះ តាំងនៅក្នុងព្រលានយន្តហោះទៀតផង ។

តែយ៉ាងណាមិញ រូបសំណាកត្រឹមកំណាត់ក្បាលខាងលើរបស់ Ronaldo មួយនេះ បែរជាត្រូវបានអ្នកលេងបណ្តាញសង្គមយកមកកាត់ត លេងសើច ចំអកឌឺដងទៅវិញ ដោយសារពួកគេយល់ថា រូបសំណាកមួយផ្ទាំងនេះ គ្មានចំនុចត្រង់ណាមួយដូចកីឡាករ Cristiano Ronaldo នោះទេ។

អ្នកនិយមលេងបណ្តាញសង្គម Twitter បាននាំគ្នានិយាយលេងសើច ឌឺដងជាមួយនឹងទឹកមុខរបស់រូបសំណាកនេះ ដោយធ្វើការប្រៀបធៀបជាមួយ Ronaldo។

លើសពីនេះទៀត ពួកគេបានប្រើប្រាស់កម្មវិធីកាត់តរូបភាព យករូបសំណាកនេះ ទៅប្រៀបធៀបជាមួយកីឡាករផ្សេងៗទៀតផងដែរ ឯខ្លះទៀតក៏បានយករូបសំណាកនេះ ទៅកាត់តដាក់លើខ្លួន Ronaldo ថែមទៀតផង។

គួររំឮកផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលរូបសំណាករបស់ Ronaldo ត្រូវបានគេយកមកលេងសើចបែបនេះ ពោលគឺកាលពីឆ្នាំ២០១៤ កន្លងទៅ រឿងបែបនេះក៏ធ្លាប់បានជួបម្តងដែរ ដោយកាលនោះ រូបសំណាកមួយជំហរខ្លួនរបស់ Ronaldo ត្រូវបានគេយកនិយាយលេងសើច ឌឺដង ដោយសារមានចំនុចខ្លះមិនដូចនឹងកីឡាកររូបនេះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]