អង់គ្លេស៖ នារីអភ័ព្វកើតមានជំងឺដុះដុំសាច់កម្រម្យ៉ាង បណ្តាលឲ្យវៀចមុខវៀចមាត់ តែងត្រូវបានមនុស្សជាច្រើន ប្រមាថមាក់ងាយលើរូបសម្រស់របស់នាង ទីបំផុតអាចស្វែងរកដៃគូស្នេហាសមតាមបំណង។ នេះបើយោងតាមប្រភពសារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយ។

នាង Sophia Walker អាយុ២២ឆ្នាំ និស្សិតស្រីផ្នែកកសិកម្ម មកពីទីក្រុង Norfolk ប្រទេសអង់គ្លេស ជានារីក្លាហានម្នាក់ ដែលហ៊ានបើកចំហរនិយាយអំពីរឿងរ៉ាវ ទាក់ទងនឹងរូបរាងខាងក្រៅរបស់នាង ថ្វីបើផ្ទៃមុខរបស់នាង កើតមានជំងឺម្យ៉ាងហៅថា «Neurofibromatosis» ដែលជាលក្ខខណ្ឌជំងឺមួយប្រភេទ ដុះដុំសាច់លើរាងកាយ។

ទោះបីជាយ៉ាងណា  នាងមានភាពស្រស់ស្អាតច្រើនជាងមុន បន្ទាប់ពីនាងបានជួបស្នេហាស្ម័គ្រស្មោះ ដែលជាអតីតមិត្តចាស់របស់នាង គឺលោក Christian Dibden មានវ័យ២២ឆ្នាំដូចគ្នា។

នាង Walker ជានិស្សិតស្រីនៅសាកលវិទ្យា Harper Adams University ក្នុងទីក្រុង Shropshire រូបនេះបាននិយាយថា «អស់រយៈពេលជាច្រើន ក្រោយពីមានមនុស្សជាច្រើន និយាយស្តីមើលងាយលើរូបខ្ញុំ និងបទពិសោធន៍ណាត់ជួបមិនល្អៗជាច្រើនមក ខ្ញុំមិនដែលនឹកគិតសោះថា បានជួបគាត់ (Christian) ដែលជាបុរសដ៏ល្អម្នាក់សម្រាប់ខ្ញុំសោះ។ បុរសជាច្រើនដែលស្រលាញ់ខ្ញុំ បានត្រឹមរក្សាខ្ញុំទុកជាអាថ៌កំបាំង ដោយសារខ្លាចខ្មាសគេនៅពេលដែលអ្នកដទៃ ឃើញខ្ញុំនៅជាមួយនឹងពួកគេ។ ប៉ុន្តែពេលនេះ ខ្ញុំអាចស្វែងរកបុរសម្នាក់ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្លួនឯងជានារីស្រស់ស្អាត និងស្រលាញ់ខ្ញុំពិត ព្រោះខ្ញុំជាខ្ញុំ»

គួរឲ្យដឹងដែរថា គូស្នេហ៍មួយគូនេះបានចាប់ផ្តើមស្រលាញ់គ្នា បានរយៈពេលជាង ៥ខែកន្លងមកហើយ។ ពួកគេបានស្គាល់គ្នានៅមហាវិទ្យាល័យ ដោយកាលនោះមានអាយុ១៦ឆ្នាំ ប៉ុន្តែក្រោយមក ទំនាក់ទំនងរបស់ពួកគេរាងឃ្លាតឆ្ងាយពីគ្នា បន្ទាប់ពីពួកគេទាំងពីរបានរៀនចប់។ ទោះបីជាយ៉ាងណាក្តី កាលពីក្នុងអំឡុងខែកញ្ញា ឆ្នាំមុននេះ ពួកគេទាំងពីរក៏បានធ្វើការណាត់ជួប ញ៉ាំអាហារពេលល្ងាចជាមួយគ្នា ដ៏រីករាយមួយ។

Walker និយាយថា «ដំបូងឡើយគិតថា ពួកយើងគ្រាន់តែជាមិត្តភក្តិសាមញ្ញា នឹងគ្នាតែប៉ុណ្ណោះ។ ប៉ុន្តែផ្ទុយទៅវិញ អ្វីៗដែលបានកើតឡើង ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាលើសហ្នឹង (លើសពីមិត្ត)។ លុះក្រោយៗមកទៀត ពួកយើងតែងតែធ្វើការណាត់ជួបជាមួយគ្នា ហើយពួកយើងថែមទាំងបាន ចែករំលែកស្នាមថើបដំបូង ជាមួយគ្នាថែមទៀតផង។ Chris ក៏រីករាយដែលក្លាយ ជាមិត្តប្រុសរបស់ខ្ញុំ ចំណែកខ្ញុំក៏រីករាយដូចគ្នា ដែលអាចស្វែងរកមនុស្សពិសេសម្នាក់សម្រាប់ខ្លួនឯង បូករួមទាំងឪពុកម្តាយរបស់ខ្ញុំ ក៏ស្រលាញ់គាត់យ៉ាងខ្លាំងផងដែរ»

គួរឲ្យដឹងទៀតដែរថា នាង Walker មានសំណុំដុំសាច់មុខ ដុះយ៉ាងស្មុគស្មាញ តាំងពីកំណើតមកម្ល៉េះ។ នាងធ្លាប់ធ្វើការវះកាត់ កាលពីនាងមានអាយុ១៤ឆ្នាំ ក្នុងកំឡុងខែវិច្ឆិកា ឆ្នាំ២០០៩កន្លងទៅ នៅមន្ទីរពេទ្យ John Radcliffe ក្នុងទីក្រុង Oxford ។ ដោយចំណាយរយៈពេលអស់២ម៉ោង ក្នុងប្រតិបត្តិការវះកាត់យកជាលិកាដែលលើសចេញ។ នៅអាយុ១៨ឆ្នាំ Walker ក៏បានទទួលការវះកាត់បន្ថែម ចំនួន២កន្លែងទៀត នៅលើផ្ទៃមុខរបស់នាង ដើម្បីកុំឲ្យឃើញសាច់មុខយារធ្លាក់ខ្លាំងពេក។

Walker និយាយថា «មានមនុស្សជាច្រើនតែងសួរខ្ញុំថា ហេតុអ្វីមិនព្រមវះកាត់ដុំសាច់ទាំងអស់នោះចេញ? មូលហេតុនោះ ដោយសារតែដុំសាច់ បានដុះភ្ជាប់ទៅនឹងចុងសរសៃប្រសាទ ទើបមិនអាចធ្វើការវះកាត់ យកចេញបានទាំងស្រុង បើមិនដូច្នេះទេវានឹងអាចធ្វើឲ្យផ្ទៃមុខរបស់ខ្ញុំ កម្រើកលែងបាន ឬខ្វិនពិការតែម្តង។ កាលខ្ញុំចូលរៀន ថ្នាក់សាកលវិទ្យាល័យដំបូង គឺខ្ញុំខូចចិត្តយ៉ាងខ្លាំង។ ដុំសាច់មុខរបស់ខ្ញុំមានទម្ងន់ធ្ងន់ ធ្វើឲ្យទាញភ្នែករបស់ខ្ញុំធ្លាក់ចុះ ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់»

Walker បានបន្ថែមចុងក្រោយថា «ខ្ញុំពិតជារីករាយខ្លាំង ដែលបានក្លាយជាមិត្តស្រីរបស់ Chris ខ្ញុំកំពុងតែសម្លឹងឆ្ពោះទៅមុខថា ក្រោយបញ្ចប់ការសិក្សា ខ្ញុំនឹងវិលត្រលប់ទៅ Norfolk វិញ ដោយមានការគ្រាំទ្រ ពីមនុស្សជាទីស្រលាញ់របស់ខ្ញុំ (Chris) ។ ទីបំផុតខ្ញុំបានរកឃើញទំនុកចិត្តលើខ្លួនឯង និងអ្វីដែលជាភាពស្រស់ស្អាតរបស់ខ្ញុំផងដែរ»

ប្រភព៖ ដេលីម៉ែល

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

រំភើបដល់ស្រក់ទឹកភ្នែក! កម្លោះសង្ហាម៉ៅដាច់បន្ទប់រោងកុន រៀបគម្រោងសុំមិត្តស្រីរៀបការ យ៉ាងភ្ញាក់ផ្អើល (មានវីដេអូ)

ម៉ាឡេស៊ី៖ វាគឺជាក្តីសុបិនមួយ សម្រាប់នារីៗគ្រប់រូបតែងតែប្រាថ្នាចង់បាន ការសុំរៀបការដ៏រ៉ូមែនទិចមួយ ពីដៃគូស្នេហារបស់ពួកគេ។ ជាក់ស្តែងងាកទៅចាប់អារម្មណ៍ គូស្នេហ៍វ័យក្មេង ជនជាតិម៉ាឡេស៊ីមួយគូនេះវិញ ថ្មីៗនេះវីដេអូឃ្លីប ស្ទាយសុំមិត្តស្រីរៀបការ ពីខាងមិត្តប្រុស កំពុងតែធ្វើឲ្យអ្នកនិយមលេង បណ្តាញសង្គមជាច្រើន កើតចិត្តច្រណែន និងរំជួលចិត្តជំនួសខាងស្រីយ៉ាងខ្លាំង។

បើតាមប្រភពបានឲ្យដឹងថា កាលពីចុងខែកុម្ភៈ កន្លងទៅនេះ បុរសជនជាតិម៉ាឡេស៊ីម្នាក់ បានស្នើសុំមិត្តស្រីរបស់គាត់រៀបការ ក្នុងទិដ្ឋភាពដ៏រ៉ូមែនទិចមួយ នៅក្នុងរោងកុនតែម្តង។ គាត់បានធ្វើការកក់បន្ទប់បញ្ចាំងកុន រួចអនុវត្តទៅតាមផែនការណ៍របស់គាត់ ដោយធ្វើការណាត់ជួបមិត្តស្រីមកមើលកុន។

ក្រោយមកពួកគេក៏បានទៅរោងកុន ជាធម្មតាដូចការគ្រោងទុក ខណៈមិត្តស្រីរបស់បុរសកំពូលស្នេហ៍នេះ នាងមិនបានដឹងខ្លួនមុនទាល់តែសោះ ហើយគាត់ថែមទាំងបានស្នើសុំ ឲ្យមិត្តស្រីរបស់គាត់ អង្គុយនៅកៅអីកណ្តាលគេ ចំពីមុខផ្ទាំងអេក្រង់បញ្ចាំងកុនផងដែរ ។

ក្រោយពីផែនការណ៍បានសម្រេច ទិដ្ឋភាពក្នុងបន្ទប់កុនទាំងមូល ក៏ស្រាប់តែប្រែជាងងឹត ហើយក៏ចាប់ផ្តើមចាក់បញ្ចាំង ពីវីដេអូឃ្លីបដែលបុរសជាសង្សារ បានថតពីសកម្មភាពរបស់ខ្លួន ដើម្បីសារភាពស្នេហ៍ស្មោះពិត ចេញពីក្រអៅបេះដូង ទៅកាន់មិត្តស្រីរបស់គាត់ មុនពេលដែលរូបគាត់ចេញមុខ មកសុំមិត្តស្រីរៀបការដោយផ្ទាល់។

ងាកទៅចាប់អារម្មណ៍ មិត្តស្រីរបស់គាត់វិញ ធ្វើឲ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតទប់ទឹកភ្នែកមិនបាន កំឡុងពេលទស្សនាវីដេអូឃ្លីបនោះ ដែលមិត្តប្រុសរបស់នាង បាននិយាយរៀបរាប់សារភាពស្នេហ៍ នៅផ្ទាំងកុនដ៏ធំនោះ។

ប៉ុន្មាននាទីក្រោយមក គេឃើញថា បុរសជាសង្សារក៏បានបង្ហាញខ្លួន កាន់បាច់ផ្កាដ៏ស្រស់ស្អាតមួយ ដើរសំដៅទៅកាន់មិត្តស្រីរបស់គាត់ ហើយនាំនាងទៅដើរកាន់វេទិកាខាងមុខ ដកចិញ្ចៀនចេញ រួចលុតជង្គង់សុំមិត្តស្រីជាទីស្រលាញ់រៀបការតែម្តង។ ធ្វើឲ្យមិត្តស្រីរបស់គាត់ ទប់អារម្មណ៍មិនបាន ទីបំផុតក៏យល់ព្រម ទទួលយកបុរសកំពូលស្នេហ៍នោះធ្វើជាគូប្រចាំចិត្តទាំងទឹកភ្នែក និងរំជើបរំជួល៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]