រាជធានីភ្នំពេញ ៖ ក្នុងមួយឆ្នាំៗ កម្ពុជាបាននាំចូលបន្លែ ផ្លែឈើ សាច់ និងគ្រឿងឧបភោគបរិភោគពីប្រទេសជិតខាងមកផ្គត់ផ្គង់ស្ទើរតែទាំងស្រុង ខណៈការផលិតក្នុងស្រុកមិនឆ្លើយតបនឹងតម្រូវការទីផ្សារ គួបផ្សំនឹងមិនសូវឲ្យតម្លៃលើផលិតផលក្នុងស្រុកផងនោះ ធ្វើឲ្យអ្នកផលិតអស់ទំនុកចិត្ត គ្មានទីផ្សារ ហើយចុងក្រោយបោះបង់ការផលិតរបស់ខ្លួនតែម្ដង។ កត្ដាទាំងនេះបានធ្វើឲ្យតម្រូវការម្ហូបអាហារ គ្រឿងឧបភោគបរិភោគកាន់តែកើនឡើងថែមទៀត ដែលជាឱកាសដល់ឈ្មួញនាំចូលពីប្រទេសជិតខាង ស្របពេលសមត្ថកិច្ចតាមព្រំដែន ក៏ដូចជាស្ថាប័នពាក់ព័ន្ធហាក់មិនបានរឹតបន្ដឹងលើបញ្ហាសុវត្ថិភាពម្ហូបអាហារដែលកំពុងក្លាយជាកង្វល់របស់ពលរដ្ឋខ្មែរទូទៅ ។
តាមរយៈការធ្វើបទសម្ភាសន៍ជាមួយអ្នកលក់ និងអ្នកទិញយកទៅបរិភោគពីផ្សារនានាក្នុងរាជធានីភ្នំពេញ មិនមែនពួកគាត់មិនព្រួយបារម្ភទេ គឺពួកគាត់បារម្ភយ៉ាងខ្លាំងលើបញ្ហាសុខភាព ដោយសារការប្រើប្រាស់ថ្នាំគីមីខ្ពស់លើបន្លែ ផ្លែឈើ និងសាច់ ដើម្បីឱ្យនៅស្រស់បានយូរ ។
ប្រជាពលរដ្ឋទាំងអស់សុទ្ធតែចង់បានរបស់ល្អ និងផលិតក្នុងស្រុកយកទៅបរិភោគ ប៉ុន្តែពួកគាត់មិនអាចដឹងថា ផលិតផលទាំងនោះមានប្រភពមកពីណាឡើយ ព្រោះគ្មានអ្វីសម្គាល់ថា ជារបស់ប្រទេសណាគឺមានតែអ្នកនាំចូលប៉ុណ្ណោះទើបដឹង ។
ស្ត្រីកម្មការិនីរោងចក្រមួយរូបដែលតែងតែទិញបន្លែ និងសាច់សម្រាប់ធ្វើម្ហូបក្រោយចេញពីធ្វើការ បានផ្ដល់បទសម្ភាសន៍ជាមួយកោះសន្តិភាពថា តាមពិត នាងចង់បានសាច់ និងបន្លែដាំដោយកសិករខ្មែរ ប៉ុន្តែបន្លែនៅលើទីផ្សាររាល់ថ្ងៃនេះមិនអាចដឹងទេថា យកពីប្រទេសជិតខាង ឬក្នុងស្រុក។ នាងនិយាយថា ៖ « រាល់ថ្ងៃ ខ្ញុំទិញបន្លែនៅផ្សារហ្នឹងពេលចេញពីធ្វើការ តែបន្លែនិងសាច់ដែលខ្ញុំទិញអត់ដឹងថាមកពីណាទេ។ ខ្ញុំឃើញតែគេផ្សាយព័ត៌មានពីរឿងនាំចូលបន្លែ ផ្លែឈើ និងសាច់ពីប្រទេសជិតខាង ជាពិសេស ពីវៀតណាម ហើយឮគេនិយាយថា វៀតណាមខ្លាំងខាងដាក់ថ្នាំ ដូចជាត្រសក់តូចៗ ដាក់ឱ្យធំត្រឹមតែមួយយប់ជាដើម ។ អីចឹងហើយខ្ញុំចេះតែខ្លាច តែមិនដឹងធ្វើម៉េច » ។
អ្នកលក់បន្លែមួយរូបនៅជាប់របងសួនឧស្សាហកម្មកាណាឌីយ៉ា តាមបណ្ដោយផ្លូវវេងស្រេង និយាយថា បន្លែដែលគាត់លក់នៅទីនេះ គឺយកបន្តពីផ្សារដើមគ និងផ្សារនាគមាស ហើយក៏មិនដឹងថា មានប្រភពពីណាទេ តែបើតាមការស្មាន ប្រហែលជាយកពីវៀតណាមច្រើនជាង ។ អ្នកលក់បន្លែរូបនេះថា ៖ «តាមពិតទៅ ទាំងខ្ញុំ ទាំងគេសុទ្ធតែចង់បានរបស់ល្អ ដែលហូបទៅមិនប៉ះពាល់សុខភាព តែធ្វើម៉េច បើគ្មានជម្រើស។ បន្លែដាំក្នុងស្រុកពិបាករកណាស់ បើបន្លែនាំចូលពីវៀតណាមសម្បូរ ក្នុងមួយយប់ៗដឹកទាំងឡានៗមកទម្លាក់នៅផ្សារដើមគ និងផ្សារនាគមាស សម្រាប់ចែកចាយបន្ត ហើយពួកខ្ញុំក៏ឡើងទៅយកនៅទីនោះដែរ » ។
បើតាមបណ្ដាញព័ត៌មានក្នុងស្រុកមួយចំនួន បានផ្សាយទាក់ទងនឹងគុណភាពអាហាររបស់វៀតណាម ជាពិសេស បន្លែ ផ្លែឈើ និងសាច់ ក្នុងនោះមន្ត្រីជំនាញវៀតណាមបានរកឃើញសារធាតុគីមីអាចប៉ះពាល់សុខភាពដូចជា សាច់ជ្រូក និងបន្លែជាដើម ។
ចំណែកសារព័ត៌មានអន្តរជាតិមួយចំនួន ក៏បានចុះផ្សាយដែរពីបញ្ហាសុវត្ថិភាពចំណីអាហាររបស់វៀតណាម ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ សូម្បីតែប្រជាពលរដ្ឋវៀតណាមខ្លួនឯង ក៏ខ្លាចរអាផលិតផលរបស់ខ្លួនដែរ ហើយនាំចូលពីប្រទេសជិតខាងជំនួសទៅវិញ ព្រោះតែផលិតក្នុងស្រុករបស់វៀតណាមប្រើប្រាស់សារធាតុគីមីខ្ពស់ហួសកម្រិតពេក ។
គួរបញ្ជាក់ថា ក្នុងមួយថ្ងៃៗ កម្ពុជាបាននាំចូលបន្លែ ផ្លែឈើ និងសាច់ពីប្រទេសជិតខាងរាប់រយតោនមកផ្គត់ផ្គង់តម្រូវការក្នុងស្រុក ជាពិសេស ពីប្រទេសថៃ និងវៀតណាម ខណៈបន្លែបង្ការរបស់ប្រជាពលរដ្ឋដែលផលិតបានម្ដងម្កាលគ្មានទីផ្សារ និងមានតម្លៃទាបជាងផលិតផលនាំចូលពីប្រទេសជិតខាង ។ នេះជាមូលហេតុធ្វើឱ្យកសិករកម្ពុជាបោះបង់ចោលការចិញ្ចឹមសត្វ និងដាំដុះបន្លែ ហើយធ្វើចំណាកស្រុកទៅប្រទេសក្រៅ ។ ជាក់ស្ដែង ប្រទេសថៃ មានពលករខ្មែរទៅធ្វើការរាប់សិបម៉ឺននាក់ ដែលការងារនោះក៏មិនខុសពីការងារក្នុងស្រុកប៉ុន្មានដែរ ដូចជា កសិកម្ម នេសាទ និងធ្វើការក្នុងរោងចក្រ ៕
ប្រភព៖ កោះសន្តិភាព
ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖
សូមចូលរួមត្រេកអរ ! ចាប់ពីខែមេសាទៅ ប្រាក់ខែគ្រូបង្រៀនទាបបំផុតជាង៩៥ម៉ឺនរៀល និងខ្ពស់បំផុតជាង ២.២លានរៀល
(ភ្នំពេញ)៖ ដើម្បីជួយលើកកម្ពស់ដល់ជីវភាព និងការរស់នៅរបស់មន្ត្រីរាជការ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានរកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការដំឡើងប្រាក់បៀវត្សរ៍ ជូនដល់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ពិសេសលោកគ្រូ អ្នកគ្រូ ដែលមានចំនួនរហូតដល់ជាង១០ម៉ឺននាក់។
ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ ពោលគឺមុនបុណ្យចូលឆ្នាំខ្មែរមកដល់ ដើម្បីចែករំលែកភាពរីករាយ ជូនដល់មន្ត្រីរាជការ គ្រូបង្រៀន និងកម្លាំងប្រដាប់អាវុធ រាជរដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់បំណាច់មុខងារ បន្ថែមលើប្រាក់បៀវត្សរ៍គោល។
ចំពោះគ្រូបង្រៀនបន្ទាប់ពីបន្ថែមប្រាក់បំណាច់មុខងារ លើប្រាក់បៀវត្សរ៍គោល ធ្វើឲ្យគ្រូបង្រៀនកម្រិតទាបបំផុត មានប្រាក់ខែ៩៥៣,៥០០រៀល និងខ្ពស់បំផុតចំនួន២,២៦៥,០០០រៀល ដោយប្រាក់ខែនេះមិនទាន់បូក បញ្ចូលប្រាក់វិភាជន៍គ្រួសារ (ប្រសិនបើកគ្រូបង្រៀនមានប្រពន្ធ និងកូន) និងប្រាក់តំបន់សម្រាប់វិស័យអប់រំ នៅឡើយនោះទេ។ ប្រសិនបើបូកបញ្ចូលប្រាក់ទាំង២មុខនេះទៀត ច្បាស់ណាស់គ្រូបង្រៀន នឹងអាចឡើងប្រាក់ខែ ដល់១លានរៀលហើយ។
លោក យក់ ប៊ុនណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងមុខងារសាធារណៈ បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា ចាប់ពីខែមេសា ឆ្នាំ២០១៧ តទៅប្រាក់ខែគ្រូបង្រៀន នឹងត្រូវឡើងដូចខាងក្រោម៖
បៀវត្សខ្ពស់បំផុត សម្រាបអប់រំក្នុងមុខតំណែង៖
* នាយកវិទ្យាស្ថានជាតិ ទទួលបាន ២,២៦៥,០០០រៀល។
* គ្រូបង្រៀនកម្រិតឧត្តម បង្រៀននៅមហាវិទ្យាល័យទទួលបាន ១,៥៩៥,០០០រៀល។
* គ្រូបង្រៀនកម្រិតឧត្តមបង្រៀននៅវិទ្យាល័យទទួលបាន ១,៥១៥,០០០រៀល។
* នាយកវិទ្យាល័យ ទទួលបាន ១,៧០៥,០០០រៀល។
* គ្រូបង្រៀនកម្រិតមូលដ្ឋាន បង្រៀននៅអនុវិទ្យាល័យ ទទួលបាន ១,៣៥៣,០០០រៀល។
* នាយកអនុវិទ្យាល័យទទួលបាន ១,៥១៣,០០០រៀល។
* គ្រូបង្រៀនកម្រិតបឋមបង្រៀន នៅបឋមសិក្សា និងមត្តេយ្យសិក្សា ទទួលបាន ១,១៩១,០០០រៀល។
* នាយកបឋមសិក្សា ទទួលបាន ១,៣៣១,០០០រៀល។
* នាយកមត្តេយ្យសិក្សា ទទួលបាន ១,៣១១,០០០រៀល។
បៀវត្សទាបបំផុតរបស់គ្រូបង្រៀន ទទួលបាន ៩៥៣,៥០០រៀល។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា ប្រាក់បៀវត្សរ៍ខាងលើនេះ គិតបញ្ចូលតែ បៀវត្សមូលដ្ឋាន និងប្រាក់បំណាច់មុខងារ នៅមិនទាន់បូកបន្ថែម អាចជាប្រាក់វិភាជន៍គ្រួសារ (ប្រពន្ធ និងកូន) ដែលប្រពន្ធទទួលបាន ១៥,០០០រៀល, កូនម្នាក់ ទទួលបាន១០,០០០រៀល និងប្រាក់តំបន់ដែលចែកចេញជា៣ប្រភេទទៅតាមជិត និងឆ្ងាយ ដែលមានចំនួន ៨០,០០០រៀល, ១០០,០០០រៀល និងខ្ពស់បំផុត ១២០,០០០រៀល។
ក្រៅតែពីការដំឡើងប្រាក់បៀវត្សរ៍ មុខចូលឆ្នាំខ្មែរហើយនោះ រាជរដ្ឋាភិបាលកម្ពុជា ថែមទាំងផ្ដល់នូវប្រាក់ឧបត្ថម្ភ ក្នុងឱកាសបុណ្យចូលឆ្នាំខែ្មរ ជូនមន្ត្រីរាជការ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធផងដែរ ដោយក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល ដែលសរុបទាំងអស់ត្រូវចំណាយថវិកាប្រមាណ ៧លានដុល្លាអាមេរិក។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅថ្ងៃទី២២ ខែមីនាម្សិញមិញ ក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រជូនគរុសិស្សជិត១ពាន់នាក់ ក្នុងវិទ្យាស្ថានជាតិអប់រំ បានថ្លែងបញ្ជាក់ជូនប្រជាពលរដ្ឋ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ គ្រូបង្រៀន អំពីផលប្រយោជន៍ជាច្រើនដែលពួកគាត់នឹងទទួលបាន ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ខាងមុខនេះ។
ផលប្រយោជន៍ដែលប្រជាពលរដ្ឋ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ គ្រូបង្រៀន ដែលនឹងទទួលបានរួមមានទី១៖ ការបញ្ជុះអត្រាការប្រាក់ សម្រាប់ប្រាក់កម្ចី ដែលសម្តេចតេជោ អះអាងថា ពីចំនួនលើសពី២៥% ក្នុង១ឆ្នាំ មកនូវត្រឹម១៨%ក្នុង១ឆ្នាំ។ ទី២៖ ការបញ្ជុះតម្លៃអគ្គិសនី។ ទី៣៖ ការបញ្ជុះតម្លៃទឹក និងទី៤៖ ការដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ប្រកាប់ខែគ្រូបង្រៀន មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទាំងអស់នៅត្រូវបើកនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]