ខេត្ត​ប៉ៃលិន ៖ ​បន្ទាប់​កូន​តុងទីន​ ៨​នាក់បាន​លើកគ្នា​ ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ការិយាល័យ​នគរបាល​ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នង ការ​នគរបាល​ខេត្ត​ប៉ៃលិនឱ្យ​ចាត់ការ​តាម​ផ្លូវច្បាប់ ករណី​មេ​តុងទីន​​បាន​លេង​​ក្បាច់​​ខូច គឺ​ស៊ី​ដាច់​លុយ​​ជាង​៦២​លាន​រៀល ដោយ​មិន​ព្រម​សង​​ពួក​គេនោះ ​។

ហេតុការណ៍​ចាប់​​ខ្លួន​នេះ ​​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ​មីនា ​បន្ទាប់​ពី​ទទួល​​បាន​ពាក្យបណ្តឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ​មីនា ​កន្លង​ទៅ ។

ប្រភព​​ពី​លោក​វរសេនីយ៍ឯក ឆ​ម វ៉ា​ន់​ធី នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ករណី​រំលោភ​លើ​ទំនុកចិត្ត (​តុងទីន​) ពី​កូន​តុងទីន​ចំនួន​៨​នាក់​រួច​មក ខាង​លោក​បាន​ចាត់​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ធ្វើការ​ចុះ​ស៊ើបអង្កេត និង​ឃាត់ខ្លួន​មេ​តុងទីន​ឈ្មោះហូ​យ ណា​វិ​ន ហៅ​ម៉ាក់​ស្រី​ការ ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជា​កសិ​ករ រស់នៅ​ភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ដែល​ធ្វើ​ឱ្យ​មានការ​បាត់បង់ ខូ​ត​ខាត​លុយ​ចំនួន​៦២,៣៨០.០០០៛ (​ហុកសិប​ពីរ​លាន​បី​សែន​ប្រាំបី​ម៉ឺន​រៀល​គត់​) ។

លោក​បន្ត​ទៀត​ថា ក្រោម​ការ​សម្រប​ស​ម្រួ ល​លោក តូច សុភ​ក្តី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ខាង​លោក​ក៏​បាន​បញ្ជា​ឱ្យ​ន គ​របាល​ក្រោម​ឱវាទ​ចុះ​ធ្វើការ​ចាប់ខ្លួន​ស្ត្រី​មេ​តុងទីន​ខាងលើ​នៅ​ក្នុងផ្ទះ​របស់​ខ្លួន យក​មក​សាកសួរ​បន្ថែម ។ លោក​បញ្ជាក់​ទៀត​​ថា ស្ត្រី​ខាងលើ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​ឱ្យ​បាត់បង់ ទឹកប្រាក់​ជាង​៦២​លាន​រៀល​មែន ដោយសារ​តែ​កូន​តុងទីន​មួយ​ចំនួន​អត់​បង់លុយ​ឱ្យ ហើយ រូបគេ​អត់​មាន​លុយ​បង់​ជំនួស ក៏​ទុក​ចោល​រហូត​ដល់​មាន​ពាក្យបណ្តឹង​បែប​នេះ ។ បច្ចុប្បន្ន​ ខាង​ការិយាល័យ​ជំនាញ​កំពុង​កសាង​សំនុំរឿង ដើម្បី​បញ្ជូន​ស្ត្រី​ខាងលើ​ទៅ តុលាការ ឱ្យ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ។

សូម​បញ្ជាក់​​ថា ការ​លេង​តុងទីន​នេះ ធ្លាប់​មាន​មេ​វេច​លុយ​រត់​អស់​ជា​ច្រើន​នាក់​រួចមក​ហើយ​នៅ​ក្រុងប៉ៃលិន ក្នុង​នោះ​ ក៏​មាន​ប្រពន្ធ​នគរបាល​មួយ​ចំនួន​ផង​ដែរ ជា​មេ​តុងទីន​បោក​លុយ​​ប្រជាពលរដ្តតែម្តង ។ តែ​កូន​តុងទីន​នៅ​តែ​មិន​រាងចាល ដោយ​ចង់បាន​ប្រាក់​ពី​ល្បែង​មួយ​នេះ​ខ្លាំង​ពេក ក៏​បបួល​គ្នា​បន្ត​លេង ត្រូវ​គេ​បោកប្រាស់​បន្តបន្ទាប់​ជា​ហូរហែ ។

ដូច្នេះ ​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​មាន​លុយ​គួរតែ​យក​ទៅ​រក្សា​ទុក ឬ​រកស៊ី​មុខរបរ​អ្វី​ម្យ៉ាង​ក្រៅ ពី​លេងល្បែង​មួយ​នេះ ទើប​អាច​មាន​សល់​លុយកាក់​ខ្លះ​សម្រាប់​ក្រុម​គ្រួសារ ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

អស្ចារ្យ​... រៀន​ពេទ្យ​ចប់​ភ្លាម បើក​ផ្ទះ​ព្យាបាល​ជំងឺ​ភ្លាម

ខេត្តកំពង់ស្ពឺ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៧ សមត្ថកិច្ច​ចម្រុះ​មួយ​ក្រុម​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត ជិន កែវ​សុវណ្ណ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត បាន​ចុះ​ពិនិត្យ​កន្លែង​ព្យាបាល​ជំងឺ​ទូទៅ​របស់​និស្សិត​ពេទ្យ​ម្នាក់ ដែល​ទើបនឹង​បញ្ចប់​ការ​សិក្សា​បាន​យក​សញ្ញាប័ត្រ​របស់​ខ្លួន​មក​ដាក់​តាំង ហើយ​បើក​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ ព្រមទាំង​ចេញ​លិខិត​ផ្សេង​ៗ​ដល់​អ្នកជំងឺ​ទៀត​ផង​។

គ្រូពេទ្យ​រូប​នេះ​ឈ្មោះ ញ៉ែ​ម សុខ​ម៉េ​ង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅ និង​បើក​កន្លែង​ព្យាបាល​ជំងឺ ស្ថិត​នៅ​ភូមិ​រំដួល​៨៨ ហៅ​ផ្សារ​តា​ឡា​ត់ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។

អ្វី​ដែល​ជា​ការ​កត់សម្គាល់​ របស់​សមត្ថកិច្ច​ចម្រុះ​នោះ​ត្រង់​ថា លោកគ្រូ​ពេទ្យ​រូប​នេះ បាន​បោះពុម្ព​ក្រដាស​វេជ្ជបញ្ជា​ ដោយ​យកឈ្មោះ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ មក​ដាក់​ទៀត​ផង ដែល​ការ​ដាក់​ដូច្នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ខុសច្បាប់ ព្រោះតែ​រូប​គាត់​មិនមែន​ជា​មន្ត្រីរាជការ​ ដែល​បម្រើ​ការ​ក្នុង​អង្គភាព​រដ្ឋ ។ ការ​បើក​អាជីវកម្ម​រកស៊ី​បែប​នេះ ត្រូវ​បាន​មន្ត្រី​ប្រាប់​ថា វា​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ករណី​នេះ​អាច​ហៅ​បាន​ថា រកស៊ី​បន្លំ​មហាជន ជា​ពិសេស​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​តំបន់​ខាងលើ​តែ​ម្តង​។

ក្នុង​ការ​ពិនិត្យ​នេះ​ដែរ ក្រុមចម្រុះ​រក​ឃើញ​ថា កន្លែង​ព្យា​ល​ជំងឺ​របស់​លោក ញ៉ែ​ម សុខ​ម៉េ​ង បើក​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា និង​ខ្វះ​អនាម័យ ជា​ពិសេស គឺ​ទូ​ដាក់​ថ្នាំ​តែ​ម្តង​។ ក្នុង​ការ​ត្រួតពិនិត្យ​គណៈកម្មការ​ចម្រុះ​បាន​ណែនាំ​ដល់​គ្រូពេទ្យ​រូប​នេះ ព្រមទាំង​ឱ្យធ្វើ​កិច្ចសន្យា​៣​ចំណុច ៖

ទី​១-​ឱ្យ​កាត់​បន្ថយ​ចំនួន​គ្រែ​ពី​ច្រើន​មក​តិច អាច​នៅ​ត្រឹម​២​គ្រែ កាត់​បន្ថយ​មុខ​ឱសថ ព្រមទាំង​អនាម័យ​ក្នុង និង​ក្រៅ​បរិវេណ ព្រមទាំង​ត្រួតពិនិត្យ​ទុយោ​ទីប​អុកស៊ីហ្សែន​ផង​ដែរ

ទី​២-​ឈប់​យក​វេជ្ជបញ្ជា​ជ្រក​ក្រោម​ស្លាក​មន្ទីរ​សុខាភិបាល​មក​ប្រើប្រាស់​ចាប់ពី​ថ្ងៃ​ធ្វើ​កិច្ចសន្យា​នេះ​តទៅ

ទី​៣-​បើសិនជា​ថ្ងៃក្រោយ​លោក ញ៉ែ​ម សុខ​ម៉េ​ង មិន​គោរព​តាម​កិច្ចសន្យា​នេះ​ទេ លោក​សូម​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ទាំងស្រុង​។

បើ​តាម​គ្រូពេទ្យ​មួយ​រូប​លើក​ឡើង​ថា តាម​ពិត​និស្សិត​ពេទ្យ​ដែល​ទើប​បញ្ចប់​ការ​សិក្សា​សាលា​រដ្ឋ​ក្តី ឯកជន​ក្តី ត្រូវ​ចុះ​ធ្វើ​កម្មសិក្សា​រយៈពេល​៣​ឆ្នាំ​យ៉ាងតិច ទើប​អាច​សុំ​ច្បាប់​បើក​អា​ជី​កម្ម​បាន មិនមែន​រៀន​ចប់​ភ្លាម​មក​បើក​ភ្លាម​នោះ​ទេ​។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]