ចិន៖ ពេជ្រជាវត្ថុដ៏កម្រមួយ ដែលត្រូវបានមនុស្សទូទាំងពិភពលោកឲ្យតម្លៃ។ ដោយសារតែតម្រូវការកាន់តែកើនឡើង តម្លៃពេជ្រក៏កាន់តែកើនឡើងទ្វេដង ដែលវាបង្កឲ្យមានបទល្មើសកើតឡើង ពាក់ព័ន្ធជាមួយពេជ្រនេះជារឿយៗផងដែរ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ប៉ូលិសច្រកព្រំដែន Louho ក្នុងខេត្ត Shenzhen ប្រទេសចិនបានឃាត់ខ្លួនក្មេងប្រុសម្នាក់ ដោយប៉ូលិសបានឆែកឆេរឃើញ ពេជ្រប្រមាណជិត ១០០០គ្រាប់ ត្រូវបានលាក់ទុកក្នុងស្បែកជើងរបស់គេ។

ប៉ូលិសក៏បានឲ្យដឹងដែរថា ក្មេងប្រុសនេះត្រូវបានប៉ូលិស ច្រកព្រំដែនសង្ស័យ ខណៈដែលប៉ូលិសបានប្រទះឃើញ រូបគេបានព្យាយាមដើរឆ្លងកាត់ព្រំប្រទល់ ទីក្រុងហុងកុង និងចិនដីគោក ក្នុងដំណើរមិនប្រក្រតី។ ប៉ូលិសក៏បានបន្ថែមទៀតថា ពួកគេបានដើរតាមពីក្រោយក្មេងនោះ ហើយក៏ប្រទះឃើញថា ក្មេងនោះបានប្រឹងដើរ អើតៗ និងបែរជាដើរក្នុងសភាពធម្មតាវិញពេលឃើញប៉ូលិស។

ដោយសង្ស័យកាន់តែខ្លាំង ប៉ូលិសក៏ចាប់ក្មេងនោះឆែកឆេរ ហើយក៏បានឃើញគ្រាប់ពេជ្រ ១០០០គ្រាប់ នៅក្នុងស្បែកជើងរបស់ក្មេងនោះ ដែលសរុបទៅគឺប្រមាណ ២១២.៩ ការ៉ាត់ ហើយក្មេងនោះក៏ត្រូវបានគេបញ្ជូន ទៅចាត់ការតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ផងដែរថា ការរត់ពន្ធពេជ្រពីទីក្រុងហុងកុង ទៅកាន់ចិនដីគោក ត្រូវបានប៉ូលិសច្រកព្រំដែនចាប់បានជនល្មើសជារឿយៗ បើទោះបីជាពួកគេបានប្រើគ្រប់ល្បិចកិច្ចកល យ៉ាងណាក៏ដោយ ខណៈដែលពេលកន្លងមក ធ្លាប់មានបុរសម្នាក់ដាក់ពេជ្រក្នុងខោក្នុង ៧០០០គ្រាប់ ដើម្បីគេចពន្ធ និងបុរសផ្សេងទៀតធ្លាប់ញាត់ពេជ្រ ៦ការ៉ាត់ចូលក្នុងរន្ធគូថ ដើម្បីគេចពន្ធកាលពីឆ្នាំ ២០១៥៕

ប្រភព៖ បរទេស

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

សូមចូលរួមត្រេកអរ ! ចាប់ពីខែមេសាទៅ ប្រាក់ខែគ្រូបង្រៀនទាបបំផុតជាង៩៥ម៉ឺនរៀល និងខ្ពស់បំផុតជាង ២.២លានរៀល

(ភ្នំពេញ)៖ ដើម្បីជួយលើកកម្ពស់ដល់ជីវភាព និងការរស់នៅរបស់មន្ត្រីរាជការ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានរកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការដំឡើងប្រាក់បៀវត្សរ៍ ជូនដល់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ពិសេសលោកគ្រូ អ្នកគ្រូ ដែលមានចំនួនរហូតដល់ជាង១០ម៉ឺននាក់។

ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ ពោលគឺមុនបុណ្យចូលឆ្នាំខ្មែរមកដល់ ដើម្បីចែករំលែកភាពរីករាយ ជូនដល់មន្ត្រីរាជការ គ្រូបង្រៀន និងកម្លាំងប្រដាប់អាវុធ រាជរដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់បំណាច់មុខងារ បន្ថែមលើប្រាក់បៀវត្សរ៍គោល។

ចំពោះគ្រូបង្រៀនបន្ទាប់ពីបន្ថែមប្រាក់បំណាច់មុខងារ លើប្រាក់បៀវត្សរ៍គោល ធ្វើឲ្យគ្រូបង្រៀនកម្រិតទាបបំផុត មានប្រាក់ខែ៩៥៣,៥០០រៀល និងខ្ពស់បំផុតចំនួន២,២៦៥,០០០រៀល ដោយប្រាក់ខែនេះមិនទាន់បូក បញ្ចូលប្រាក់វិភាជន៍គ្រួសារ (ប្រសិនបើកគ្រូបង្រៀនមានប្រពន្ធ និងកូន) និងប្រាក់តំបន់សម្រាប់វិស័យអប់រំ នៅឡើយនោះទេ។ ប្រសិនបើបូកបញ្ចូលប្រាក់ទាំង២មុខនេះទៀត ច្បាស់ណាស់គ្រូបង្រៀន នឹងអាចឡើងប្រាក់ខែ ដល់១លានរៀលហើយ។

លោក យក់ ប៊ុនណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងមុខងារសាធារណៈ បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា ចាប់ពីខែមេសា ឆ្នាំ២០១៧ តទៅប្រាក់ខែគ្រូបង្រៀន នឹងត្រូវឡើងដូចខាងក្រោម៖

បៀវត្សខ្ពស់បំផុត សម្រាបអប់រំក្នុងមុខតំណែង៖

* នាយកវិទ្យាស្ថានជាតិ ទទួលបាន ២,២៦៥,០០០រៀល។

* គ្រូបង្រៀនកម្រិតឧត្តម បង្រៀននៅមហាវិទ្យាល័យទទួលបាន ១,៥៩៥,០០០រៀល។

* គ្រូបង្រៀនកម្រិតឧត្តមបង្រៀននៅវិទ្យាល័យទទួលបាន ១,៥១៥,០០០រៀល។

* នាយកវិទ្យាល័យ ទទួលបាន ១,៧០៥,០០០រៀល។

* គ្រូបង្រៀនកម្រិតមូលដ្ឋាន បង្រៀននៅអនុវិទ្យាល័យ ទទួលបាន ១,៣៥៣,០០០រៀល។

* នាយកអនុវិទ្យាល័យទទួលបាន ១,៥១៣,០០០រៀល។

* គ្រូបង្រៀនកម្រិតបឋមបង្រៀន នៅបឋមសិក្សា និងមត្តេយ្យសិក្សា ទទួលបាន ១,១៩១,០០០រៀល។

* នាយកបឋមសិក្សា ទទួលបាន ១,៣៣១,០០០រៀល។

* នាយកមត្តេយ្យសិក្សា ទទួលបាន ១,៣១១,០០០រៀល។

បៀវត្សទាបបំផុតរបស់គ្រូបង្រៀន ទទួលបាន ៩៥៣,៥០០រៀល។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា ប្រាក់បៀវត្សរ៍ខាងលើនេះ គិតបញ្ចូលតែ បៀវត្សមូលដ្ឋាន និងប្រាក់បំណាច់មុខងារ នៅមិនទាន់បូកបន្ថែម អាចជាប្រាក់វិភាជន៍គ្រួសារ (ប្រពន្ធ និងកូន) ដែលប្រពន្ធទទួលបាន ១៥,០០០រៀល, កូនម្នាក់ ទទួលបាន១០,០០០រៀល និងប្រាក់តំបន់ដែលចែកចេញជា៣ប្រភេទទៅតាមជិត និងឆ្ងាយ ដែលមានចំនួន ៨០,០០០រៀល, ១០០,០០០រៀល និងខ្ពស់បំផុត ១២០,០០០រៀល។

ក្រៅតែពីការដំឡើងប្រាក់បៀវត្សរ៍ មុខចូលឆ្នាំខ្មែរហើយនោះ រាជរដ្ឋាភិបាលកម្ពុជា ថែមទាំងផ្ដល់នូវប្រាក់ឧបត្ថម្ភ ក្នុងឱកាសបុណ្យ​ចូល​ឆ្នាំ​ខែ្មរ ជូនមន្ត្រីរាជការ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធផងដែរ ដោយក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល ដែលសរុបទាំងអស់ត្រូវចំណាយថវិកាប្រមាណ ៧​លានដុល្លាអាមេរិក។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅថ្ងៃទី២២ ខែមីនាម្សិញមិញ ក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រជូនគរុសិស្សជិត១ពាន់នាក់ ក្នុងវិទ្យាស្ថានជាតិអប់រំ បានថ្លែងបញ្ជាក់ជូនប្រជាពលរដ្ឋ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ គ្រូបង្រៀន អំពីផលប្រយោជន៍ជាច្រើនដែលពួកគាត់នឹងទទួលបាន ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ខាងមុខនេះ។

ផលប្រយោជន៍ដែលប្រជាពលរដ្ឋ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ គ្រូបង្រៀន ដែលនឹងទទួលបានរួមមានទី១៖ ការបញ្ជុះអត្រាការប្រាក់ សម្រាប់ប្រាក់កម្ចី ដែលសម្តេចតេជោ អះអាងថា ពីចំនួនលើសពី២៥% ក្នុង១ឆ្នាំ មកនូវត្រឹម១៨%ក្នុង១ឆ្នាំ។ ទី២៖ ការបញ្ជុះតម្លៃអគ្គិសនី។ ទី៣៖ ការបញ្ជុះតម្លៃទឹក និងទី៤៖ ការដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ប្រកាប់ខែគ្រូបង្រៀន មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទាំងអស់នៅត្រូវបើកនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]