ព័រទុយហ្គាល់៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Real Madrid កីឡាករ Cristiano Ronaldo ត្រូវបានផ្តល់មហាកិត្តិយស ដោយព្រលានយន្តហោះមួយនៅទីក្រុង Madeira ប្រទេសព័រទុយហ្គាល់ បានប្តូរឈ្មោះទៅជា «Aeroporto Cristiano Ronaldo» ដែលតំណាងឲ្យទឹកដីកំណើតរបស់ខ្លួន។

ក្នុងនោះខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះ ក៏បានធ្វើដំណើរមកទីក្រុងកំណើតរបស់ខ្លួន ដើម្បីចូលរួមសម្ពោធផ្ទាល់ផងដែរ កាលពីថ្ងៃពុធម្សិលមិញ មិនតែប៉ុណ្ណោះ Ronaldo ក៏ត្រូវបានគេផ្តល់កិត្តិយស សង់ជារូបសំណាកមួយត្រឹមកំណាត់ក្បាល ដែលតំណាងឲ្យកីឡាកររូបនេះ តាំងនៅក្នុងព្រលានយន្តហោះទៀតផង ។

តែយ៉ាងណាមិញ រូបសំណាកត្រឹមកំណាត់ក្បាលខាងលើរបស់ Ronaldo មួយនេះ បែរជាត្រូវបានអ្នកលេងបណ្តាញសង្គមយកមកកាត់ត លេងសើច ចំអកឌឺដងទៅវិញ ដោយសារពួកគេយល់ថា រូបសំណាកមួយផ្ទាំងនេះ គ្មានចំនុចត្រង់ណាមួយដូចកីឡាករ Cristiano Ronaldo នោះទេ។ 

អ្នកនិយមលេងបណ្តាញសង្គម Twitter បាននាំគ្នានិយាយលេងសើច ឌឺដងជាមួយនឹងទឹកមុខរបស់រូបសំណាកនេះ ដោយធ្វើការប្រៀបធៀបជាមួយ Ronaldo។

លើសពីនេះទៀត ពួកគេបានប្រើប្រាស់កម្មវិធីកាត់តរូបភាព យករូបសំណាកនេះ ទៅប្រៀបធៀបជាមួយកីឡាករផ្សេងៗទៀតផងដែរ ឯខ្លះទៀតក៏បានយករូបសំណាកនេះ ទៅកាត់តដាក់លើខ្លួន Ronaldo ថែមទៀតផង។

គួររំឮកផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលរូបសំណាករបស់ Ronaldo ត្រូវបានគេយកមកលេងសើចបែបនេះ ពោលគឺកាលពីឆ្នាំ២០១៤ កន្លងទៅ រឿងបែបនេះក៏ធ្លាប់បានជួបម្តងដែរ ដោយកាលនោះ រូបសំណាកមួយជំហរខ្លួនរបស់ Ronaldo ត្រូវបានគេយកនិយាយលេងសើច ឌឺដង ដោយសារមានចំនុចខ្លះមិនដូចនឹងកីឡាកររូបនេះ៕

ដូច្នេះ ចង់ដឹងថារូបសំណាករបស់ Ronaldo មានរូបរាងបែបណានោះ ទៅទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖ 

រូបសំណាកមួយជំហរខ្លួនរបស់ Ronaldo សង់ឡើងកាលពីឆ្នាំ២០១៤

ប្រភព៖ Dailymail

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ David Beckham មានរឿងអ្វីកើតឡើង បានជាផ្ទៃមុខ មានស្លាកស្នាមអាក្រក់មើលបែបនេះ?

អង់គ្លេស៖ អាយុច្រើន មានក្រុមគ្រួសារ និងកូនៗ៤នាក់ក៏ពិតមែន ប៉ុន្តែអតីតកំពូលកីឡាករជើងចាស់ David Beckham នៅតែថែរក្សារាងកាយរបស់ខ្លួនឲ្យស្រស់សង្ហាដដែល មិនតែប៉ុណ្ណោះអាចនឹងធ្វើឲ្យនារីៗឈ្លក់វង្វេងថែមទៀតផង។

ប៉ុន្តែយ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ អតីតកីឡាករជម្រើសជាតិអង់គ្លេស វ័យ៤១ឆ្នាំរូបនេះ បានបង្ហោះរូបភាពមួយសន្លឹក ធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់នៅក្នុងបណ្តាញសង្គមរូបភាព Instagram មានការងឿយឆ្ងល់គ្រប់គ្នា ដោយសារតែផ្ទៃមុខទាំងមូលរបស់ Beckham ត្រូវបានបំផ្លាញដោយស្លាកស្នាម។

បើតាមការឲ្យដឹងពីប្រភពព័ត៌មានបានបញ្ជាក់ថា នេះគ្រាន់តែជាការតុបតែងខ្លួន ត្រៀមថតរឿងតែប៉ុណ្ណោះ ដោយ David Beckham នឹងត្រូវចូលរួមសម្តែងជាតួអង្គមួយនៅក្នុងខ្សែភាពយន្តថ្មី «King Arthur» ។

ក្នុងនោះដែរ Beckham ត្រូវបានតុបតែងខ្លួន ដោយមានស្លាកស្នាមពេញផ្ទៃមុខ ទាំងមាត់និងច្រមុះឡើងក្រហម និងធ្មេញឡើងលឿង ហើយមានជាប់កម្ទេចខ្មៅនៅខាងក្នុងទៀតផង។

បន្ថែមពីនេះទៀត បន្ទាប់ពីបង្ហោះរូបមួយសន្លឹកនេះ Beckham ក៏បានឆ្លៀតសរសេរបញ្ជាក់ថែមទៀតថា «ថ្ងៃដ៏សែនលំបាកនៅក្នុងការិយាល័យ» ដែលនេះហើយបានធ្វើឲ្យមហាជននៅក្នុងបណ្តាញសង្គមនាំគ្នាឆ្ងល់។

ក្រោយពីបានឃើញរូបមួយសន្លឹកនេះ មានអ្នកគាំទ្រម្នាក់បាននិយាយ «ព្រះជាម្ចាស់! ខ្ញុំមិនចូលចិត្តមុខនេះទេ..តើមានរឿងអ្វីកើតឡើង? តើនេះជា Beckham មែនឬ?» ឯខ្លះទៀតនិយាយថា «ព្រះអើយខ្ញុំខំតែគិតថា គាត់ជួបគ្រោះថ្នាក់អ្វីមួយ!» ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]