អូស្ត្រាលី៖ តើអ្នកធ្លាប់គិតដែរទេថា គ្រាន់តែបង្ហោះរូបនៅក្នុងបណ្តាញសង្គមសោះ អាចទទួលបានលុយដែរ? ប្រាកដណាស់ ព្រោះថាតារាម៉ូដែលរូបនេះ គ្រាន់តែបង្ហោះរូបមួយសន្លឹក អាចរកប្រាក់បានច្រើនជាង មនុស្សធម្មតាធ្វើការ ៥ឆ្នាំទៅទៀត។

យោងទៅតាម សារព័ត៌មាន Viral Thread បានឲ្យដឹងថា តារាម៉ូដែលអូស្ត្រាលីល្បីៗភាគច្រើន អាចទទួលបានប្រាក់ប្រមាណជាជាង ១១ ០០០ដុល្លារអាមេរិកសម្រាប់ការបង្ហោះរូបថតមួយសន្លឹក ទៅក្នុងបណ្តាញសង្គម ហើយមានតារាម៉ូដែលខ្លះអាចរកប្រាក់ចំណូលបានរាប់លានដុល្លារឯណោះ ក្នុងមួយឆ្នាំៗ។

តារាម៉ូដែល កញ្ញា Sjana Elise Earp ដែលមានប្រិយមិត្តក្នុងបណ្តាញសង្គម Instagram រហូតដល់ទៅជាង 1.2លាននាក់នោះ បានចែករំលែកអាថ៌កំបាំងនៃការរកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះតាមរយៈបណ្តាញសង្គមរបស់នាងថា៖

“កាលពីពេលដែលខ្ញុំនៅរៀនថ្នាក់ទី១០ ខ្ញុំមានជម្ងឺធ្លាក់ទឹកចិត្ត ហើយខ្ញុំក៏ធ្លាប់បានស្នាក់នៅមណ្ឌលវិកលចរិកផងដែរ។ ខ្ញុំបានឈប់រៀនតាំងពីពេលនោះមក ប៉ុន្តែខ្ញុំមានសញ្ញាប័ត្រពាក់ព័ន្ធនឹងវគ្គបណ្តុះបណ្តាលកាយសម្បទា ក៏ដូចជាបានសិក្សាខាងសារព័ត៌មានផងដែរ។ បន្ទាប់មកទៀត ខ្ញុំក៏បានឈប់សិក្សាផ្នែកនោះទៀត ដោយសារតែខ្ញុំចាប់ផ្តើមរកចំណូលតាមរយៈInstagram”។

“ខ្ញុំបានប្រើ Instagram ដើម្បីបង្ហាញពីមតិផ្ទាល់ខ្លួន និងគំនិតនៃការកែច្នៃផ្សេងៗ។ បន្ទាប់មក ខ្ញុំត្រូវបានគេទាក់ទងឲ្យទៅថតរូបក្នុងកម្មវិធីមួយនៅឯទីក្រុង Perth។ បន្ទាប់មកទៀត ខ្ញុំក៏ត្រូវបានទាក់ទងទៅធ្វើការនៅបាលី ដើម្បីបង្ហាញអំពីរបៀបហាត់Yoga។ និយាយរួមទៅ បើសិនជាមាននរណាម្នាក់ ​បានមើលអ្វីដែលខ្ញុំបង្ហោះ ហើយគេពេញចិត្តនោះ គេនឹងទាក់ទងទៅធ្វើការងារឲ្យពួកគេតែម្តង។”

ទោះជាយ៉ាងណា នាងមិនដែលធ្លាប់គិតទេថា នាងអាចទទួលបានជោគជ័យបែបនេះ ហើយនាងគិតថា វាកើតឡើងបានដោយសារតែ "ពេលវេលា សំណាង និងចំណង់"។

បន្ទាប់មកទៀត នាងក៏បានចាប់ផ្តើមប្រើប្រាស់បណ្តាញសង្គម Instagram ដើម្បីបង្ហាញអំពីបញ្ហាសុខភាពផ្លូវចិត្តរបស់នាង។

ប្រិយមិត្តរបស់នាងក៏បានចាប់ផ្តើមទទួលយកអារម្មណ៍ និងការគិតរបស់នាង។ ៣ឆ្នាំបន្ទាប់មក នាងត្រូវបានភ្នាក់ងារមួយទាក់ទង នាងឲ្យទៅធ្វើការជាមួយពួកគេ។ នៅពេលនោះ នាងស្រាប់តែមានប្រតិកម្មតែម្តងថា “ថាមិច? គ្រាន់តែបង្ហោះរូបហ្នឹងបានលុយដែរ?”

តារាម៉ូដែល កញ្ញា Sjana Elise Earp បាននិយាយយ៉ាងដូច្នេះថា “បើសិនជាខ្ញុំមិនប្រើប្រាស់ម៉ាក ឬផលិតផលរបស់ខ្ញុំខ្លួនឯងទេ ខ្ញុំមិនទទួលយកSponsor ឡើយ ហើយខ្ញុំបានកំណត់គោលការណ៍សម្រាប់ខ្លួនឯង ច្រើនជាងអ្នកផ្សេងទៀតដែលធ្វើការងារប្រហាក់ប្រហែលនឹងខ្ញុំដែរ ព្រោះខ្ញុំគិតថាវាល្អខ្លាំងណាស់ បើសិនជាខ្ញុំធ្វើការសម្រាប់ម៉ាកផលិតផលរបស់ខ្ញុំខ្លួនឯង។ ប៉ុន្តែវាក៏ល្អដែរ បើសិនជាខ្ញុំទទួលបាន Sponsor”។

“ខ្ញុំបានចុះកុងត្រាជាមួយម៉ាកសម្លៀកបំពាក់ Yoga មួយគឺម៉ាក Alo Yoga។ ខ្ញុំបានក្លាយជាអ្នកតំណាងផលិតផលរបស់ពួកគេ ក៏ព្រោះតែវាជាម៉ាកដែលខ្ញុំចូលចិត្ត។ នៅពេលដែលអ្នកកាន់តែរីកចម្រើន និងកាន់តែត្រូវបានគេទទួលស្គាល់នោះ តម្លៃខ្លួនរបស់អ្នកក៏កើនឡើងតាមហ្នឹងដែរ។ នេះគឺជារឿងមួយដែលមិនបានព្រៀងទុកទាល់តែសោះ។ ខ្ញុំមិនដឹងថា នឹងមានអ្វីកើតឡើងបន្ទាប់ពីនេះទៀតទេ ប៉ុន្តែខ្ញុំដឹងថា ខ្ញុំសំណាងណាស់ដែលខ្ញុំបានជ្រើសរើសធ្វើរឿងដែលខ្ញុំចង់ធ្វើនេះ” ៕

ប្រភព៖ បរទេស

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖ លឿនមែន! កំពូលអ្នករាប់លុយ ដ៏សែនរហ័សប្រចាំឆ្នាំ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង លើអ៊ីនធើណែត (មានវីដេអូ)

ចិន៖ ការរាប់លុយវាមិនមែនជា រឿងងាយស្រួលឡើយ ពេលខ្លះវាគឺជាភារកិច្ចលំបាកមួយ និងគួរឲ្យធុញទ្រាន់ថែមទៀតផង។ ប៉ុន្តែបើក្រឡេកទៅមើលស្រ្តីវ័យក្មេង ជនជាតិចិនម្នាក់នេះវិញ ហាក់បីដូចជាមានជំនាញខ្លាំងមែនទែន ជាមួយតិចនិចរាប់លុយរបស់នាង បានយ៉ាងរហ័សរហួនប្រើពេលក្នុងរយៈពេលខ្លីមួយ ដោយថ្មីៗវីដេអូឃ្លីបរបស់នាង គឺកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គម។

ប្រភពបានឲ្យដឹងថា វីដេអូឃ្លីបបង្ហាញពីសកម្មភាព នារីមិនត្រូវបានស្គាល់អត្តសញ្ញា មកពីទីក្រុង Weifang ខេត្ត Shandong ប្រទេសចិននេះ ត្រូវបានថតឡើង ក្នុងកំឡុងពេលដែលនាង កំពុងតែធ្វើការប្រកួតប្រជែងរាប់លុយ រវាងបុគ្គលិកនិងបុគ្គលិក នៅកន្លែងក្រុមហ៊ុនដែលនាងធ្វើការ។

ការប្រកួតប្រកួតប្រជែងនេះ ត្រូវបានធ្វើឡើងដើម្បីស្វែងរក អ្នកដែលមានថ្វីដៃរហ័សក្នុងការរាប់លុយ ក្នុងចំនួនច្បាស់និងត្រឹមត្រូវ។ ក្នុងនោះគេឃើញថា នារីខាងលើបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង រាប់លុយជាច្រើនខ្ទាស់នៅលើតុ ដោយប្រើនូវម្រាមដៃទាំងប្រាំរបស់នាង តាមវិធីសាស្រ្តដែលនាងអាចធ្វើបាន។ បន្ទាប់ពីរាប់លុយអស់មួយខ្ទាស់ នាងក៏បានកត់ត្រាទុក នៃតួលេខចំនួនទឹកប្រាក់ នៅលើក្រដាសមួយសន្លឹក មុនពេលដែលនាង ទាញយកលុយមួយខ្ទាស់ទៀត មករាប់ជាបន្តបន្ទាប់រហូតទាល់តែអស់។

គួរឲ្យដឹងដែរថា បន្ទាប់ពីវីដេអូឃ្លីបដើម ត្រូវបានបង្ហោះចែកចាយ នៅលើបណ្តាញសង្គមចិនមក បានទាក់ទាញអ្នកចុចចូលមើល រហូតដល់ទៅជាង ៥លានដងផងដែរ៕

ចង់ដឹងយ៉ាងណានោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]