ប៉េរូ៖ សុនខមួយក្បាលកំពុងធ្វើឲ្យមហាជន នៅលើបណ្តាញសង្គម រំជួលចិត្តកើតក្តីអាណិត ក្រោយពីវាត្រូវគេថតបាន កំពុងដើរពាំធុងមួយតាមផ្លូវ  ដើម្បីសុំទឹកគេផឹក។

ឆ្កែអនាថាដ៏កំសត់នេះ ត្រូវគេប្រទះឃើញដើរចុះដើរឡើងពាំធុងទឹក នៅតាមដងផ្លូវក្នុងភូមិ Chorrillos នៃទីក្រុង Lima ដែលស្ថិតនៅភាគខាងត្បូងប្រទេសប៉េរូ។

ទីក្រុង Lima ដែលជារដ្ឋធានីរបស់ប្រទេសប៉េរូ ត្រូវបានរងគ្រោះដោយសារទឹកជំនន់ បណ្តាលឲ្យមនុស្ស៧៥នាក់ ស្លាប់បាត់បង់ជីវិត និងកំពុងប្រឈមនឹងបញ្ហាកង្វះខាតទឹកផឹក។

មូលហេតុដែលធ្វើឲ្យប្រជាជនក្នុងទីក្រុងជួបបញ្ហាកង្វះទឹកផឹកនេះ ដោយសារតែក្រុមហ៊ុនផ្គត់ផ្គង់ទឹក សម្រេចផ្អាកដំណើរការផ្គត់ផ្គង់មួយរយៈ  ពីព្រោះអាងស្តុកទឹកមានសភាពកខ្វក់ និងមានលាយឡំជាមួយភក់ ក្រោយពីរងគ្រោះដោយទឹកជំនន់។

បើទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផ្គត់ផ្គត់ទឹក ក៏បានកំពុងតែស្វាត់ស្វែងព្យាយាមរកដំណោះស្រាយផងដែរ ស្របពេលដែលមានឈ្មួញមួយចំនួនកំពុងឆ្លៀតឱកាសលួចរកស៊ីលក់ទឹកនៅតាមតំបន់ក្នុងទីក្រុង ដើម្បីកុំឲ្យប្រជាជនជួបកង្វះខាតទឹកផឹក។

យ៉ាងណាមិញ ក្រឡេកមកមើលសុនខដ៏គួរឲ្យអាណិតមួយក្បាលនេះវិញ វីដេអូរបស់វាដើរពាំធុង ដើម្បីសុំទឹកគេផឹក ត្រូវបានគេបង្ហោះចូលទៅក្នុងអិុនធើណេត និងទទួលបានការចាប់អារម្មណ៍ច្រើន រហូតមានអ្នកចុចមើលជាងរាប់មឺុននាក់ ត្រឹមរយៈពេលមិនដល់មួយថ្ងៃ៕ 

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Dailymail

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ រ៉ូមែនទិចណាស់! ឆ្កែមួយគូ សំណាងអស្ចារ្យ ព្រោះម្ចាស់រៀបចំមង្គលការឲ្យ នៅមាត់សមុទ្រ

ហ្វីលីពីន៖ កាលពីថ្ងៃទី៤ មីនា កន្លងទៅនេះ គូស្នេហ៍សុនខភក្តីមួយគូ Lally និង Kian បានរៀបអាពាហ៍៍ពិពាហ៍នៅមាត់សមុទ្រមួយ នៅក្នុងប្រទេសហ្វីលីពីន ដែលវាគឺជាការរៀបការឆ្កែដំបូងបំផុតនៅក្នុងប្រទេសនេះ។

យោងទៅតាមសារព័ត៌មាន Coconuts Philippines បានឲ្យដឹងថា ឆ្កែមួយគូនេះបានរស់នៅជាមួយគ្នាប្រហែលមួយឆ្នាំហើយ ទើបសម្រេចចិត្តរៀបការជាផ្លូវការជាមួយគ្នា។ Kian គឺជាឆ្កែមួយក្បាលដ៏រ៉ូមែនទិច ព្រោះវាតែងតែយករបស់ឆ្ងាញ់ៗទៅឲ្យប្រពន្ធរបស់វា (Lally) ស៊ីរហូត។

គួរបញ្ជាក់ដែរថា ដើម្បីសម្រេចបានអាពាហ៍ពិពាហ៍មួយនេះ ម្ចាស់របស់កូនកម្លោះកូនក្រមុំទាំងសងខាង បានចំណាយពេលដល់ទៅមួយខែឯណោះដើម្បីរៀបគម្រោង។ លើសពីនេះ នៅក្នុងកម្មវិធីដ៏ឧឡារិកនេះ ក៏មានវត្តមានឆ្កែប្រហែល២៥ក្បាលផ្សេងទៀត មកចូលរួមផងដែរ ព្រោះថាគេក៏មានទទួលជាម្ហូបអាហារសម្រាប់ឆ្កែជាច្រើនផងដែរ។ មិនតែប៉ុណ្ណោះ គេក៏មានតាអាចារ្យ និងអ្នកចម្រៀងហែហម ដែលសុទ្ធសឹងតែជាឆ្កែទាំងអស់។

ទោះជាយ៉ាងណា គេក៏បានអញ្ជើញជាងថតរូបដែលជាមនុស្ស គឺលោក Che Vienes ដើម្បីរង់ចាំផ្តិតយកសកម្មភាពសំខាន់ៗ ក្នុងកម្មវិធីអាពាហ៍៍ពិពាហ៍នោះផងដែរ។

ចុងក្រោយ សារព័ត៌មាន Coconuts Philippines បានបង្ហាញព័ត៌មានដ៏ល្អមួយថា Lally កំពុងតែមានផ្ទៃពោះហើយ។ ពួកយើងសង្ឈឹមថា ប្តីប្រពន្ធថ្មីថ្មោង និងអនាគតឪពុកម្តាយគេទាំងពីរក្បាលនេះ នឹងរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]