បរទេស៖ សារព័ត៌មានបរទេស Mashable បានចុះផ្សាយកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ថា ក្រុមហ៊ុន Apple បានចេញឆ្លើយតប ក្រោយមានការចុះផ្សាយរបស់ WikiLeaks ថា CIA ផលិតសម្រេចនូវបច្ចេកវិទ្យាអាចវាយលុក (Hack) លើទូរស័ព្ទ iPhone និង MacBooks ដោយទទួលស្គាល់ថានេះជាការពិត។

ប្រភពព័ត៌មានបានឲ្យដឹងថា ទោះជាយ៉ាងណា ក្រុមហ៊ុន Apple បានឲ្យដឹងថា “ដោយផ្អែកលើការវិភាគដំបូងរបស់យើង ទូរស័ព្ទដែលអាចវាយលុកបាន មានតែលើ iPhone ផលិតឆ្នាំ ២០០៩ ពោលគឺម៉ូដែល 3Gs តែប៉ុណ្ណោះ ហើយម៉ូដែលក្រោយៗ បច្ចេកវិទ្យា NightSkies ដែល CIA ផលិតបានគឺមិនអាចវាយលុកបាននោះទេ។

ប្រភពបន្តថា ចំពោះ MacBooks វិញ គឺអាចវាយលុកតែលើ MacBooks ដែលផលិតមុនឆ្នាំ ២០១៣ ប៉ុណ្ណោះ ខណៈ MacBooks ជំនាន់ក្រោយៗ បច្ចេកវិទ្យា Sonic Screwdriver របស់ CIA មិនអាចជ្រៀតចូលបានទេ ដោយសារវាមានប្រព័ន្ធសុវត្ថិភាពខ្ពស់ជាមុនឆ្ងាយណាស់។

គួរបញ្ជាក់ថា កាលពីពេលថ្មីនេះ គេហទំព័រ WikiLeaks បានបង្ហាញថាទីភ្នាក់ងារស៊ើបការសម្ងាត់ (CIA) ទើបផលិតបានបច្ចេកវិទ្យាដែលអាចវាយលុក (Hack) ចូល គ្រប់គ្រងទិន្នន័យ និងបញ្ជា iPhone និង MacBooks ដោយមិនឲ្យអ្នកប្រើប្រាស់ដឹងខ្លួនឡើយ។ 

បច្ចេកវិទ្យានោះរួមមាន NightSkies និង Sonic Screwdriver ដោយ NightSkies ត្រូវ CIA ផលិតបានតាំងពីឆ្នាំ ២០០៨ ជាបច្ចេកវិទ្យាសម្រាប់ Hack ទូរស័ព្ទ iPhone ម៉ូដែល 3Gs ។ វានឹងបញ្ជូនទិន្នន័យក្នុង iPhone ដែលមានដូចជាឈ្មោះ លេខទូរស័ព្ទ សារជាអក្សរ ការហៅចេញចូល ការប្រើប្រាស់អ៊ីនធឺណិត ឬប្រភេទវីដេអូដែលមើលក្នុង YouTube។

ដោយឡែក Sonic Screwdriver ជាបច្ចេកវិទ្យាដែល CIA ទើបផលិតបាន ដែលបង្កប់ក្នុងឧបករណ៍ជើងតំណរន្ធ Thunderbolt ទៅ Ethernet របស់ MacBooks ហើយវានឹងមានសមត្ថភាពជ្រៀតចូលប្រព័ន្ធប្រតិបត្តិការ និងគ្រប់គ្រងទាំងស្រុងលើ MacBooks ។ រីឯបច្ចេកវិទ្យាចុងក្រោយគឺ DarkSeaSkies ដោយវាមានសមត្ថភាពពិសេស គ្រប់គ្រងទាំងស្រុងលើ MacBook Air ដោយប្រើពេលតែ ២៩ វិនាទីប៉ុណ្ណោះ ហើយ CIA អាចបញ្ចូលបច្ចេកវិទ្យានេះទៅ MacBook Air នានាដែលបានភ្ជាប់បណ្ដាញអ៊ីនធឺណិត៕ 

ប្រភព៖ Mashable |  RT

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ពេលនេះបែកធ្លាយ «រូបរាង ពណ៌ តម្លៃ» របស់ Galaxy S8 និង S8 Plus កាន់តែច្បាស់ហើយ..!

បរទេស៖ មុនកាលបរិច្ឆេទអំឡុងខែមេសាខាងមុខនេះ ដែលក្រុមហ៊ុនសាមស៊ុង ត្រូវបានគេរំពឹងថានឹងបញ្ចេញម៉ូដែលទូរសព្ទស្មាតហ្វូន Galaxy ត្រកូល S ស៊េរីថ្មីចុងក្រោយរបស់ខ្លួន ថ្មីៗនេះស្រាប់តែលេចធ្លាយរូបរាងនិងពណ៌របស់វាកាន់តែច្បាស់ ជាមួយនឹងតម្លៃដែលគេនឹងត្រូវដាក់លក់លើទីផ្សារផងដែរ។

យោងតាមប្រភពពីគណនី Twitter របស់លោក Evan Blass ដែលធ្លាប់ទម្លាយរូបរាងម្តងរួចមកហើយកាលពីខែមករា ដើមឆ្នាំ២០១៧ ដោយលើកនេះ បានទម្លាយឲ្យអ្នកប្រើប្រាស់បានឃើញនូវពណ៌ចំនួន៣ របស់ម៉ូដែលទូរសព្ទ Galaxy S8 និង S8 Plus ខណៈការប្រកាសចេញជាផ្លូវការក្នុងខែមេសាមិនទាន់មកដល់ផងនោះ។ ពណ៌របស់ទូរសព្ទ Galaxy S8 និង S8 Plus មានដូចជា ខ្មៅ (Black Sky) ប្រផេះ (Orchid Grey) និងប្រាក់ (Arctic Silver)។

សម្រាប់តម្លៃវិញ ប្រភពដដែលបានទម្លាយឲ្យដឹងថា S8 (៧៩៩អ៊ឺរ៉ូ ឬប្រមាណ៨៥៩ដុល្លារ) និង S8+ (៨៩៩អ៊ឺរ៉ូ ឬប្រមាណ ៩៦៧ដុល្លារ)៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]