(ភ្នំពេញ)៖ តារាចម្រៀងមាឌដំបងធ្លាប់មានឈ្មោះល្បី និងមានសកម្មភាពលើការងារ មនុស្សធម៌ លោក ទិត្យ វិច្ឆិកា ស្របពេលជាមួយគ្នា នៃការផ្ទុះនូវរឿងរ៉ាវពាក់ព័ន្ធ បញ្ហាបង់រំលោះផ្ទះល្វែង បង្កឲ្យមានក្តីក្តាំរហូតមានការចុះផ្សាយ យ៉ាងព្រោះព្រាត នៅលើបណ្តាញសារព័ត៌មានក្នុងស្រុកនោះមក ភ្លាមៗនេះក៏មានសារព័ត៌មានមួយ បានសរសេររិះគន់ថា «លោកជាតារាដែលសម្បូររឿងអាស្រូវ» ទើបធ្វើឲ្យតារារូបនេះ ប្រតិកម្មយ៉ាងចាស់ដៃវិញ ផងដែរ។

លោក ទិត្យ វិច្ឆិកា បានសរសេរប្រតិកម្មថា «ពេលដែលខ្ញុំអត់មាត់ បងដូចជាខ្លាំងដៃម្ល៉េះ? ការសរសេរចំណងជើងព័ត៌មានរបស់បង សូមឲ្យមានក្រមសីលធម៌ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មានផង។ ប្រជាជនខ្មែរទូទាំងប្រទេស លោកដឹងច្បាស់ណាស់ អ្វីដែលល្អនិងអាក្រក់ គ្រាន់តែបងខាងសារព័ត៌មាន សរសេរចំណងជើងបែបនេះ មកកាន់រូបខ្ញុំប្រជាជនខ្មែរគាត់ដឹងថា លោកជាបក្សពួកតែមួយហើយ!»

តារាចម្រៀងលោក ទិត្យ វិច្ឆិកា បានបន្ថែមថា «តើលោកចាងហ្វាងកាសែតវរជនខ្មែរ សរសេរចំណងជើងបែបនេះ តើលោកដឹងថា លោកកំពុងតែបរិហាកេរ្តិ៍ខ្ញុំដែរទេ? ខ្ញុំសុំសួរសំណួរទៅលោកមួយ តើប៉ុន្មានឆ្នាំនេះ ពេលខ្ញុំចុះទៅជួយសង្គម នៅតាមតំបន់ដាច់ស្រយាល តើលោកមានបានចុះផ្សាយ និងលើកទឹកចឹត្តខ្ញុំដែរឬទេ? លោកកំពុងតែព្យាយាមធ្វើឲ្យខ្ញុំ រស់ទាំងឈឺចាប់ម្តងទៀតហើយមើលទៅ គួរតែរៀនចេះអាណិតមនុស្សផង លោកទាំងអស់គ្នាដឹងច្បាស់ណាស់ ថាអ្នកចម្រៀងដែលថោកទាប និងក្រជាងគេ គឺខ្ញុំនេះហើយ!»

សូមបញ្ជាក់ថា លោក ទិត្យ វិច្ឆិកា មុននេះបន្តិចមានសារព័ត៌មានមួយចំនួន បានសរសេរចុះផ្សាយថា បច្ចុប្បន្នលោកកំពុងតែប្រឈមមុខ នឹងបណ្ដឹងថ្មីមួយ ពីសំណាក់ក្រុមហ៊ុន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ខណៈដែលលោកបានដើរបរិហារកេរ្តិ៍ ម្ចាស់ក្រុមហ៊ុននោះថា ជំពាក់លុយលោកមិនព្រមទូទាត់សង។ ប៉ុន្តែជាចម្លើយត្រូវបានលោក ទិត្យ វិច្ឆិកា បញ្ជាក់ថា ខ្លួនជាជនរងគ្រោះ ក្រោយពេលចាញ់បោកក្រុមហ៊ុន មួយនេះទៅវិញ ខណៈដំណោះស្រាយគេនៅមិនទាន់ដឹងថា ខាងលោក ទិត្យ វិច្ឆិកា ជាអ្នកខុស ឬខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាអ្នកខុសនោះទេ៕

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ដេននី ខ្វាន់ ចេញ​​មុខ​​ព្រ​មាន​​គូ​ស្នេហ៍ ក្រោយ​​ផ្ទុះ​​រឿង​​ប្រ​ច័ណ្ឌ ​និង​​ហួង​​ហែង​ខ្លាំង​ពេក !

(ភ្នំពេញ)៖ តារាសម្តែងសម្បូររឿងអាស្រូវ និងចូលចិត្តការស្លៀកពាក់សិចស៊ី កញ្ញា ដេននី ខ្វាន់ មុននេះបន្តិច បានទម្លាយពីអារម្មណ៍ មិនសប្បាយចិត្ត ចំពោះគូស្នេហ៍ដែលនាងបានផ្តល់ឱកាស ដើម្បីមើលថែរក្សា និងស្វែងយល់ពីចិត្តគំនិតគ្នាហើយ ប៉ុន្តែផ្ទុយពីការគិតរបស់នាង បែរជាបុរសម្នាក់នោះ តាមប្រច័ណ្ឌហួងហែង ស្ទើរគ្រប់ពេលវេលា រហូតធ្វើឲ្យនាងមានការធុញទ្រាន់ ក៏ចេញមុខព្រមានបុរសជាគូស្នេហ៍រូបនេះ ធ្ងន់ៗតែម្ដង។

មិនបញ្ជាក់ប្រាប់ពីអត្តសញ្ញាណ ឬបង្ហោះមុខមាត់ពិត របស់គូស្នេហ៍ ប៉ុន្តែតារាស្រីកញ្ញា ដេននី ខ្វាន់ បានសរសេរក្រើនរំឭកថា «កុំឲ្យខ្ញុំធុញទ្រាន់នឹងអ្នក ច្រើនជាងហ្នឹងអី។ អ្នកត្រឹមតែជាសង្សារ មិនមែនជាម្ចាស់ជីវិត ឬក៏ជាម៉ែឪខ្ញុំទេ។ ខ្ញុំស្អប់បំផុត គឺការប្រច័ណ្ឌហួងហែងជ្រុល ខ្ញុំឲ្យតម្លៃដល់អ្នកហើយ ទើបជ្រើសយកអ្នក តែបើអ្នកនៅតែចរិតអ៊ីចឹង គឺខ្ញុំមិនអាចទទួលយកបានទេ!»។

តារាស្រីសិចស៊ីរូបស្រស់ ដេននី ខ្វាន់ បានបញ្ជាក់ទៀតថា «អ្នកដឹងខ្លួនអ្នកច្បាស់ណាស់ថា ខ្ញុំមានជម្រើសច្រើន អ៊ីចឹងសូមកុំឲ្យខ្ញុំជ្រើសអី ព្រោះបើជ្រើសហើយ ខ្ញុំមិនដើរថយក្រោយជាដាច់ខាត។ មនុស្សខ្ញុំមិនចេះស្តាយស្រណោះទេ ចាំទុកផង។ ខ្ញុំធុញមែនទែនហើយ មួយថ្ងៃៗគ្មានគិតអី ក្រៅពីរឿងប្រច័ណ្ឌហួងហែងសោះ!»។

ជាមួយគ្នានៃការទម្លាយ សំណេរខាងលើនេះដែរ ក៏មានមហាជនអ្នកគាំទ្រមួយចំនួន បានសរសេរភ្ជាប់ ជាមួយការសរសើរ និងលេងសើចថា «មកពីបងឯងស្អាតហ្នឹងហើយ បានគេប្រច័ណ្ឌខ្លាចគេដណ្តើមបាត់ហ្នឹងណា..!» កុំខឹងគាត់អ្វី មកពីគាត់ស្រឡាញ់បងពេក!»។ ឯខ្លះទៀតបាននិយាយថា «ព្រោះតែជាស្រីស្អាតហ្នឹង ទើបគេហួងហែងខ្លាចរបូតពីដៃ!»។

សូមបញ្ជាក់ថា តារាសម្ដែង ដេននី ខ្វាន់ ត្រូវបានមហាជនទូទៅ ស្គាល់ថា នាងជាតារាចូលចិត្តបង្ហាញភាពសិចស៊ី តាមរយៈបណ្ដាញសង្គម Facebook ដោយមិនខ្លាចញញើតនឹងការរិះគន់ ជេរប្រទិចពីសំណាក់មហាជនបន្តិចសោះឡើយ។ ការលេចឡើងនូវរឿងថា នាងមានអ្នកប្រច័ណ្ឌហួងហែងនៅពេលនេះ បានបង្ហាញថា ដេននី ខ្វាន់ មានម្ចាស់ចិត្តរួចទៅហើយ ប៉ុន្តែនាងមិនបានបញ្ចេញបុរសគូស្នេហ៍ ជាសាធារណៈឲ្យគេបានស្គាល់ឡើយ ព្រោះនាងក៏មិនទាន់ជឿជាក់លើខ្លួនឯងដែរថា នឹងដឹកដៃបុរសម្នាក់ចូលរោងការ ក្រាបក្បាលដល់កន្ទេល ក្នុងថ្ងៃអនាគតនោះដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទិត្យ វិច្ឆិកា