(ភ្នំពេញ)៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ សម្រាប់តារាចម្រៀងធ្លាប់មានឈ្មោះល្បី លោក មាស សាលី បានបង្ហាញវត្តមានឡើងវិញ បន្ទាប់ពីបាត់មុខអស់រយៈពេលមួយខ្យល់ធំ មិនដឹងទៅណា ធ្វើឲ្យអ្នកគាំទ្រលោកចង់ដឹងយ៉ាងអន្ទះសារ។ ប៉ុន្តែស្របពេលជាមួយនឹង ការបង្ហាញខ្លួនក្នុងសង្វៀនសិល្បៈវិញនេះ តារាចម្រៀង មាស សាលី ក៏កំពុងធំក្លិនចំហាយមិនស្រួលផងដែរ ក្នុងផលិតកម្មរបស់ខ្លួន ពោលគឺផលិតកម្ម សាន់ដេ ខណៈដែលតារារូបនេះ កំពុងតែពិចារណាថា ត្រូវដើរចេញ ឬនៅបន្ត។

គេនៅចាំបានថា ថ្មីៗនេះ សម្រាប់ផលិតកម្ម សាន់ដេ កំពុងតែមានរឿងក្ដៅហុយៗ ជាមួយនឹងតារាចម្រៀង ឃីន ស្រីនាថ ហៅ អ៊ីវ៉ា បន្ទាប់ពីនាងគំរាមដើរចេញ ដោយអះអាងថា ផលិតកម្ម បានទុកនាងចោល មិនខ្ចីអើពើរយៈពេលជាងពីរឆ្នាំមកហើយ។ ដោយឡែកនៅពេលនេះ ក៏បានផ្ទុះដំណឹងមិនស្រួល ជាមួយនឹងតារាចម្រៀងប្រុស លោក មាស សាលី វិញម្ដង ខណៈដែលតារាចម្រៀងរូបនេះ ក៏អះអាងមិនខុសពី កញ្ញា អ៊ីវ៉ា ដែរ ពោលគឺមានភាគរយដើរចេញ ច្រើនជាងនៅបន្ត ក្នុងផលិតកម្ម សាន់ដេ។

ថ្លែងប្រាប់គេហទំព័រ Khmertalking ដោយផ្ទាល់ ម្ចាស់បទ «អង្គរក្សបេះដូង» លោក មាស សាលី បានប្រាប់ឲ្យដឹងថា រយៈកាលនៃការបាត់មុខពីសិល្បៈដ៏យូរគួរសមនេះ ដោយសារតែលោកចេញទៅក្រៅប្រទេស ក្នុងន័យទៅសម្ដែងផង និងទៅដើរលេងកម្សាន្ត ឲ្យល្ហែល្ហើយខួរក្បាលផង ខណៈដែលការងារសិល្បៈនៅក្នុងផលិតកម្ម សាន់ដេ ក៏មិនសូវមានច្រើនដូចមុន ព្រោះតែលោកបានផុតកុងត្រា (កិច្ចសន្យា) ជាមួយផលិតកម្មនេះ ទៅហើយ។

មាស សាលី បន្តថា ពេលដែលលោកផុតកិច្ចសន្យា ជាមួយផលិតកម្ម លោកហាក់មានអារម្មណ៍ស្រស់ថ្លា និងរីករាយជាងមុន ព្រោះតែលោកអាចធ្វើអ្វីៗបានដោយចិត្តឯង មិនចាំបានមានការបញ្ជា និងធ្វើតាមនរណាមួយប្រាប់នោះទេ ហើយលោកក៏មិនចង់រស់នៅ ក្នុងស្ថានភាពបែបនេះទៀតដែរ។ ពេលនិយាយដល់ចំណុចនេះ សម្ដីរបស់តារាចម្រៀង មាស សាលី ហាក់បង្ហាញន័យយ៉ាងច្បាស់ក្រឡែតថា លោកនឹងដើរចេញពីផលិតកម្ម សាន់ដេរ យ៉ាងពិតប្រាកដ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

មាស សាលី និយាយថា «បាទ.! ចំណុចនេះ គឺនៅត្រង់ថា ខ្ញុំត្រូវនៅក្នុងផលិតកម្មដដែល ឬត្រូវដើរចេញ គឺខ្ញុំកំពុងពិចារណា ប៉ុន្តែក្នុងចិត្តខ្ញុំនិយាយឲ្យអស់ចុះ គឺ៨០% ដែលខ្ញុំត្រូវដើរចេញ និងមានតែ២០%ប៉ុណ្ណោះ ដែលខ្ញុំត្រូវពិចារណានៅបន្ត !»។

ពេលមានសំណួរថា តើមូលហេតុអ្វីបានជាលោក មាស សាលី ចង់ដើរចេញពីផលិតកម្ម សាន់ដេ ដែលជាទ្រនំធ្វើឲ្យលោកល្បីឈ្មោះដល់សព្វថ្ងៃ? មាស សាលី បានឆ្លើយថា លោកចង់ទុកឱកាសឲ្យក្មេងៗជំនាន់ក្រោយ បានសាងកេរ្តិ៍ឈ្មោះម្ដង ព្រោះលោកជាតារាចម្រៀងរលកមុន ដូច្នេះរលកក្រោយត្រូវតែច្រានរលកមុន ហើយលោកក៏គិតថា រូបលោកហាក់ដូចជា ដល់ច្រាំងហើយដែរ។

ប៉ុន្តែមូលហេតុទាំងអស់នេះ ដូចជាមិនសូវគ្រប់ជ្រុងជ្រោយ រហូតដល់ថ្នាក់ឲ្យលោកសម្រេចចិត្ត ដើរចេញពីសាន់ដេ នោះទេ ខណៈដែលមូលហេតុចំបងមួយទៀត ត្រូវបានគេទម្លាយថា លោក មាស សាលី មានការអាក់អន់ស្រពន់ចិត្តខ្លះៗ ជាមួយនឹងម្ចាស់ផលិតកម្ម សាន់ដេ ពោលគឺមិនខុស ពីតារាចម្រៀងអ៊ីវ៉ា នោះទេ ទើបលោកត្រូវជ្រើសរើសផ្លូវមួយ ដែលពោរពេញទៅដោយ សេរីភាពសម្រាប់ខ្លួនឯង ដើម្បីបន្តកេរ្តិ៍ឈ្មោះក្នុងសង្វៀនសិល្បៈ ឲ្យកាន់តែរឹងមាំ៕

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ «​តា​តា​» ​លេចមុខក្នុង​មង្គលការ​អ្នកសិល្បៈ ខណៈ​កប់​បាត់​ពី​អាជីព

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​ធ្លាប់​ល្បីឈ្មោះ​តាម​រយៈ​បទ «​ដើរ​វ៉ៃ​គេ​» កញ្ញា​«​តា​តា​» បាន​បង្ហាញខ្លួន​នៅ​ក្នុង​ពិធី​មង្គលការ​របស់​លោក​កង ពិសិដ្ឋ កាលពី​ថ្ងៃ​ទី​២៣ ខែមីនា ២០១៧ នៅ​កោះ​ពេជ្រ បន្ទាប់​ពី​តារាចម្រៀង​វ័យក្មេង​រូប​នេះ​បាត់​មុខ​ពី​ពិភព​សិល្បៈ​យ៉ាង​ស្ងៀមស្ងាត់​អស់​រយៈពេល​ជាង​១០​ឆ្នាំ ។

ការ​បង្ហាញខ្លួន​របស់​អតីត​តារាចម្រៀង​ផលិតកម្ម U2 កញ្ញា​តា​តា​មិនសូវ​មានការ​ចាប់អារម្មណ៍​ពី​មហាជន​ដែល​ចូលរួម​នៅ​ក្នុង​ពិធី​មង្គលការ​នោះ​ប៉ុន្មាន​ឡើយ ព្រោះ​នាង​ប្រែ​រូបរាង​ខុស​ប្លែក​ពី​មុន​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ជាមួយនឹង​កា​រខក​ខានមិនបាន​បង្ហាញមុខ​តាម​កម្មវិធី​ប្រគំ​តន្ត្រី​នានា ។

ឈុត​រ៉ូ​ប​ពណ៌​ផ្កាឈូក​ជាមួយ​ផ្កា​ពណ៌​ស តា​តា បង្ហាញ​រូបរាង​ស្រ​ឡូ​ន​នៅ​មុខ​កាមេរ៉ា​ជាមួយនឹង​ក្រុម​គ្រួសារ និង​អ្នកសិល្បៈ​មួយ​ចំនួន​ទៀត ។

នេះ​ជា​ការ​បង្ហាញខ្លួន​មួយ​យ៉ាង​កម្រ​ក្នុង​កម្មវិធី​ជួបជុំ​អ្នកសិល្បៈ​របស់​តា​តា បន្ទាប់​ពី​នាង​ចាក​ឆ្ងាយ​ពី​វិស័យ​សិល្បៈ​អស់​ពេល​ជាង​១០​ឆ្នាំ ជាមួយនឹង​ការ​លេចឮ​ថា​បាន​ចូល​រោងការ​ជាមួយ​បុរស​អ្នកមាន​ទ្រព្យ ។

នា​ពេល​កន្លង​មក​បងប្រុស​របស់​តា​តា គឺ​លោក​រ៉េ​ត​ធី ដូ​ណា ធ្លាប់​អះអាង​ថា ប្អូនស្រី​របស់​ត្រៀមខ្លួន​វិល​រក​ពិភព​សិល្បៈ​វិញ​បន្ទាប់​ពី​ខកខាន​យ៉ាង​ស្ងៀមស្ងាត់​អស់​ពេល​ជា​ច្រើន​ឆ្នាំ​។ បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​លោក​រ៉េ​ត​ធី ដូ​ណា នា​ពេល​នោះ​ថា ការ​វិល​វិញ​ជា​ថ្មី គឺ​ក្រោយ​ពេល​ប្អូនស្រី​របស់​លោក​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ឱ្យ​នាង​ចាប់​យក​អាជីព​សិល្បៈ​ឡើង​វិញ ខណៈ​ការងារ​របស់​នាង​ហាក់​មានការ​ធូរស្បើយ​។ លោក​ដូ​ណា​បញ្ជាក់​ថា លោក​បាន​ត្រៀម​រៀបចំ​បទ​ចម្រៀង ថ្មី​ៗ​រួច​ជា​ស្រេច​សម្រាប់​នាង ហើយ​លោក​សង្ឃឹមថា​បទ​ថ្មី​ទាំងនោះ​នឹង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​យុវវ័យ ។

ការ​បាត់​មុខ​យ៉ាង​ស្ងៀមស្ងាត់​កូនស្រី​របស់​ពៅ​ត្រកូល​សិល្បករ លោក​អ៊ុ​ក ស៊ី​ណា​រ៉េ​ត កញ្ញា​តា​តា​គឺ​ត្រូវ​គេ​សង្ស័យ​ថា នាង​ប្រហែលជា​បោះបង់​អាជីព​សិល្បៈ​ហើយ ព្រោះ​បាន​សាង​អនាគត​ជាមួយ​បុរស​ម្នាក់​ជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ ។

លោក​រ៉េ​ត​ធី ដូ​ណា ធ្លាប់​បញ្ជាក់​ថា​ការ​បាត់​មុខ​របស់​ប្អូនស្រី​លោក​ពី​ពិភព​សិល្បៈ​កន្លង​មកនេះ មិនមែន​ពាក់ព័ន្ធ​ជាមួយ​រឿង​ស្នេហា​ទេ ពោល​គឺ​នាង​រវល់​ការងារ​ផ្ទាល់ខ្លួន ហើយ​នាង​មិន​ចេញ​ទៅ​ណា​ឆ្ងាយ​ឡើយ គឺ​នៅផ្ទះ​ជាមួយ​លោក​រហូត ។

តា​តា​មានឈ្មោះ​ពិត​រ៉េ​ត ធីតា កូនស្រី​របស់​លោក​អ៊ុ​ក ស៊ី​ណា​រ៉េ​ត ជា​តន្ត្រីករ​ល្បីឈ្មោះ​ក្នុង​ប្រទេស​កម្ពុជា និង​អ្នកស្រី​សៀង វណ្ណ​ធី ជា​តារាចម្រៀង​ជើង​ចាស់​ល្បីឈ្មោះ ។ តា​តា​ជា​ប្អូនបង្កើត​របស់​លោក​រ៉េ​ត​ធី ដូ​ណា និង​លោក​អ៊ុ​ក ប៊ុ​ណ្ណា​រិ​ទ្ធ ដែល​ស្ថិត​ក្នុង​ក្រុម​តន្ត្រី​យុវវ័យ​ចចក​សមុទ្រ សុទ្ធសឹងតែ​ជា​តន្ត្រីករ​ជើង​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សាលី