ភ្នំពេញ៖ ធ្លាប់តែឃើញកីឡាករក្រុមជម្រើសជាតិពាក់អាវយឺត ខោខ្លី ធ្វើដំណើរសម្រាប់ត្រៀមការប្រកួត ឬធ្វើការប្រកួតផ្សេងៗ ប៉ុន្តែលើកនេះអ្នកគាំទ្រជាច្រើនបាននាំគ្នាភ្ញាក់ផ្អើល និងប្លែកភ្នែក នៅពេលឃើញក្រុមកីឡាករក្រុមជម្រើសជាតិស្លៀកពាក់ឈុតថ្មី អាវធំ ខោខ្មៅ ក្រវ៉ាត់ក អំឡុងពេលធ្វើដំណើរមកកាន់ពហុកីឡដ្ឋានជាតិពីល្ងាចមិញនេះ។
លើសពីនេះទៀតជាមួយនឹងឈុតនេះដដែល ក្រុមដែលមានរហស្សនាម គោព្រៃ ក៏បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ទៅប្រកួតនៅប្រទេសហ្ស៊កដានី កាលពីព្រឹកមិញនេះផងដែរ។
អ្នកគាំទ្រភាគច្រើនបាននាំគ្នានិយាយថា នៅពេលក្រុមជម្រើសជាតិកម្ពុជានាំគ្នាស្លៀកឈុតបែបនេះ កីឡាករម្នាក់ៗហាក់បីដូចជាមានភាពមឺុងម៉ាត់ខ្លាំង ហើយថែមទាំងសង្ហាមិនចាញ់កីឡាករមកពីតំបន់អឺរ៉ុបទៀតផង។
គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិហាក់បីដូចជាផ្លាស់ប្តូរច្រើន តាំងពីលោក Leonardo ឡើងកាន់តំណែងជាគ្រូបង្វឹកថ្មីភ្លាម។ ក្នុងនោះដែរ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី កីឡាករនីមួយៗទទួលការហ្វឹកហាត់ប្លែកជាងរាល់ដង ជាពិសេសទៀតនោះ ក្រុមទាំងមូលក៏បានបង្ហាញនូវទម្រង់លេងដ៏ល្អមួយ នៅក្នុងការប្រកួតទល់ជាមួយនឹងឥណ្ឌា កាលពីយប់មិញនេះផងដែរ បើទោះជាទទួលលទ្ធផលមិនល្អយ៉ាងណាក៏ដោយ។
គួរឲ្យដឹងបន្ថែមទៀតថា ក្រោយពីបញ្ចប់ការប្រកួតមិត្តភាពជាមួយឥណ្ឌារួច នៅវេលាព្រឹកមិញនេះ ក្រុមជម្រើសជាតិកម្ពុជា ក៏បានចាកចេញពីប្រទេសកំណើត ទៅប្រទេសហ្ស៊កដានី ដើម្បីត្រៀមប្រកួតវគ្គជម្រុះពានរង្វាន់ជើងឯកអាស៊ីឆ្នាំ ២០១៩ ផងដែរ ដែលការប្រកួតនេះ នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ៕
ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖
ក្រោយផ្ទុះសង្គ្រាមសម្តីផ្អើលហ្វេសប៊ុក កីឡាករទាំង២មានដំណើរជីវិតស្រដៀងគ្នា
រាជធានីភ្នំពេញ ៖ ក្នុងពិភពកីឡា មិនមានអ្នកណាមិនដឹងនោះទេថា កីឡាករល្បីឈ្មោះ២រូប គឺសេន ប៊ុនថេន និងវ៉ន វីវ៉ា គឺជាអតីតមិត្តល្អនឹងគ្នា តែក៏បានឈ្លោះគ្នាឡើងបែកផ្សែងដោយសារតែការចំអន់ និងសើចចំអកដាក់គ្នាផងដែរ ។ មកទល់ពេលនេះ គេកត់សម្គាល់ថា កីឡាករទាំងពីរមានលំនាំជីវិតដូចគ្នា ជាពិសេសបន្ទាប់ពីបានក្លាយជាឪពុករបស់ទារិកា ។
លោក សេន ប៊ុនថេន និងវ៉ន វីវ៉ា ត្រូវគេកត់សម្គាល់ថា សឹងនឹងមានដំណើរជីវិតដូចគ្នាទៅហើយ បន្ទាប់ពីអ្នកទាំងពីរចាប់ផ្ដើមនឿយណាយពីការប្រដាល់ដូចគ្នា ។ បើទោះជាសេន ប៊ុនថេន នៅលឹបលម្ដងម្កាលជាមួយការប្រដាល់ ដោយសារតែលោកនៅបន្តជីវិតជាគ្រូបង្វឹក តែគេកត់សម្គាល់ថា ស្ថានភាពលាចេញពីការប្រដាល់របស់លោកនឹងត្រូវកើតឡើងមិនខុសគ្នា ។
កីឡាករ សេន ប៊ុនថេន មិនដែលប្រកាសថា បោះបង់ការប្រដាល់នោះទេ ដោយភាពជាក់ស្ដែងលោកក៏បានបង្ហាញខ្លួនឡើងរេញកាលពីចុងឆ្នាំ២០១៦ ធ្វើឱ្យមានរបួសជាប់ខ្លួននោះផង ។
យ៉ាងណាមិញ លោកប្រហែលជាបាត់ឱកាសឡើងរេញទៀតហើយ ដោយសារតែភរិយារបស់លោកក៏ចង់ឱ្យឈប់ប្រដាល់ ស្របគ្នាដែលលោកក៏ទើបតែមានកូនស្រីម្នាក់ជាទីស្រឡាញ់ ដែលត្រូវស្វែងរកការងារផ្សេងជំនួសឱ្យការប្រដាល់ ។ លោកបានប្រកាសប្រាប់មិត្ដភក្ដិឈប់ឡើងប្រដាល់ ហើយកុំឱ្យចាញ់ខ្មាសគេ និងដើម្បីមានពេលបានមើលខុសត្រូវចំពោះកូនស្រីខ្លួនឱ្យបានល្អផង ។
លោកបានបង្ហោះ ពីក្ដីស្រឡាញ់ចំពោះកូនស្រី របស់ខ្លួនយ៉ាងខ្លាំង បើទោះជាមុនពេលភរិយាពពោះ លោករមែងប្រកាសថា មិនទាន់ចង់បានកូនដោយសារតែជីវភាពមិនទាន់ប្រសើរ ។
លោកថា កូនស្រីរបស់លោកទើបនឹងប្រសូតឡើងកាលពីថ្ងៃទី១៧ មីនា ដោយលោកបានដាក់ឈ្មោះថា Bella និងបានចាត់ទុកថា ជាកូនស្រីសំណព្វចិត្តរបស់លោកនោះផង ។ លោកថា ខ្លួនមិនទាន់ចង់បានកូននៅឡើយទេ ប៉ុន្តែក្រោយពេលភរិយាពពោះ និងបង្កើតបានកូនស្រីគឺលោករំភើប និងស្រឡាញ់គ្មានពីរ បន្ទាប់ពីបានក្លាយខ្លួនជាឪពុករបស់ក្មេង ។
លោកថា ខ្លួននៅតែបន្តដំណើរជាមួយការប្រដាល់ ប៉ុន្តែបើឱ្យឡើងប្រដាល់ដូចមុន គឺលោកអាចនឹងអត់ដោយសារតែលោកក៏លែងចង់ល្បីដោយសារឡើងវ៉ៃបន្តទៀត ។ លោកថា កម្លាំងចុះខ្សោយហើយស្ថានភាពរបួសក្នុងការប្រកួតលើកចុងក្រោយក៏ធ្វើឱ្យលោកលែងចង់ឡើងរេញផងដែរ ដោយលោកនៅទទួលតែការបង្វឹកសិស្សប៉ុណ្ណោះ ដើម្បីប្រាក់ចំណូលផង និងដើម្បីឱ្យរាងកាយមានសុខភាពល្អមិនខុសពីនៅប្រកួតប្រដាល់ផង ។ ទោះបីយ៉ាងណា លោកអាចទទួលយកការប្រដាល់ម្ដងម្កាល បើសុខភាពអំណោយផលហើយការប្រដាល់ត្រូវធ្វើឡើងសមនឹងលោកទទួលយក ។
លោកថា ក្រោយក្លាយជាឪពុកក្មេងត្រូវគិតមុនគេពីការរកលុយ តែក៏មិនមែនជម្រើសយកការរកលុយដោយឡើងប្រដាល់មិនខ្លាចគ្រោះថ្នាក់នោះដែរ ដើម្បីកុំឱ្យឈឺទៅពិបាកប្រពន្ធកូន ។
ជំហររបស់លោកត្រូវគេឃើញដូចគ្នានឹងកីឡាករវ៉ន វីវ៉ា ដែលជាអតីតគូជម្លោះ និងជាអ្នករួមអាជីពរបស់ខ្លួន ។
វ៉ន វីវ៉ា ក្រោយពេលរៀបការលោកនៅតែបន្តអាជីពប្រដាល់នៅឡើយទេ ប៉ុន្តែដោយសារការប្រកួតលើកចុងក្រោយ បណ្ដាលឱ្យលោកបាក់ឆ្អឹងដៃ ទើបប្រកាសដកខ្លួនព្រមគ្នាជាមួយនឹងបានក្លាយជាឪពុកគេតែម្ដង ។ អ្វីដែលគេមើលឃើញដូចគ្នា គឺអ្នកទាំងពីរមានកូនស្រីដូចគ្នា និងបានប្រកាសលាឈប់ការប្រដាល់លើរេញក្រោយក្លាយជាឪពុកគេដូចគ្នា ។
មហាជនមួយចំនួនបានចាប់អារម្មណ៍ វ៉ន វីវ៉ា ក្រោយពេលល្បីឈ្មោះ ជាពិសេសគឺបន្ទាប់ពីអ្នកទាំងពីរផ្ទុះរឿងឈ្លោះគ្នាឡើងផ្អើលមហាជននាពេលមុន ។ ក្នុងនោះសូម្បីតែអ្នកនាង ស៊ន ដាវីន និង ឃឹម ខាន់សោភ័ណ្ឌ ដែលជាភរិយាអ្នកទាំងពីរក៏បញ្ចេញទស្សនៈកាច់កុងគ្នារឿងកាន់ជើងប្ដីដែរ ។ វ៉ន វីវ៉ា និយាយថា លោកឈប់ប្រដាល់ហើយ ហើយអ្វីដែលលោកសម្រេចធ្វើ គឺធ្វើដើម្បីកូនស្រី ។
យ៉ាងណាមិញ អ្វីដែលគេមើលឃើញពីភាពខុសគ្នា គឺវ៉ន វីវ៉ា សម្រេចចិត្តមិនបន្តអាជីពជាគ្រូបង្វឹកនោះទេ តែសម្រាប់កីឡាករសេន ប៊ុនថេន នៅបន្តអាជីពបង្វឹកសិស្ស បើទោះជាលោកបោះបង់ការប្រដាល់ទាំងស្រុងក្ដី។ ក្នុងនោះសូម្បីតែការទទួលថតកុន ក៏ដូចជាលែងរវល់ទៀតហើយ ដោយវ៉ន វីវ៉ា ប្រកាសថា ចង់ទុកពេលមើលកូន និងរកស៊ីមុខរបរមួយផ្សេងជាជំនួស ។
ងាកទៅកីឡាករសេន ប៊ុនថេន លោកថា នៅតែចង់បន្តអាជីពថតកុន និងបង្វឹកសិស្សរហូតដល់ចាស់ ដោយសារលោកប្រកាសថា នៅចង់បន្សល់ទុកស្នាដៃឱ្យក្មេងជំនាន់ក្រោយមុនពេលចាស់ទៅ ។ មហាជននៅតែកត់សម្គាល់ថា វ៉ន វីវ៉ា និងសេន ប៊ុនថេន មានដំណើរជីវិត និងជំហរស្រដៀងគ្នា បន្ទាប់ពីអ្នកទាំងពីរផ្ទុះសង្គ្រាមពាក្យសម្ដីឡើងផ្អើលហ្វេសប៊ុកធ្វើឱ្យមានការរិះគន់ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]