ពោធិ៍សាត់ៈ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ ដែលបង្កឡើងដោយរថយន្តក្រុងវីរៈប៊ុនថាន់ ធ្វើ ដំណើរពេលរាត្រីពីភ្នំពេញ ឆ្ពោះទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បុកជាមួយរថយន្តកាំម៉ាស់ដឹក ស៊ីម៉ង់ត៍ពេញទំហឹង បណ្តាលឲ្យបុរសបើកបររថយន្ត កាំម៉ាស់ដាច់ក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើត ហេតុ រីឯអ្នកបើកបររថយន្តក្រុង និងអ្នកដំណើរលើរថយន្តជាច្រើនអ្នកទៀតរងរបួសធ្ងន់ស្រាល។

យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុទាំងយប់បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរ ដ៏សែនព្រឺព្រួចនេះ បានកើតឡើងនៅវេលាម៉ោង ជាង១២រំលងអាធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី៣ ខែ មីនា ឆ្នាំ២០១២ ស្ថិតនៅព្រំប្រទល់ភូមិទួលម្កាក់ សង្កាត់រលាប និងភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍បានឲ្យដឹងផងដែរថា មុនពេលកើតហេតុគឺរថយន្តក្រុងវីរៈប៊ុនថាន់ ដែលកំពុងធ្វើ ដំណើរពីភ្នំពេញឆ្ពោះទៅក្រុងប៉ោយប៉ែតក្នុងល្បឿនយ៉ាងលឿននោះ បានជ្រុលចូលចំណែកផ្លូវរបស់ រថយន្តកាំម៉ាស់ដឹកស៊ីម៉ង់ត៍ ដែលបើកបញ្រ្ចាសទិសគ្នា ទើបបណ្តាលឲ្យបុកលាន់ឭដូចរន្ទះខែប្រាំង ហើយរថយន្តក្រុងបានខ្ទាតថយក្រោយវិញ ចម្ងាយជាង១៥ម៉ែត្រ។ សេចក្តីរាយការណ៍បានបន្តថា បុរសជាអ្នកបើកបរ រថយន្តកាំម៉ាស់ដឹកស៊ីម៉ង់ត៍ ដែលមិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវរថយន្តក្រុងបុកកៀបដាច់ក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ ហើយព្រួរថយន្ត ដែលអង្គុយក្បែរគ្នានោះ រងរបួសធ្ងន់ ដោយឡែកអ្នកបើកបររថយន្តក្រុង ត្រូវកៀបជាប់នឹងក្បាលរថយន្ត និងអ្នកដំណើរច្រើននាក់ទៀត ក្នុងនោះមានស្រ្តីម្នាក់ផងដែរ ដែលសុទ្ធតែជាជនជាតិខ្មែរ បានរងរបួសធ្ងន់។

ក្រោយពេលកើតហេតុភ្លាមៗកម្លាំងសមត្ថកិច្ចខេត្ត រួមទាំងលោកស្នងការខេត្ត ឧត្តមសេនីយ៍ត្រី សារុន ចាន់ធី បានចុះដល់កន្លែងកើតហេតុ ជួយគាស់បុរសជាអ្នកបើក បរដែលជាប់ក្នុងក្បាលរថយន្ត និងបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត រួមជាមួយអ្នកដំណើរដែលរងរបួសផ្សេងទៀត។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ក៏មានឧបត្តិហេតុគ្រោះថ្នាក់ចរាចរ បណ្តាលមកពីក្រឡាប់រថយន្ត នៅជិតគល់ស្ពានតាតៃ ខេត្តកោះកុង ដែលបណ្តាលមកពីការធ្វេសប្រហេសរបស់អ្នកបើកបរ ធ្វើឲ្យជនជាតិ បរទេស២នាក់ស្លាប់ ហើយជនជាតិខ្មែរ និងបរទេសជាច្រើននាក់ទៀត បានរងរបួសធ្ងន់ស្រាល។ គ្រោះថ្នាក់ចរាចរភាគច្រើនត្រូវបានគេមើលឃើញថា កើតឡើងព្រោះតែការធ្វេសប្រហេស និងខ្វះស្មារតីប្រុងប្រយ័ត្ន របស់អ្នកបើកបរ ដូច្នេះគេសង្ឃឹមម្ចាស់ក្រុមដឹកអ្នកដំណើរទាំងអស់ ជាពិសេសអ្នកបើកបរផ្ទាល់ត្រូវបន្ថែមនូវ ការប្រុងប្រយ័ត្ន និងប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ នៅពេលបើកបរ ព្រោះជីវិតមនុស្សជាច្រើននាក់ ផ្ញើវាសនាលើការបើកបររបស់អស់លោក ដែលជាអ្នកបើកបរ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]