ភ្នំពេញ៖ ការធ្វើលំហាត់ប្រាណ គឺជាសកម្មភាពមួយដ៏សំខាន់សម្រាប់សុខភាពរបស់មនុស្សយើងប្រចាំថ្ងៃ។ វាជួយរាងកាយឲ្យកាន់តែមាំមួន បញ្ចេញជាតិពុលពីក្នុងខ្លួន និងអាចជាថ្នាំដើម្បីព្យាបាលជំងឺខ្ជិល  ស្ពឹកស្រពន់ផងដែរ ដោយគ្រាន់តែធ្វើលំហាត់ជាប្រចាំថ្ងៃ ទៅតាមពេលវេលាជាក់លាក់ត្រឹមត្រូវ។

ការធ្វើលំហាត់ប្រាណមានច្រើនរបៀប អាស្រ័យទៅតាមចំណង់ចំនូលចិត្តរបស់មនុស្សម្នាក់ៗ អ្នកខ្លះធ្វើការហាត់ប្រាណដោយគ្រាន់តែលើកដៃ លើកជើង សម្រួលសរសៃ ខ្លះទៀតហាត់ប្រាណទៅតាមចង្វាក់ ឬជាការរាំកម្សាន្ត និងមួយចំនួនទៀត ចូលចិត្តហាត់ប្រាណដោយធ្វើការរត់ ឬដើរនៅតាមដងផ្លូវផ្សេងៗ។

ទាក់ទងនឹងនឹងការហាត់ប្រាណនេះដែរ ប្រជាជនខ្មែរយើងមួយចំនួនតែងតែស្វែងរកទីតាំងណាធំទូលាយ ដើម្បីងាយស្រួលក្នុងការធ្វើលំហាត់ប្រាណ  ដូច្នេះហើយដើម្បីបង្កើតភាពងាយស្រួលដល់អ្នកដែលចូលចិត្តធ្វើលំហាត់ប្រាណ  ខ្មែរឡូតសូមណែនាំទីកន្លែងហាត់ប្រាណសាធារណៈ៥កន្លែង ដែលពេញនិយមបំផុតនៅរាជធានីភ្នំពេញ ក្នុងនោះមានដូចជា៖  

#ស្តាតអូឡាំពិក៖ ជាពហុកីឡដ្ឋានជាតិ ដែលមានអាយុកាលច្រើនឆ្នាំ និងជាកន្លែងទទួលរៀបព្រឹត្តការណ៍កីឡាជាច្រើនផងដែរ។ យ៉ាងណាមិញ បើទោះបី ស្តាតអូឡាំពិកជាកន្លែងសម្រាប់ត្រៀមរៀបចំប្រកូតកីឡាក៏ពិតមែន ប៉ុន្តែទីនេះក៏ជាទីតាំងដែលអនុញ្ញាតិឲ្យខ្មែរ​ និងបរទេស ចូលមកហាត់កីឡា ឬធ្វើលំហាត់ប្រាណផ្សេងៗដោយសេរីផងដែរ។

នៅពេលព្រឹកព្រលឹម និងពេលល្ងាច នៅក្នុងស្តាតអូឡាំពិកពោរពេញទៅមនុស្សច្រើនកុះករនាំគ្នាសម្រុកចូល។ ភាគច្រើនពួកគេចូលទៅរត់កីឡា ដើរហាត់ប្រាណ ឯខ្លះទៀតហាត់ប្រាណបែបរាំតាមចង្វាក់ភ្លេងជាដើម។ លើសពីនេះទៀត មិនថាយុវវ័យ ឬចាស់ៗនោះទេ តែងតែមកទីនេះដើម្បីលេងកីឡាផ្សេងៗ ដូចជាបាល់ទាត់ បាល់ទះ បាល់បោះ ជាដើម ។ល។ 

#សួនវិមានឯករាជ្យ៖ សួនវិមានឯករាជ្យនេះដែរ បែងចែកចេញជា២ផ្នែក នៅទិសខាងលិច និងខាងកើតវិមានឯករាជ្យ ប៉ុន្តែអ្នកដែលមកហាត់ប្រាណទីនេះ តែងតែចូលចិត្តមកហាត់នៅសួនខាងលិចវិញ ដោយសារតែទីតាំងធំទូលាយ និងមានមនុស្សអ៊ូអរច្រើន។ អ្នកដែលមកធ្វើលំហាត់ប្រាណទីនេះ ភាគច្រើននាំគ្នាហាត់ជាលក្ខណៈរត់ ឬដើរ មិនសូវមានជាការលេងកីឡាផ្សេងៗដូចនៅស្តាតអូឡាំពិកនោះទេ។

បើយោងតាមបងប្រុសម្នាក់ឈ្មោះ Sam ដែលតែងតែចូលមករត់នៅទីនេះបាននិយាយថា «តាមពិតទៅ កន្លែងហាត់ប្រាណនៅទីណាក៏ដូចតែគ្នាដែរ ឲ្យតែយើងមានឆន្ទះចង់លេងកីឡា ចង់មានសុខភាពល្អ។ ចំពោះខ្ញុំវិញ តែងតែមករត់នៅទីនេះរាល់ល្ងាច ដោយសារតែវាជិតផ្ទះ ហើយណាមួយ ទីនេះមានបរិសា្ថនស្អាត និងស្រឡះមុខស្រឡះមាត់ផង»

គាត់បានបន្ថែមទៀតថា «បងប្អូនប្រជាជនយើងគួរណាតែងតែខ្វាយខ្វល់រឿងសុខភាព ព្រោះថាសម័យឥឡូវនេះ មិនសូវជាធម្មជាតិប៉ុន្មានទេ មានជាតិពុលគីមីច្រើនណាស់ ដូច្នេះហើយគួរតែរុះរាន់លេងកីឡាខ្លះទៅ ដើម្បីបញ្ចេញជាតិពុល ហើយបើនិយាយពីកន្លែងហាត់ប្រាណវិញ គឺអាស្រ័យទៅលើបងប្អូនទេ គឺពួកគាត់អាចជ្រើសរើសទីតាំងដោយខ្លួនឯងបាន និយាយទៅនៅក្បែរនេះ ម្តុំមាត់ទន្លេអីនឹងសុទ្ធតែមានបរិវេណធំៗ អាចហាត់ប្រាណបានហើយ ដូចខ្ញុំបាននិយាយពីខាងដើមចឹង សំខាន់លើឆន្ទះរបស់យើង កុំខ្ជិល» ។ 

#សួនហង្សមុខវត្តបទុម៖ មានទីតាំងនៅទល់មុខវត្តបទុម និងនៅជិតគ្នារវាងសួនវិមានឯករាជ្យផងដែរ។ គួរឲ្យដឹងថាទីតាំងទាំង២នេះ (សួនហង្ស និងសួនវិមានឯករាជ្យ) សុទ្ធតែមានបរិវេណធំទូលាយ សម្រាប់ធ្វើលំហាត់ប្រាណ ជាពិសេសសួនហង្សមុខវត្តបទុមនេះ ក៏សំបូរទៅដោយយុវវ័យជំទង់ៗ នាំគ្នាមកកម្សាន្តជាច្រើនផងដែរ ពីព្រោះថាទីនេះ មិនត្រឹមតែជាទីតាំងហាត់ប្រាណដ៏ពេញនិយម សូម្បីតែចំណីអាហារដែលលក់នៅក្បែរនេះក៏មានសំបូរបែប និងឆ្ងាញ់ៗផងដែរ។

#សួនតាមដងមាត់ទន្លេ៖ ក៏ជាកន្លែងពេញនិយមមួយផងដែរ សម្រាប់ការដើរហាត់ប្រាណ ឬរត់កីឡា។ សួនតាមដងមាត់ទន្លេ មានបរិយាកាសរំហើយ ខ្យល់អាកាសត្រជាក់ពិតៗចេញពីធម្មជាតិ ដោយសារនៅទីនេះមានទឹកទន្លេ។

អ្នកដែលនិយមមកធ្វើលំហាត់ប្រាណនៅទីនេះ ភាគច្រើនពួកគេនិយាយថា ទីនេះ នៅជិតមាត់ទន្ល មានខ្យល់អាកាសត្រជាក់ចេញពីទឹក ដូច្នេះហើយធ្វើលំហាត់ប្រាណមិនឆាប់នឿយហត់។

គួរឲ្យដឹងបន្ថែមទៀតថា នៅលើសួនតាមដងមាត់ទន្លេនេះដែរ មិនត្រឹមតែមានអ្នកនិយមដើរ ឬរត់កីឡាមួយមុខនោះទេ ក្នុងនោះក៏មានអ្នកលេងកីឡាប្រភេទត្រិះសី និងសីដក់ផងដែរ។  

#ក្តាន់ពីរ៖ មានទីតាំងនៅតាមបណ្តាយមហាវិថីសហព័ន្ធរុស្ស៊ី និងស្ថិតនៅទល់មុខទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងការពារជាតិ។ ភាគច្រើននៅពេលល្ងាចខ្ទង់ម៉ោង ៤ ទៅ៥ គេតែងតែឃើញមានមនុស្សម្នាអ៊ូអរជាច្រើន មកទីនេះ អ្នកខ្លះមកអង្គុយលេង ខ្លះទៀតអង្គុយគយគន់ផ្កា ថតរូប និងជាពិសេសនោះក្តាន់ពីរ ក៏ជាកន្លែងសម្រាប់ធ្វើលំហាត់ប្រាណផងដែរ ព្រោះទីតាំងជាប្រភេទសួនច្បារ ហើយមានទំហំធំ។

យ៉ាងណាមិញ ជាមួយទីតាំងទាំង៥នេះ គឺជាកន្លែងហាត់ប្រាណសារធារណៈដែលពេញនិយមជាងគេនៅរាជធានីភ្នំពេញ ព្រោះថាបើតាមការសង្កេតមើលទៅលើបរិមាណមនុស្សដែលនិយមមកកម្សាន្ត ក៏ដូចជាមកហាត់ប្រាណនៅកន្លែងទាំងនេះមានចំនួនច្រើនជាងកន្លែងផ្សេងៗ និងមានសភាពអ៊ូអរផងដែរ។

ដូច្នេះបងប្អូនប្រិយមិត្ត សូមកុំភ្លេចចូលរួមហាត់កីឡាទាំងអស់គ្នា ដើម្បីសុខភាពរបស់យើង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]