អ្នកប្រហែលជាមិនដឹងទេថា របស់របរប្រើប្រាស់ក្នុងផ្ទះមួយចំនួន ដូចជាទឹកអប់ ឬទឹកលាងសម្អាត អាចបង្កគ្រោះថ្នាក់ សម្រាប់សុខភាពរបស់មនុស្សម្នាក់ៗនោះទេ។

ហេតុនេះ សូមតាម​ដានបញ្ជីរបស់របរក្នុងផ្ទះទាំង ៧ ប្រភេទ ដែលអ្នកគួរតែឈប់ប្រើប្រាស់ ចាប់ពីពេលនេះតទៅ ៖

១. ទឹកអប់ ឬផលិតផលជួយឲ្យមានក្លិនក្រអូប

ផលិតផលជួយឲ្យមានក្លិនក្រអូប ឬទឹកអប់ មានផ្ទុកសមាសធាតុប្រឆាំងសរសៃប្រសាទ ដែលអាចបណ្តាលឲ្យស្ទះរន្ធច្រមុះ និងអាចរារាំងការហិតក្លិនបានបណ្តោះអាសន្នថែមទៀត។ ជាតិពុល ដែលចេញពីផលិតផលជួយឲ្យមានក្លិនក្រអូប ឬទឹកអប់ អាចប៉ះពាល់ដល់អរម៉ូន និងសុខភាពស្បែកបាន នៅរយៈយូរ។ 

២. ផលិតផលបំបាត់ក្លិនខ្លួន

ផលិតផលបំបាត់ក្លិនខ្លួន ឬក្លិនក្លៀក អាចរារាំងរាងកាយ មិនឲ្យបញ្ចេញជាតិពុល ដូចជា អាស៊ីតអាសេនិក កាតមីញ៉ូម សំណ និងបារត បានឡើយ។ គ្រឿងផ្សំសកម្មបំផុត របស់ផលិតផលទាំងនេះគឺ សារធាតុអាលុយមីញ៉ូម ដែលវាអាចធ្វើឲ្យស្ទះក្រពេញញើស រួចវានឹងជ្រាបចូលស្បែក បំលែងជាអរម៉ូន Estrogen រហូតអាចក្លាយជាជំងឺមហារីកបាន។ 

៣. សាប៊ូប្រឆាំងនឹងបាក់តេរី

មនុស្សភាគច្រើនតែងតែប្រើប្រាស់សាប៊ូប្រភេទនេះ ដើម្បីការពារបាក់តេរី និងមេរោគផ្សេងៗ ប៉ុន្តែ ថ្មីៗនេះគេបានរកឃើញថា ការប្រើប្រាស់សាប៊ូនេះ អាចបង្កជាបាក់តេរីស៊ាំ មិនរលួយជាប់ស្បែក រហូតករណីធ្ងន់ធ្ងរអាចបណ្តាលឲ្យខូចថ្លើម ដោយសារតែសាប៊ូប្រភេទនេះ មានសារធាតុ Triclosan ងាយជ្រាបចូលស្បែកខ្លាំង។ 

៤. របស់របរប្លាស្ទិច

របស់របរប្លាស្ទិច នឹងប្រែជាឡើងស្អាប់ និងមិនអាចប្រើប្រាស់បានយូរឡើយ ដោយសារតែវា មិនអាចទទួលរងកម្តៅ ពីអាហារ និងការលាងសម្អាតបានឡើយ។ អ្វីដែលសំខាន់បំផុត វាអាចបញ្ចេញសារធាតុពុលរបស់វា ចូលក្នុងអាហារ។ ហេតុនេះ អ្នកគួរប្រើប្រាស់ប្រអប់កែវ ឬប្រអប់ថ្មវិញ ទើបជាការល្អ។ 

៥. ផលិតផលសម្អាត

ផលិតផលសម្អាតផ្ទះជាច្រើន មានផ្ទុកសារធាតុកាត់ម៉្យាងហៅថា corrosive alkalis ដែលអាចបង្កផលប៉ះពាល់ ទៅដល់ក្រពះ ពោះវៀន និងប្រព័ន្ធផ្លូវដង្ហើម ប្រសិនបើអ្នកហិតក្លិនរបស់វា ឬលេបចូលទៅក្នុងពោះ (ដូចជាចានដែលជាប់សាប៊ូលាងមិនស្អាត)។ ហេតុនេះ អ្នកគួរងាកមកប្រើប្រាស់ម្សៅ Baking soda ម្សៅ Borax ម្សៅសាប៊ូ ទឹកខ្មេះ និងក្រូចឆ្មារវិញទើបជាការល្អ ពីព្រោះវាក៏មានសមត្ថភាពអាចសម្អាតស្អាត មិនចាញ់ផលិតផលដទៃដែរ។ 

៦. ខ្ទះមិនជាប់

សារធាតុដែលហ៊ុមព័ទ្ធឆ្នាំងខ្ទះ ដែលការពារមិនឲ្យជាប់នោះហៅថា PFOA ដែលសារធាតុនេះ ពេលដែលត្រូវកម្តៅ វានឹងបញ្ចេញឧស្ម័នពុល ដែលអាចបណ្តាលឲ្យកើតជាជំងឺមហារីក និងជំងឺកាចសាហាវផ្សេងទៀត។ ហេតុនេះ អ្នកគួរតែជ្រើសរើសទិញខ្ទះ ដែលមានបញ្ជាក់ពាក្យថា PFOA-free ឬឆ្នាំងខ្ទះ អ៊ីណុកក៏បាន។ 

៧. សំឡីត្បារច្រចៀក

ការប្រើប្រាស់ សំឡីត្បារត្រចៀក អាចបំផ្លាញក្រដាសត្រចៀក ក្នុងត្រចៀក របស់អ្នកបាន។ នេះក៏ព្រោះតែ ក្រដាសត្រចៀកមនុស្ស មានសភាពស្តើងណាស់ ជាពិសេស ប្រសិនបើវារងការខូចខាត បាក់តេរី នឹងអាចជ្រៀតចូលទៅក្នុងកោសិកាត្រចៀកខាងក្នុងបានយ៉ាងងាយ៕ 

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

តិចនិកក្នុងការលាងសម្អាត សម្ភារៈក្នុងផ្ទះបាយ បានយ៉ាងងាយ និងឆាប់រហ័សបំផុត

និយាយតាមត្រង់ទៅ មនុស្សយើងភាគច្រើន មិនសូវជាចូលចិត្តការងារសម្អាតប៉ុន្មានទេ ជាពិសេសការងារសម្អាតក្នុងចង្រ្កានបាយតែម្តង។

តែកុំបារម្ភទៀតអី! ថ្ងៃនេះយើងនឹងបង្ហាញពីតិចនិចសម្អាត សម្ភារៈផ្ទះបាយមួយចំនួន ដែលមានភាពងាយស្រួល និងមិនចំណាយពេលយូរ ដូចខាងក្រោមនេះ ៖

១. សម្អាតម៉ាស៊ីនកិនទឹកក្រឡុក

ងាយបំផុត គឺអ្នកគ្រាន់តែចាក់ទឹកក្តៅឧណ្ណៗចូល រួចបន្តក់ថែមទឹកសាប៊ូបោកខោអាវ ២ ទៅ ៣ តំណក់ រួចចុចដំណើរម៉ាស៊ីន ឲ្យក្រឡុកប្រមាណជា ២០ វិនាទី សឹមយកទៅលាងទឹកធម្មតា ជាការស្រេច។

២. សម្អាតម៉ាស៊ីន Microwave

អ្នកគ្រាន់តែយក ក្រណាត់ ឬកូនកន្សែងសើម ទៅដាក់កម្តៅក្នុងម៉ាស៊ីន Microwave ឲ្យក្តៅបន្តិច រួចទុកឲ្យត្រជាក់មួយសន្ទុះ សឹមយកវាមកជូតសម្អាតជាការស្រេច។ ចំហាយចេញពីក្រណាត់ ឬកន្សែងសើម អាចជូតសម្អាតភាពកខ្វក់បានយ៉ាងមានប្រសិទ្ធភាព។

៣. កម្ចាត់ក្លិនចេញពីម៉ាស៊ីន Microwave

ងាយបំផុត ដោយអ្នកគ្រាន់តែចាក់ទឹកមួយកែវ ដែលមានទឹកក្រូចឆ្មារ ១/២ ចូលទៅក្នុងថាសម៉ាស៊ីន Microwave រួចបើកដំណើរការឲ្យក្តៅ ប្រមាណជា ៣ ទៅ ៥ នាទី។ បន្ទាប់ពីឈប់ដំណើរការម៉ាស៊ីនរួច អ្នកអាចទុកវាចោលក្នុងម៉ាស៊ីន ១០ នាទី ថែមទៀត ដើម្បីធានាថា គ្មានក្លិនមិនល្អទៀតនោះទេ។

៤. សម្អាតកំសៀវចាស់ៗ

ទោះបីជាផ្ទៃកំសៀវខាងក្នុងកខ្វក់ ឬចាស់ប៉ុណ្ណា ក៏អ្នកមិនចាំបាច់បារម្ភទៀតដែរ។ អ្នកគ្រាន់តែដាក់ទឹកកកចូល ១/៤ នៃកំសៀវ រួចច្របាច់ក្រូចឆ្មារមួយផ្លែចូល បន្ទាប់មកថែមអំបិល ២ ស្លាបព្រាបាយ និងកូរឲ្យសព្វប្រមាណជា ២ នាទី សឹមយកវាទៅលាងសម្អាតចេញតាមធម្មតា។

៥. សម្អាតខ្ទះ

ខ្ទះដែលប្រើប្រាស់យូរភាគច្រើន មានកំណកដែកជាប់ច្រើន ប៉ុន្តែងាយបំផុតដើម្បីកម្ចាត់វាគឺ គ្រាន់តែរោយអំបិលពីលើកំណកដែកទាំងនោះ រួចយកក្រដាសជូតមាត់ទៅត្រដុសវិញ សឹមលាងសម្អាតតាមធម្មតា ជាការស្រេច។

៦. សម្អាតធុងសំរាម

មនុស្សមួយចំនួន ប្រហែលជាមិនបានយកចិត្តទុកដាក់សំអាតធុងសំរាមនោះទេ។ ជាក់ស្តែង អ្នកគ្រាន់តែ យកដុំទឹកកកតូចៗ ដែលបានមកពីទឹក និងទឹកខ្មេះលាយចូលគ្នា ក្នុងបរិមាណស្មើគ្នា ចូលក្នុងធុងសំរាម។ នៅពេលដែលវារលាយ អ្នកអាចយកវាយកលាងទឹកសម្អាតចេញ ជាការស្រេច។

៧. កំណកកាហ្វេជាប់នឹងពែង ឬចានព័រសឺឡែន

វីធីបំបាត់កំណកកាហ្វេ ដែលជាប់នឹងពែង ឬចានព័រសឺឡែន បានយ៉ាងសាមញ្ញ គឺអ្នកគ្រាន់តែលាយទឹកខ្មេះ ជាមួយអំបិល ក្នុងបរិមាណស្មើគ្នា រួចយកវាសម្រាប់លាងសម្អាត ពែងឬចានទាំងនោះ ជាការស្រេច។

៨. តិចនិកក្នុងការប្រើអេប៉ុងសម្អាត

ក្នុងករណី ដែលអ្នកចង់ធ្វើការសម្អាតកន្លែង ដែលពិបាកសម្អាត ដូចជាកន្លុកកន្លៀត ឬកន្លែងតូចចង្អៀត អ្នកគួរយកអេប៉ុងមកកាត់ជាពីរ រួចសឹមយកទៅប្រើប្រាស់ ជាការស្រេច៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]