ឥណ្ឌា៖ សារព័ត៌មានបរទេស NextShark បានចុះផ្សាយកាលពីពេលថ្មីៗនេះថា សាលារៀនឯកជនមួយនៅក្នុងប្រទេសឥណ្ឌា កំពុងត្រូវបានគេធ្វើការស៊ើបអង្កេត បន្ទាប់ពីមានការចោទប្រកាន់ថា បានឃុំខ្លួនសិស្សចំនួន ១៩នាក់ ដោយសារតែពួកគេ មិនមានលទ្ធភាពបង់ថ្លៃសាលាឲ្យបានទាន់ពេលវេលា។

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្មេងទាំងនោះមានអាយុចាប់ពី៥ ដល់ ១៤ឆ្នាំ ហើយពួកគេត្រូវឃុំឃាំងនៅក្នុងថ្នាក់រៀនអស់រយៈពេល ២ម៉ោង នៃសាលា Saritha Vidya Niketan មានទីតាំងស្ថិតក្នុងក្រុង Hayathnagar ។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងត្រូវបានរារាំង មិនឲ្យចូលប្រលងប្រចាំឆ្នាំ ដែលបានធ្វើឡើង កាលពីសប្ដាហ៍មុនទៀតផង។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ក្រុមអាជ្ញាធរត្រូវបានគេជូនដំណឹងជាបន្ទាន់ បន្ទាប់ពីឪពុកម្ដាយរបស់កូនសិស្សទាំងនោះ បានដឹងពីការឃុំខ្លួនខុសច្បាប់របស់សាលា។ ស្របពេលជាមួយគ្នានោះ  អង្គភាពសារព័ត៌មានក្នុងតំបន់  និងក្រុមសកម្មជនក្នុងស្រុក ក៏បានដឹងឮអំពីរឿងរ៉ាវទាំងនេះផងដែរ។

សកម្មជនសិទ្ធិកុមារម្នាក់ ឈ្មោះ Achyuta Rao បានថ្លែងឲ្យដឹងថា “ទង្វើរបស់សាលារៀននេះ គឺពិតជាការរំលោភបំពានធ្ងន់ធ្ងរទៅលើសិទ្ធិកុមារ និងជាការបង្ខាំងកុមារដោយខុសច្បាប់។ យើងសូមទាមទារថា នេះជាករណីព្រហ្មទណ្ឌ ប្រឆាំងនឹងការគ្រប់គ្រងសាលាខាងលើ”។

ប្រភពបានបន្តថា ឪពុកម្តាយរបស់សិស្សរងគ្រោះ ក៏បានចោទប្រកាន់ ទង្វើរបស់សាលាថា មិនត្រឹមតែជា "ការបង្ខាំងកុមារដោយខុសច្បាប់" តែពួកគេក៏បានធ្វើរឿង "អាម៉ាស់មុខ" ផងដែរ។ ខណៈអធិការប៉ូលិស J Narender Goud បានថ្លែងថា “ឥរិយាបថក្នុងការគ្រប់គ្រងសាលារៀននេះ គឺហួសប្រមាណ”។ លោកបន្តថា “យើងបានរកឃើញក្មេងដែលមានអាយុចន្លោះពី៥ ទៅ១៤ឆ្នាំ ត្រូវគេចាក់សោរទុកក្នុងថ្នាក់រៀនមួយ ហើយបន្ទាប់ពីការស៊ើបអង្កេតរបស់ប៉ួលិស ពួកគេត្រូវបានដោះលែង និងអនុញ្ញាតឲ្យចូលប្រលងហើយ”៕

ប្រភព៖ Nextshark

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ក្រោយការវះកាត់ កន្ធាយសមុទ្រ ដែលលេបកាក់ជិត ១ពាន់កាក់ ពេលនេះងាប់ហើយ ដោយសារ...

កន្ធាយសមុទ្រវ័យចំណាស់ អាយុ២៥ឆ្នាំ ដែលមានឈ្មោះ Piggy Bank បានងាប់បាត់ហើយ ក្រោយពេលក្រុមគ្រូពេទ្យធ្វើការវះកាត់ យកកាក់ចំនួន ៩១៥កាក់ចេញពីក្នុងពោះវា កាលពីកន្លះខែមុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីមែល កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧។

សត្វកន្ធាយ វ័យចំណាស់មួយក្បាលនេះ ត្រូវបានគេជឿជាក់ថា វានឹងជាសះស្បើយឡើងវិញដូចធម្មតា បន្ទាប់ពីទទួលការវះកាត់រយៈពេល ៧ម៉ោង កាលពីដើមខែមីនានេះ ដើម្បីយកកាក់ដែលមានទម្ងន់ជាង ៥គីឡូក្រាម ដែលស្ថិតនៅក្នុងបំពង់រំលាយអាហាររបស់វា។

ប៉ុន្តែជាអកុសលកន្ធាយ Piggy Bank ហាក់កើតមានសភាពមិនស្រួលភ្លាមៗកាលពីសប្តាហ៍មុន ដោយមានការវិវឌ្ឍជាតិពុលនៅក្នុងឈាម ដែលបណ្តាលមកពីបញ្ហារបួសធ្ងន់ធ្ងរលើពោះវៀន បន្ទាប់ពីការវះកាត់យកកាក់ចេញរួចមក។

ស្ថានភាពរបស់អណ្តើកញីមួយក្បាលនេះ ត្រូវបានក្រុមគ្រូពេទ្យកត់ត្រាជាប្រចាំ ហើយវាបានឆក់យកបេះដូងប្រជាជនថៃជាច្រើនថែមទៀតផង ក៏ព្រោះតែពួកគេជឿថា សត្វអណ្តើក ឬកន្ធាយ ជានិមិត្តរូបនៃភាពយឺនយូរ។

គួរបញ្ជាក់ថា កន្ធាយសមុទ្រ Omsin រស់នៅក្នុងមជ្ឈមណ្ឌលអភិរក្ស ខេត្តឈុនបុរី ភាគខាងកើតទីក្រុងបាងកក ត្រូវបានគេបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់កាលពីយប់ថ្ងៃអាទិត្យ ដោយស្ថានភាពធ្ងន់ធ្ងរ និងពិបាកក្នុងការដកដង្ហើម។ ហើយក្រោយការវះកាត់រយៈពេល ៧ម៉ោង កាក់ចំនួន ៩១៥កាក់ បូកទាំងរបស់របរមួយចំនួនទៀតមានទម្ងន់ ៥គីឡូក្រាម ត្រូវបានយកចេញពីក្នុងពោះកន្ធាយនោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]