(ភ្នំពេញ)៖ ស្ត្រីចំណាស់ម្នាក់ បានធ្វើដំណើរមកពីទិញថ្នាំពេទ្យនៅមន្ទីពេទ្យកាល់ម៉ែត តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក៏ត្រូវចោរ២នាក់ជិះម៉ូតូ មួយគ្រឿងមិនចាំស្លាក់លេខ បានធ្វើសកម្មភាពឆក់កាបូបបានសម្រេច បណ្តាលឲ្យស្រ្តីរងគ្រោះ ដួលរងរបួសយ៉ាងដំណំ ភ្លាមៗនោះជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍មួយនេះបានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ​ ស្ថិតនៅលើផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីរងគ្រោះដែលត្រូវចោរឆក់កាបូបនោះ ឈ្មោះ ខៀវ សង អាយុ៥៥ ឆ្នាំមុខរបរនៅផ្ទះរស់នៅ ភូមិកំរៀង សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាក «SUZUKI NEX» ពណ៌សលាយក្រហម ពាក់ស្លាក់លេខ​ភ្នំពេញ 1DH-6148។

ស្ត្រីរងគ្រោះបានឲ្យដឹងថា នៅមុនកើតហេតុ គាត់បានធ្វើដំណើរចេញពីផ្ទះ ដើម្បីទៅទិញថ្នាំពេទ្យដើម្បីព្យាបាលជំងឺ នៅឯមន្ទី​ពេទ្យកាលម៉ែត ដោយគាត់ទិញថ្នាំរួចហើយ ក៏បានធ្វើដំណើរ ជិះតែម្នាកឯង ត្រឡប់មកផ្ទះវិញតាម​បណ្តោយផ្លូវ​មហាវិថី​សហព័ន្ធរុស្ស៊ី ស្រាប់តែមកដល់​ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យមានគ្នា២នាក់ ពាក់អាវធំពណ៌ខ្មៅ បានជិះធ្វើ​សកម្មភាពដោយម៉ូតូសង់ឌ្រីម ពណ៌ខ្មៅមិនចាំស្លាកលេខ បានឆក់កាបូបស្ពាយពីគាត់បានសម្រេច ហើយរួចជិះរត់​គេចខ្លួនបាត់​ស្រមោល តែម្តងបណ្តាលឲ្យរូបគាត់ ដួលរងរបួសយ៉ាងដំណំ។

ស្រ្តីរងគ្រោះខាងលើបានបន្តថា នៅក្នុងកាបូបនោះមាន លុយខ្មែរជាង៣០ម៉ឺនរៀល ទូរស័ព្ទ២គ្រឿង អត្តសញ្ញាណ​ប័ណ្ណ១សន្លឹក​និងវត្ថុមានតំលៃ​មួយចំនួនទៀតផងដែរ។

ក្រោយកើតហេតុ ស្រ្តីរងគ្រោះបានធ្វើដំណើរ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ច​ស្រាវជ្រាវ តាមចាប់ជន​សង្ស័យមកផ្តន់ទាទោសតាមច្បាប់៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ សមត្ថកិច្ច​ចាប់ខ្លួន​គ្រូ​បោក​រឿង​រៀបចំ​អាសនៈ​តាម​ផ្ទះ​លើករាសី ប្រគល់​ជូន​តុលាការ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​តាំងខ្លួន​ជា​គ្រូទាយ និង​ចេះ​រៀបចំ​អាសនៈ តាម​ផ្ទះ​លើករាសី កាលពី​ថ្ងៃ​ទី​២០ មីនា ២០១៧ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​៧​មក​រា ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តា​ផ្លូវច្បាប់​ពី​បទ​ឆបោក​ប្រាក់​អ្នក​ដទៃ ចំនួន​១.២០០​ដុល្លារ​អា​មេ​រិ​ក​។

ស្ត្រី​ជា​គ្រូទាយ​ម្នាក់​ឈ្មោះ ជុំ ច័ន្ទ​សោភា អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​អគារ​D បន្ទប់​លេខ​២២ ជាន់​ទី​៥ ផ្លូវ​២១ បុរី​កីឡា សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

អង្គហេតុ​បណ្តាល​ឲ្យ​ សមត្ថកិច្ច​ចាប់ខ្លួន​ស្ត្រី​ ជា​គ្រូ​បោក​ម្នាក់​នោះ ត្រូវ​បាន​គេ​ដឹង​ថា​កាលពី​ថ្ងៃ​ទី​ទី​១៧ កុម្ភៈ ២០១៧ ជនសង្ស័យ​ឈ្មោះ ជុំ ច័ន្ទ​សោភា បាន​ទាយ​អះអាង​ប្រាប់​ឈ្មោះ អោម សា​រឿ​ន ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ដែល​ជា​មនុស្ស​ធ្លាប់​ស្គាល់គ្នា​ថា ខ្លួន​ជា​គ្រូទាយ និង​ចេះ​រៀបចំ​អាសនៈ​ នៅ​ក្នុងផ្ទះ​ដើម្បី​លើករាសី ឲ្យ​ម្ចាស់​រស់នៅ​បាន​សិរី​សួស្តី សុខ​សប្បាយ និង​មាន​លាភសក្ការៈ​ហូរ​ ចូល​គ្រប់​បែប​យ៉ាង​។

ដោយសារ​ការ​និយាយ​ស្តី​បែប​ប៉ិន​ប្រសប់ ដែល​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​អាច​ជឿ​ទុកចិត្ត​បាន ជន​រង​គ្រោះ​ក៏​នាំ​ស្រី្ត​ជា​គ្រូទាយ​រូប​នោះ​ឡើង​ទៅ​មើល​ដល់​លើ​ផ្ទះ ដើម្បី​មើល និង​រៀបចំ​អាសនៈ​ថ្មី​ដូចដែល​អ្វី​គ្រូ​បោក បាន​បញ្ចុះបញ្ចូល​។

សមត្ថកិច្ច​បន្ត​ថា ពេល​គ្រូទាយ​បាន​ទៅ​មើល​ កន្លែង​ដែល​ត្រូវ​រៀបចំ​អាសនៈ​ថ្មី​នោះ​ហើយ គ្រូ​ប៉ោក​បាន​ប្រាប់​ជន​រង​គ្រោះ​ថា បើ​ចង់​រៀប​អាសនៈ​ថ្មី​ឲ្យ​រកស៊ី​មានបាន​ចម្រុងចម្រើន​លូតលាស់ ទាំង​មុខរបរ​ការងារ​ជា​មន្ត្រីរាជការ តម្រូវ​ឲ្យ​ម្ចាស់ផ្ទះ​ចំណាយ​ប្រាក់​១.២០០​ដុល្លារ ដើម្បី​យក​ទៅ​ទិញ​សម្ភារ​មក​រៀបចំ​។

ជន​រង​គ្រោះ​ហេតុតែ​មាន​ជំនឿ ចង់បាន​សេចក្តីសុខ​គ្រប់​បែប​យ៉ាង និង​ចង់​លើករាសី​ឲ្យ​រួច​ផុត​ពី​ប្រការ​ទាំងឡាយ​ ដែល​មិនល្អ​ចូលខ្លួន​ចូល​ផ្ទះ សុខចិត្ត​ប្រគល់​ប្រាក់​១.២០០​ដុល្លារ​អា​មេ​រិ​ក​ឲ្យ​ទៅ​ស្ត្រី​ ដែល​អះអាង​ថា​ជា​គ្រូទាយ​នោះ​ទៅ​។

លុះ​ពេល​ប្រគល់​ប្រាក់​១.២០០​ដុល្លារ​ឲ្យ​ទៅ​គ្រូទាយ​នោះ​ហើយ ក៏​ទៅ​បាត់​ទៅ បាត់​រហូត​គ្មាន​ដំណឹង និង​គ្មាន​ការ​រៀបចំ​អាសនៈ​ដូច​កាលដែល​បាន​និយាយ​គ្នា សូ​ម្បី​ទាក់ទង​តាម​ទូរស័ព្ទ​ក៏​មិន​ទទួល​ជា​ច្រើន​លើក ទើប​ជន​រង​គ្រោះ​ស​ម្រេ​ចិត្ត​ប្តឹង​សមត្ថកិច្ច ឲ្យ​ជួយ​ស្រាវជ្រាវ និង​តាម​ចាប់ខ្លួន​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។

ក្រោយ​ពេល​ចាប់ខ្លួន​ស្ត្រី​ជា​គ្រូ​បោក សមត្ថកិច្ច​បាន​កសាង​ សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ចោទប្រកាន់​ពី​បទ​ឆបោក​។ សំណុំរឿង​នេះ​ត្រូវ​បាន​តំណាង​អយ្យការ​ធ្វើការ​ ចោទប្រកាន់​ជា​ផ្លូវការ​រួច​ហើយ​ដែរ និង​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]