ភ្នំពេញ, ថ្ងៃទី០១ តុលា ឆ្នាំ២០១២ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងព័ត៌មាន សហការជាមួយអង្គការសុខភាពពិភពលោក បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងគ្រោះថ្នាក់ចរាចរណ៍ ដោយដាក់សារដ៏ច្បាស់លាស់ និងសាមញ្ញ ស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គ មហាសេនា   បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារថា “បើពិសាគ្រឿងស្រវឹង កុំបើកបរ”។ សន្និសីទសារព័ត៌មាននេះ គឺជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តន៍ នូវគម្រោងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ១០ ប្រទេស រួមទាំងប្រទេសកម្ពុជា ដែលមានគោលបំណងសង្រ្គោះ អាយុជីវិតប្រជាពលរដ្ឋកម្ពុជា ដោយកាត់បន្ថយការស្លាប់ ប្រមាណជាង ១,៨០០នាក់ និងការរងរបួសធ្ងន់ធ្ងរ ៦,៧០០នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងមួយឆ្នាំៗ។ សនិ្នសីទសារព័ត៌មាននេះ មានគោលបំណងលើកកំពស់ការយល់ដឹងរបស់សាធារណជន ជាពិសេសយុវវ័យជំទង់ និង មនុស្សពេញវ័យអំពីផលបច្ច័យអាក្រក់ នៃការប្រើប្រាស់គ្រឿងស្រវឹង ដែលជាកត្តាគ្រោះថ្នាក់ចំបងមួយ នៃគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា។

នៅលើសកលលោកមានប្រជាជនប្រមាណ ១,៣លាននាក់រួមទំាងបុរស ស្រ្តី និងកុមារ បានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ឆ្នាំ ហើយប្រមាណជា ៥០លាននាក់បានរងរបួស ដែលអ្នកខ្លះត្រូវពិការអស់មួយជីវិត យោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Pieter JM Van Maaren តំណាងអង្គការសុខភាព ពិភពលោកប្រចំាប្រទេស កម្ពុជា។ ជាង៩០%នៃអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅក្នុងប្រទេសមានប្រាក់ចំណូលទាប និងមធ្យម។ បន្ថែមទៅលើសោកនាដកម្ម ដែលគ្រោះថ្នាក់ចរាចរណ៍បានបង្កឡើង វាក៏បានធ្វើឲ្យខាតបង់យ៉ាងធ្ងន់ធ្ងរដល់ សេដ្ឋកិច្ច របស់ជនរងគ្រោះ និងគ្រួសារ ព្រមទាំងសង្គមជាតិទំាងមូលផងដែរ។ នៅក្នុងប្រទេសមានប្រាក់ចំណូលទាប និង មធ្យម ការខាតបង់សេដ្ឋកិច្ច ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ មានរហូតដល់៦៥ពាន់លានដុល្លាក្នុងមួយឆ្នាំ។ រៀងរាល់ឆ្នាំ ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ប្រមាណ១លាននាក់ ត្រូវសំរាកព្យាបាលជាច្រើនសប្តាហ៍ នៅក្នុងមន្ទីរពេទ្យ ហើយជនរងគ្រោះមួយចំនួនបានបាត់បង់ជីវិត ហើយជនរងគ្រោះមួយចំនួនទៀត មិនអាចទៅធ្វើការងារវិញបាន ឫក៏លេងកំសាន្ត ដូចដែលពួកគេធ្លាប់បានធ្វើ។ ការពិសារគ្រឿងស្រវឹង គឺជាកត្តាគ្រោះថ្នាក់ចំបងមួយ ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍។ នៅក្នុងប្រទេសមានប្រាក់ចំណូលទាប អ្នកបើកបរយានយន្តដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងពី៣៣% ទៅ៦៩% មានកម្រិតជាតិ អាល់កុលខ្ពស់នៅក្នុងឈាម។

ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក មានប្រសាសន៍ថានៅក្នុងប្រទេសកម្ពុជា  តាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ប្រចំាឆ្នាំ២០១១ បានឲ្យដឹងថាមានជនរងគ្រោះ សរុបដល់ទៅចំនួន ១៦,៦៥៤នាក់ ដែលក្នុងនោះបាត់បង់ជីវិតចំនួន ១,៩០៥នាក់ និង របួសធ្ងន់ចំនួន ៥,៨០៧នាក់ គិតជាមធ្យមចំនួនអ្នកស្លាប់ច្រើនជាង៥នាក់ និងរបួសធ្ងន់១៦នាក់ក្នុងមួយថ្ងៃ ហើយការរងរបួស និង ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ គឺបានបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំមិនឈប់ឈរ។ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅឆ្នាំ២០១១ បានធ្វើឲ្យកម្ពុជាខាតបង់ថវិការហូតដល់ទៅ ៣១០លានដុល្លាសហរដ្ឋអាមេរិក។

ការបើកបរក្រោមឥទ្ធពលគ្រឿងស្រវឹង គឺជាកត្តាគ្រោះថ្នាក់ចំបងទីពីរបន្ទាប់ ពីការបើកបរហួសល្បឿនកំណត់ ដែល បង្កឲ្យមានការស្លាប់រហូតដល់១៤%។ ប្រមាណ ៦៦%នៃអ្នកស្លាប់ដោយការបើកបរក្រោមឥទ្ធពលគ្រឿងស្រវឹងមានអាយុ ពី១៥-៣៤ឆ្នាំ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ការពិសាគ្រឿងស្រវឹង សូម្បីតែក្នុងកម្រិត តិចតួចក្តី អាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដល់ខ្លួនឯង និងអ្នកប្រើប្រាស់ផ្លូវផ្សេងទៀត ។ អ្នកស្រវឹង អាចបង្កគ្រោះថ្នាក់ ដល់អ្នកដទៃ ឬក៏ធ្វើឲ្យពួកគេមានគ្រោះថ្នាក់ចរាចរណ៍ ឬបង្កអំពើហឹង្សាដល់គ្រួសារ ញាត្តិសន្តាន មិត្តភ័ក្រ្ត ឬអ្នកធ្វើការជាមួយគ្នា។ ដើម្បីចូលរួមអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមការអនុវត្តសកម្មភាពសុវត្ថិភាពចរាចរណ៍ ជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងព័ត៌មាន សូមជូនដំណឹងដល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ កាសែត ព្រមទំាងការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ពាក់ព័ន្ធគ្រឿងស្រវឹង ត្រូវអនុវត្តនូវសារសុវត្ថិភាពចរាចរណ៍ ដែលមានដូចខាងក្រោម ៖

១-រាល់ការផ្សាយពាណិជ្ជកម្មស្រា ស្រាបៀរ តាមទូរទស្សន៍ ត្រូវឲ្យមានផ្សាយជាអក្សរ និងសម្លេង ឲ្យមានរយៈពេលយ៉ាងតិចបំផុត ០២ (ពីរ) វិនាទី ។ អក្សរ និងសម្លេង គឺនៅពេលចុងបញ្ចប់នៃការផ្សាយពាណិជ្ជកម្មស្រា ស្រាបៀរ ត្រូវមានបញ្ចាំងអក្សរ និងបន្លឺសម្លេងព្រមៗគ្នា: “បើពិសាគ្រឿងស្រវឹង កុំបើកបរ ”

២-ហាមការផ្សព្វផ្សាយបែបអូសទាញលើកទឹកចិត្តយុវជនវ័យជំទង់ និងមនុស្សពេញវ័យ ឲ្យពិសាគ្រឿងស្រវឹង តាមរយៈការផ្តល់រង្វាន់ជាសាច់ប្រាក់ ឬជាវត្ថុប្រើប្រាស់ផ្សេងៗជាដើម ។

គម្រោងសុវត្ថិភាពចរាចរណ៍ផ្លូវគោក១០ប្រទេសនេះ ត្រូវបានឧបត្ថម្ភថវិកាដោយ មូលនិធិប្ល៊ូមប៊ឺគភីលែនត្រូភី (Bloomberg Philanthropies) និងក្រោមការផ្តល់ជំនួយបច្ចេកទេស ពីអង្គការសុខភាពពិភពលោក ដែលបានចាប់ផ្តើម ឡើងតំាងពីឆ្នាំ២០១០។ គម្រោងនេះ ផ្តោតទៅលើកត្តាគ្រោះថ្នាក់ចំបងចំនួនពីរ ដែលបង្កឲ្យមានការកើនឡើងនូវការរំលោភ ច្បាប់ចរាចរណ៍ផ្លូវគោក និងគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរគឺ៖ ការបើកបរក្រោមឥទ្ធពលគ្រឿងស្រវឹង និងការមិនពាក់មួកសុវត្ថិភាព។ គម្រោងនេះត្រូវបានដឹកនាំ និងសម្របសម្រួល ដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានកិច្ចសហការជាមួយដៃគូអន្តរជាតិនានា ជាពិសេសអង្គការសុខភាពពិភពលោក អង្គការដៃគូសុវត្ថិភាពចរាចរណ៍សាកល មហាវិទ្យាល័យចនហបគីន និងដៃគូសុវត្ថិភាពចរាចរណ៍ដទៃទៀត។

 ប្ល៊ូមប៊ីគភីលែនត្រូភី ធ្វើការលើកស្ទួយវិស័យចំនួន ប្រាំនៅលើសកលលោកគឺ៖ វិស័យសិល្បៈ វិស័យអប់រំ វិស័យបរិស្ថាន ផ្នែកគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល និងវិស័យសុខភាពសាធារណៈ។ ដើម្បីយល់ដឹងបន្ថែមសូមអានគេហទំព័រ http://bloombergdotorg.tumblr.com/about/ .

ចំពោះព័ត៌មានបន្ថែមសូមទាក់ទង៖

លោកស្រី ម៉ែន ច័ន្ទសុកុល អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន

[email protected]

លោក ស្ទីវិន អ៊ីឌីង ប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ និងបង្ការរបួស [email protected]

លោកវេជ្ជបណ្ឌិត សៅ សុវណ្ណរតនៈ មន្រ្តីបច្ចេកទេសសុវត្ថិភាពចរាចរណ៍ និងបង្ការរបួស [email protected]

ផ្ដល់ដោយ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងព័ត៌មាន និងអង្គការសុខភាពពិភពលោក

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]