ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​បាន​ដាច់ខ្យល់​ស្លាប់​ ក្នុង​ពេល​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ មិត្តភាព​កម្ពុជា​ជប៉ុន​មង្គល​បូ​រី កាលពី​រសៀល​ថ្ងៃ​ទី​២២ មីនា​ ​២០១៧ ក្រោយ​សម្រាល​ បានកូន​ប្រុស​ម្នាក់​ តែ​ឈាម​ធ្លាក់​ច្រើន​ពេក ខណៈ​បុរស​ជា​ប្តី​ទ្រហោយំ ដ​ង្ហើ​យ​រក​យុត្តិធម៌​ចោទ​ថា ដោយសារ​គ្រូពេទ្យ​មានការ​ធ្វេសប្រហែស​ទើប​ប្រពន្ធ​គាត់​ស្លាប់​។​ ជន​រង​គ្រោះ​ឈ្មោះ ហៀ​ត ចាន់​នី អាយុ​២៩​ឆ្នាំ ជា​កម្មករ​អូស​រទេះ​នៅ​ច្រក​ទ្វារ​ អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

ស្ត្រី​រង​គ្រោះ​មានកូន​ ក្នុង​បន្ទុក​៤​នាក់ រួម​ទាំង​កូនប្រុស​ដែល​ទើប​សម្រាល​គ្រាន់តែ​ឃើញ​ពន្លឺ​ថ្ងៃ​ត្រូវ​ម្តាយ​ស្លាប់​ចោល​។ តាម​បុរស​ជា​ប្តី​ស្ត្រី​រង​គ្រោះ​ឈ្មោះ សុខ ភី​រម្យ អាយុ​៤៨​ឆ្នាំ មុខរបរ​ជា​កម្មករ​អូស​រទេះ​ដែរ​នោះ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ទាំង​ទ្រហោយំ​ថា ការ​ពិត​ប្រពន្ធ​របស់​គាត់​មិន​គួរ​ស្លាប់​ទេ ព្រោះ​ជា​កូន​ទី​៤​ទៅ​ហើយ​ៗ​គាត់​បាន​ចោទប្រកាន់​ថា​ករណី​ខាងលើ​ អាច​បណ្តាល​មក​ពី​គ្រូពេទ្យ​មានការ​ធ្វេសប្រហែស​ធ្វើ​ឲ្យ​ដាច់​កន្ទុយ​លិ​ន​ ក្នុង​ពេល​សម្រាល​ ទើប​ប្រពន្ធ​គាត់​ស្លាប់​។

បុរស​ខាងលើ​បន្ត​ថា ប្រពន្ធ​គាត់​បាន​ស្លាប់​ ក្រោយ​បញ្ជូន​ចេញពី​មន្ទីរពេទ្យ​មួយ​ភ្លែត​ពោល​គឺ ស្លាប់​ម្តុំ​វត្ត​ថ្មី ភូមិ​បា​លិ​លេ​យ្យ សង្កាត់​ប៉ោយ​ប៉ែ​ត ចម្ងាយ​ពី​មន្ទីរពេទ្យ​មិន​បាន​៥​គីឡូម៉ែត្រ​ផង​។ បុរស​ខាងលើ​បញ្ជាក់​ថា ក្រោយ​ពិធី​បុណ្យសព​ប្រពន្ធ​រួច​នឹង​ដាក់​ពាក្យបណ្តឹង​ពី​ក្រុម​គ្រូពេទ្យ​ ដើម្បី​ទាមទារ​រក​យុត្តិធម៌​ហើយ ថា​ប្រសិនបើ​មិន​ទទួល​បាន​ភាព​យុត្តិធម៌​ទេ​ គាត់​នឹង​បីកូន​ប្រុស​ ដែល​ទើប​ស្គាល់​ពន្លឺ​ថ្ងៃ​នោះ​ ទៅ​កាន់​ស្ថានីយ៍​ទូរ​ទស្ស​ដើម្បី​ឲ្យ​គេ​ឃើញ​ជា​សាធារណៈ ព្រោះ​ជីវភាព​ក្រី​ក្រ ពុំ​មាន​លទ្ធភាព​ចិញ្ចឹម​កូនប្រុស​ស្រី​ទាំង​៤​នោះ​ទេ​។

ជុំវិញ​បញ្ហា​ខាងលើ​ លោក​វេជ្ជបណ្ឌិត ហ៊ុ​ល សុ​ផ​ល្លី ប្រធាន​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មីនា ដោយ​ច្រាន​ចោលការ​ចោទប្រកាន់​ពី​គ្រួសារ​រង​គ្រោះ ហើយ​ថា ការ​ពិត​គ្រូពេទ្យ​របស់​គាត់​បាន​ខំប្រឹង​ប្រែង​អស់ពី​សមត្ថភាព​ ដើម្បី​ជួយ​ស្ត្រី​រង​គ្រោះ​។

លោក​បន្ត​ថា ករណី​ខាងលើ​ ដោយសារ​ក្រោយ​សម្រាល​ឈាម​ មិន​កក​គឺ​ហូរ​ច្រើន​ខាង​មន្ទីរពេទ្យ​លោក​ បាន​ចាត់​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ជប៉ុន​មង្គល​បូ​រី តែ​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ ស្លាប់​តាម​ដងផ្លូវ​៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ខឹង​ម្តាយ​អត់​ឲ្យ​លុយ​ចាយ​រត់​ចេញពីផ្ទះ​ចូល​ហ្វូង​ខ្លា

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ដោយសារ​តែ​ ខឹង​ម្តាយ​អត់​ឲ្យ​លុយ​ចាយ​ បាន​រត់​ចេញពីផ្ទះ​រយៈពេល​៨​ឆ្នាំ​រស់នៅ​ផ្ញើរ​ខ្លួន​ ជាមួយ​មិត្ត​ភ​ក្កិ​ បាន​ចាញ់បោក​បុរស​ម្នាក់​ តាម​ទូរស័ព្ទ​យក​ទៅ​បង្ខាំង​ ក្នុងផ្ទះ​សំណាក់​បាន​ ២​យប់​បាន​ជិះ​ម៉ូតូ​ទៅ​ច្រៀង​ខារ៉ាអូខេ​ដល់​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ បាន​លោត​ចុះ​ពីលើ​ម៉ូតូ​ ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​ ២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែ​មិ​នា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ក្រោម​ ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

នារី​រង​គ្រោះ​មានឈ្មោះ កង ទី ហៅ​នី​តា អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ​មានស្រុក​កំណើត​នៅ​ភូមិ​ក្ដី​តា​កុយ ឃុំ​វាល​ស្បូវ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ឱ្យ​ដឹង​ថា រូប​នាង​បាន​ចាក​ចេញពីផ្ទះ​ តាំង​តែ​ពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ គិត​រហូត​មក​ដល់​បច្ចុប្បន្ន​ រយៈពេល​៨​ឆ្នាំ​ហើយដោយ​សារ​តែ​ ខឹង​ម្ដាយ​របស់​នាង​ធ្វើបាប​មិន​ឲ្យ​ប្រាក់​ចាយ ។

បន្ទាប់​ពី​ចាក​ចេញពីផ្ទះ​ មក​នាង​បាន​ទៅ​ជួល​ផ្ទះ​ ស្នាក់​នៅ​ម្ដុំ​ផ្សារ​សូ​រិ​យា ការ​រស់នៅ​របស់​នាង​មិន​បាន​ ទៅ​ធ្វើ​ការងារ​អ្វី​ទេ គឺ​រស់នៅ​ពឹងផ្អែក​ទៅ​លើ​ការ​សុំ​ប្រាក់​ពី​មិត្តភក្ដិ​របស់​នាង​យក​មក​ចាយវាយ​ព្រោះ​​ ពី​មុន​នាង​ធ្លាប់​ឱ្យ​លុយ​មិត្ត​ភ​ក្កិ​ចាយ​ដែរ ។ លុះ​ក្រោយមក​នាង​បាន​ស្គាល់​ បុរស​ម្នាក់​នៅ​ក្រៅប្រទេស​ តាម​រយៈ​បណ្ដាញ​សង្គម និង​បាន​ទាក់ទង​គ្នា​ហើយ​បុរស​នោះ​ បាន​ផ្ញើរ​លុយ​ឱ្យ​នាង​សំរាប់​ដោះ ស្រាយ​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ ។

នារី​ខាងលើ​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ទាក់ទង​គ្នា​បាន​ រយៈ​កន្លង​មក​នាង​ដឹង​ថា​បុរស​នោះ​មាន​ប្រពន្ធ​កូន​ហើយ នាង​ក៏​ផ្ដាច់​ទំនាក់​ទ​ន​ង​ ជាមួយ​បុរស​ម្នាក់​នោះ ។ ចាប់តាំងពី​ពេល​នោះ​មក​មិត្តភក្តិ​ ដែល​ធ្លាប់​ជួយ​ផ្ដល់​លុយកាក់​ឱ្យ​ចាយ​ក៏​ឈប់​ទាក់ទង​ជាមួយ​នាង​ដែរ​ដែល​ជា​ហេតុ​ធ្វើ​ ឱ្យ​នាង​មិនដឹង​ទៅ​ពឹងពាក់​អ្នក​ណា ។

មុន​ថ្ងៃ​កើតហេតុ​ពីរ​ថ្ងៃ​ នាង​បាន​ស្គាល់​បុរស​ម្នាក់​ឈ្មោះ ម៉ា​ប់ តាម​រយៈ​ទូរស័ព្ទ​ហើយ​បុរស​នោះ​បាន​និយាយ​ លួងលោម​នាង​ ឱ្យ​នាង​មក​ស្នាក់​នៅ​ជាមួយ​គេ​ ដោយ​គេ​ជា​អ្នក​រាប់​រង​ចិញ្ចឹម​នាង ដោយសារ​ខ្លួនឯង​ទាល់ច្រក​ មិនដឹង​ទៅ​ពឹងពាក់​អ្នក​ណា​ផង​នោះ​នាង​ក៏​សម្រេចចិត្ត​ ទៅ​ស្នាក់​នៅ​ជាមួយ​បុរស​នោះ​ នៅ​ក្នុងផ្ទះ​សំណាក់​យីហោ សម្បត្តិ​ផល ស្ថិត​នៅ​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក គឺ​ស្នាក់​នៅ​បាន​ពីរ​ថ្ងៃ​គឺ​ពេល​ដែល​ទៅ​ស្នាក់​នៅ​ ជាមួយ​ឃើញ​មាន​មនុស្ស​ស្រី​-​ប្រុស​ ចេញចូល​គួរ​ឲ្យ​សង្ស័យ ម្យ៉ាង​បុរស​នោះ​មានគំនិត​អាក្រក់​លើ​នាង​ ទើប​នាង​ព្យាយាម​រត់​ចេញពីផ្ទះ​សំណាក់​នោះ​តែ​គ្មាន​ឪ​កាស ។

ប្រភព​ដដែល​ បាន​បន្ត​ទៀត​ថា នៅ​យប់​ទី​ពីរ​ដែល​ជា​យប់​ កើតហេតុ​រូប​នាង​បាន​ប្រាប់​បុរស​នោះ​ថា ចង់ទៅ​ច្រៀង​ ខារ៉ាអូខេ​ក៏​ត្រូវ​ឈ្មោះ ម៉ា​ប់ និង​មិត្ត​ភ​ក្កិ​របស់​គេ​ជា​ច្រើន​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​៣​ទៅ​៤​គ្រឿង​ទៀត​ មក​ដល់​ក្បែរ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​នារី​រង​គ្រោះ​បាន​លោត​ចុះ​ពីលើ​ម៉ូតូ រ​ត់ទៅ​រក​នគរបាល​គោលដៅ​ ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ជួយ​អន្តរាគមន៍ ចំណែក​បុរស​នោះ និង​បក្សពួក​បាន​រត់គេច​ខ្លួន​បាត់​អស់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]