អាមេរិកខាងត្បូង៖ នៅវេលាពេលព្រឹកប៉ុន្មានម៉ោងមុននេះ ក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោក World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី បានបញ្ចប់ទៅ ដោយក្រុមជម្រើសជាតិអាហ្សង់ទីន បានយកឈ្នះទៅលើក្រុមជម្រើសជាតិ ឈីលី ក្នុងលទ្ធផល ១-០។ ចំនែកឯក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយវិញ ចាញ់ក្រុមសាំបា ប្រស៊ីល យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-១ ។

ក្រុមជម្រើសជាតិអាហ្សង់ទីន ទទួលបាន៣ពិន្ទុ មានសង្ឃឹមឡើងវិញ ក្រោយពីមិនសូវធ្វើបានល្អក្នុងការប្រកួតមុនៗ នៃវគ្គជម្រុះ World Cup ក្នុងតំបន់អាមេរិកខាងត្បូង ដើម្បីធ្វើដំណើរឆ្ពោះទៅប្រទេសរុស្ស៊ីឆ្នាំក្រោយ។

ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Barcelona កីឡាករ Lionel Messi ជាអ្នកស៊ុតចូល ក្រោយពីអាហ្សង់ទីនទទួលបានបាល់ពិន័យប៉េណាល់ទី១១ម៉ែត្រ នៅនាទី១៦ ក្នុងតង់ទី១។ លទ្ធផលនាំមុខ ១-០ នេះក៏រក្សារហូតមកដល់បញ្ចប់ការប្រកួត៩០នាទី ខណៈក្រុមជម្រើជាតិឈីលីមិនអាចស្វែងរកគ្រាប់បាល់បាន។ 

ក្រឡេកមកមើលការប្រកួតមួយគូទៀត ខ្សែបម្រើកណ្តាល Paluinho បានស៊ុតហ៊ែតទ្រីគ ៣គ្រាប់ម្នាក់ឯង និង១គ្រាប់របស់ Neymar ជួយឲ្យប្រេស៊ីល យកឈ្នះ ក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ ក្នុងលទ្ធផល ៤-១ ដោយមួយគ្រាប់របស់អ៊ុយរ៉ាហ្គាយ ធ្វើឡើងដោយខ្សែប្រយុទ្ធរបស់ក្លិប PSG កីឡាករ Edinson Cavani។

ក្រោយទទួលបានជ័យជំនះផ្ទួនៗ ប្រេស៊ីល បាននាំមុខពិន្ទុដាច់គេលើកំពូលតារាង ខណៈអ៊ុយរ៉ាងហ្គាយ បន្តឈរលេខ២ និងអាហ្សង់ទីនឡើងមកចំណាត់ថ្នាក់លេខ៣វិញ៕

ទស្សនាវីដេអូ Highlights ការប្រកួត៖

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ម្នាក់ៗនាំគ្នាលាន់មាត់សរសើរទម្រង់លេងដ៏ល្អ របស់ក្រុមជម្រើសជាតិកម្ពុជា បើទោះចាញ់យ៉ាងណាក្តី

ភ្នំពេញ៖ បើទោះបីជាចាញ់ក្រុមជម្រើសជាតិឥណ្ឌាយ៉ាងប្រផិតប្រផើយ ក្នុងលទ្ធផល ៣-២ យ៉ាងណាក្តី ក្រុមជម្រើសជាតិកម្ពុជាយើង ទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ក្រោយពីបានបង្ហាញនូវទម្រង់លេងដ៏ល្អ ស៊ីចង្វាក់គ្នា និងប្រកួតដោយមានទំនុកចិត្ត។

បើតាមការឲ្យដឹងពីមតិអ្នកគាំទ្រជាច្រើន មិនថានៅខាងក្រៅ ឬនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពួកគេបាននាំគ្នាលាន់មាន់សរសើរថា ទម្រង់លេងក្រោមការគ្រប់គ្រងដោយគ្រូបង្វឹកថ្មី គឺប្លែកជាងមុន លេងបាល់ខ្លីៗប្រកបដោយភាពជឿជាក់ រីឯការប្រកួតវិញមើលទៅគួរឲ្យជក់ចិត្តទៀតផង។

បន្ថែមពីនេះទៀត អ្នកគាំទ្រខ្លះបាននិយាយថា បើទោះបីចាញ់លើកនេះ ក៏ចាញ់ដោយអស់ចិត្តដែរ ព្រោះជម្រើសជាតិកម្ពុជាយើងបានបង្ហាញនូវការខំប្រឹង និងការត្រៀមលក្ខណៈទុកជាមុន សម្រាប់ការប្រកួតក្រោយៗទៀត។

គួរបញ្ជាក់ផងដែរថា គោព្រៃកម្ពុជា ចាញ់ ក្រុមជម្រើសជាតិឥណ្ឌាក្នុងលទ្ធផល ៣-២ ដោយ២គ្រាប់របស់កម្ពុជា ធ្វើឡើងដោយកីឡាករ ឃួន ឡាបូរ៉ាវី និងចាន់ វឌ្ឍនាកា ចំនែកឯគ្រាប់បាល់ទាំង៣ របស់ឥណ្ឌាវិញ ស៊ុតដោយកីឡាករ Chhetri នៅតង់ទី១ និង កីឡាករ JEJE Lalpekhlua និង Sandesh Jhingan នៅក្នុងតង់ទី២៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]