ខេត្តបាត់ដំបង ៖ មនុស្សមួយក្រុមដែលអះអាងថា ខ្លួនជាអ្នកកាសែតដ៏មហិមាមកពីខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗចំនួន២នាក់ក្នុង ចំណោម៣នាក់ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៧ កញ្ញា នៅចំណុចខាងមុខភោជនីយដ្ឋានមួយក្បែរ ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ក្រោយពីសង្ស័យថា បានព្រួតគ្នាប្រើហិង្សាវាយដំទៅលើនារីបម្រើភោជនីយដ្ឋាន ម្នាក់នៅក្បែរចំណតរថយន្តផ្សារបឹងឈូក មុនពេលត្រូវឃាត់ខ្លួនប៉ុន្មាននាទីប៉ុណ្ណោះ ។

មន្រ្តីនគរបាលនិយាយថា នៅកន្លែងកើតហេតុក្រុមនេះអះអាងថា ខ្លួនជាអ្នកកាសែត ប៉ុន្តែមិនបានបង្ហាញពីកាតសម្គាល់ខ្លួនទេ។ ពួកគេត្រូវសង្ស័យថា បានព្រួតគ្នាវាយទៅលើនារីម្នាក់ឈ្មោះលី សុខគង់ អាយុ២០ឆ្នាំ នៅក្បែរចំណតរថយន្តផ្សារបឹងឈូក ក្នុងគ្រាដែលនាងទៅសួររកប្អូនស្រីនិងម៉ូតូ ដែលប្អូនស្រីនាងជិះទៅជួបក្រុមនេះ ។ សមត្ថកិច្ចប្រាប់ថា ក្រោយវាយដំនាងឲ្យរបួសក្រុមនេះបានជិះរថយន្តទៅ សម្ងំផឹកស៊ីបន្តទៀតនៅភោជនីយដ្ឋាន«មហាសាល» ហើយគេរកឃើញនៅទីនោះ។

លុះហៅមកសួរនាំក៏មានការប៉ះទង្គិចជាមួយសមត្ថកិច្ចយ៉ាងចាស់ដៃផ្អើលភ្ញៀវតែម្ដង តែសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់ ម្នាក់ឈ្មោះលី ហ៊ាង អាយុ៣១ឆ្នាំដែលអះអាងថា ខ្លួនជាអ្នកកាសែតនៅអង្គភាព«ថ្ងៃនេះ»ទទួលបន្ទុក២៤ខេត្ត-ក្រុង និងម្នាក់ទៀតឈ្មោះប៉ាវ ចាន់ថូ អាយុ៤១ឆ្នាំ ជននេះមិនឮអួតថា ខ្លួនធ្វើអីទេ រីឯម្នាក់ទៀតដែលជេរប្រមាថសមត្ថកិច្ច ខ្លាំងជាងគេឈ្មោះអូន រីសាន អាយុ២៦ឆ្នាំ បានគេចខ្លួនទាំងយប់ ។

នារីរងគ្រោះឈ្មោះលី សុខគង់ បានប្រាប់សមត្ថកិច្ចថា បុរសឈ្មោះលី ហ៊ាង មានទំនាក់ទំនងស្នេហាជាមួយប្អូន ស្រីនាងឈ្មោះលី ស្រីល័ក្ខ អាយុ១៧ឆ្នាំ ប្រហែល៣ឆ្នាំហើយ ។ ជននេះតែងទូរស័ព្ទហៅប្អូនស្រីនាងទៅជួបមិនថាយប់ឬថ្ងៃទេ។ នៅយប់កើតហេតុក្រោយពីប្អូនស្រីជូននាងទៅដាក់ នៅភោជនីយដ្ឋានកន្លែងនាងធ្វើការ ប្អូនស្រីក៏ជិះម៉ូតូចេញទៅបាត់ដោយគ្រាន់តែប្រាប់ថា ពេលដល់ម៉ោងនាងមកយកវិញ ។ នាងសុខគង់ បន្តថា នៅម៉ោងកើតហេតុខ្លួនបានទូរស័ព្ទហៅប្អូនស្រីឲ្យមកយក តែប្អូនស្រីថា នៅម្ដុំផ្សារបឹងឈូក តែគេដកសោម៉ូតូបាត់ហើយ ។

គ្រានោះនាងដឹងថា ប្អូនស្រីជួបជាមួយឈ្មោះហ៊ាង នាងក៏ជិះម៉ូតូឌុបទៅមើលក៏ឃើញឈ្មោះហ៊ាងឈរនិយាយទូរស័ព្ទ ហើយនាងសួររកប្អូនស្រីក៏ជននេះមិននិយាយតបដែរ ធ្វើឱ្យនាងក្ដៅក្រហាយក៏បានស្ដីបន្ទោស ខ្លាំងៗស្រាប់តែជននេះស្ទុះមកវាយនាងតែម្ដង ។ គ្រានោះមានបក្សពួកគេម្នាក់ទៀតឈ្មោះសានជិះម៉ូតូនាងមកដល់ព្រួតគ្នាវាយនាងទៀតដោយមានឈ្មោះចាន់ថូ ជាអ្នកចាប់ក្រៀកនាងជាប់ រីឯប្អូនស្រីនាងបានត្រឹមអង្គុយយំមិនហ៊ានជួយទេ ។ នាងនិយាយថា ក្រោយពីវាយដំនាងរួចក្រុមនេះបានជិះរថយន្តចេញទៅបាត់លុះមួយសន្ទុះក្រោយមកទើបសមត្ថកិច្ចតាមរកឃើញពួកគេកំពុងផឹកស៊ីនៅភោជនីយដ្ឋាន«មហាសាល»ក្រោយពីនាងរាយការណ៍ប្រាប់ ។

នៅកន្លែងសមត្ថកិច្ច ក្រុមនេះមិនបានបន្ធូរមាត់ទេក្នុងការតិះដៀលសមត្ថកិច្ច ខណៈដែលសមត្ថកិច្ចបានព្យាយាមអត់ធ្មត់សង្កត់ធ្មេញស្ទើរទ្រាំលែងបាននឹងសម្តីខ្វះសីលធម៌នៃក្រុមអ្នកកាសែតដ៏មហិមានេះ ។ ឈ្មោះលី ហ៊ាង ដែល អះអាងថា ខ្លួនជាអ្នកកាសែត«ថ្ងៃនេះ»ទទួលខុសត្រូវ២៤ខេត្ត-ក្រុងមិនបានឆ្លើយតបទៅនឹងសំណួររបស់សមត្ថកិច្ចទេ តែបាននិយាយថា មូលហេតុដែលខ្លួនវាយនារីនោះ ដោយសារតែ នារីនោះមកចង្អុលមុខនិងជេរខ្លួនតើអ្នកណាមិនក្ដៅដូច្នេះ«ត្រូវតែវាយ»ហើយ ។ ប៉ុន្តែ ក្រោយមកជននេះបានបដិសេធវិញថា ខ្លួន មិនបានវាយនារីនោះទេ។ ជននេះអួតថា ខ្លួនជាអ្នកកាសែតគ្រប់គ្រង២៤ខេត្ត-ក្រុង តែនារីរងគ្រោះប្រាប់ថា បុរសនេះធ្វើអ្នកកាសែតមែនតែរត់តាក់ស៊ីបាត់ដំបង-ប៉ោយប៉ែតទេសព្វថ្ងៃនេះ ។

ក្រុមនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗចំនួន២នាក់ក្នុងចំណោម៣នាក់ បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ថែមទាំងបានសួរនាំស្ទើរទល់ភ្លឺទៀតផង លុះព្រឹកឡើងឃើញតែឈ្មោះលី ហ៊ាង ។ លោកមៀន ឡាយ នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលនិយាយថា យើងបាន ឃាត់ខ្លួនក្រុមនេះតែម្នាក់ទេ ហើយលោកស្នងការ និងលោកព្រះរាជអាជ្ញាបានបញ្ជាឲ្យ កសាងសំណុំរឿងបញ្ជូនជននេះទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]