បរទេស៖ សារព័ត៌មាន មីរ័រ របស់អង់គ្លេស បានចុះផ្សាយកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ វីដេអូដ៏រន្ធត់មួយត្រូវបានគេបង្ហោះលើអ៊ិនធើណេត ដោយបង្ហាញពីសកម្មភាពរបស់ក្មេងប្រុសម្នាក់ បង្វិលក្បាលរបស់គេមកក្រោយខ្នង ១៨០ដឺក្រេ សឹងមិនជឿនឹងភ្នែក ដែលមើលទៅដូចគ្នាក្នុងឈុតភាពយន្តខ្មោចរឿង Exorcist។

ប្រភពព័ត៌មានបានឲ្យដឹងថា យោងតាមវីដេអូ ក្មេងប្រុសរូបនោះ ត្រូវគេស្នើសុំឲ្យសម្តែងបែបនេះ ដោយរូបគេបានឈរបែរខ្នងដាក់កាមេរ៉ា ហើយបន្ទាប់មកក៏សម្រួលសាច់ដុំ.ក មុនពេលដែលគេយកដៃទាំង២ ចាប់ក្បាលបង្វិលមកក្រោយ ស្តែងៗតែម្តង។ 

សកម្មភាពដ៏គួរឲ្យរន្ធត់មួយនេះ ត្រូវបានថតដោយសមាជិកគ្រួសាររបស់គេម្នាក់ ខណៈអ្នកដទៃទៀតនាំគ្នាសើចសប្បាយ ចំណែកឯក្រុមប្រុសតូច ក្រោយពីបង្វិលក្បាលបាន ២-៣វិនាទី ក៏ត្រលប់ក្បាលមកដូចធម្មតាវិញ រួចក៏ដើរចេញទៅខាងក្រៅផ្ទះ ដើម្បីលេងជាមួយមិត្តភក្តិរបស់គេទៅ។

ប្រភពបន្តថា វីដេអូមួយនេះ ត្រូវបានបង្ហោះលើបណ្តាញអ៊ិនធើណេត អមដោយសារ ដែលសរសេរជាភាសាអេស្ប៉ាញ តែគេមិនដឹងច្បាស់ទេថា វីដេអូមួយនេះត្រូវបានថតនៅទីណាឲ្យពិតប្រាកដ៕ 

ប្រភព៖ Mirror

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ធ្លាប់តែឮរឿងព្រេងនិទាន ដល់ពេលជីករកមើល ពិតជារកឃើញរតនសម្បត្តិជាង១ម៉ឺនមុខ ក្រោមបាតទន្លេមែន

សារព័ត៌មានសៀងហៃ បានចុះផ្សាយកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ថា រតនសម្បត្តិជាច្រើនប្រភេទ ដែលត្រូវបានគេនិយាយតគ្នាជាយូរមកហើយនោះ ពេលនេះត្រូវបានរកឃើញ និងស្រង់ចេញពីក្រោមទន្លេ Minjiang ហើយ ដែលស្ថិតក្នុងខេត្តស៊ីឈួន ប្រទេសចិន។

រតនសម្បត្តិទាំងនោះមានជាង ១ម៉ឺនមុខ ដែលផលិតចេញពីមាស និងប្រាក់ ហើយវាត្រូវបានរកឃើញដោយក្រុមបុរាណវិទូមួយក្រុម និងផ្តល់ជាភស្តុតាងសម្រាប់រឿងនិទានមួយ ដែលត្រូវបានគេនិយាយតគ្នាជាយូរមកហើយ ថាជារឿងពិត គឺរឿង “ខ្លាលឿង” ។

ប្រភពព័ត៌មានបានឲ្យដឹងថា រឿងមួយនោះនិយាយអំពី មេដឹកនាំកសិករម្នាក់ឈ្មោះ Zhang Xianzhong ដែលបានគ្រប់គ្រងលើខេត្តស៊ីឈួន ក្នុងអំឡុងចុងរជ្ជកាលមីង និងដើមរជ្ជកាលឈីង។ រឿងព្រេងនោះបានដំណាលថា នៅក្នុងឆ្នាំ១៦៤៦ ទូករបស់លោក Zhang ប្រមាណ ១ពាន់គ្រឿងបានលិចទៅក្នុងទន្លេ ក្រោមស្នាដៃរបស់កងទ័ពព្រះចៅអធិរាជ បណ្តាលឲ្យទ្រព្យសម្បត្តិដ៏ច្រើនសន្ធិកសន្ធាប់របស់គាត់លិចទៅជាមួយគ្នា។

ក្រុមអ្នកបុរាណវិទូ បានរកឃើញកាក់មាស ប្រាក់ និងសំរិទ្ធរាប់ពាន់កាក់ រួមជាមួយនឹងគ្រឿងអលង្ការ ព្រមទាំងអាវុធដែលធ្វើពីដែកជាច្រើន នៅបាតទន្លេ Minjiang ដែលមានចម្ងាយ ៥០គីឡូម៉ែត្រ ភាគខាងត្បូងក្រុង Chengdu ជាកន្លែងដែលទន្លេ Minjiang និងទន្លេ Jinjiang ជួបប្រសព្វគ្នា។

លោក Wang Wei ដែលជាអ្នកបុរាណវិទូមួយរូប បានមានប្រសាសន៍ថា “ទ្រព្យសម្បត្តិដែលបានរកឃើញទាំងនោះ ភាគច្រើននៅរប៉ាត់រប៉ាយពាសពេញបាតទន្លេ និងជាភស្តុតាងដ៏គួរឲ្យទាក់ទាញអារម្មណ៍មួយ ដើម្បីកំណត់អត្តសញ្ញាណតំបន់នោះដែលជាកន្លែងដែលការប្រយុទ្ធគ្នា ត្រូវបានធ្វើឡើង”។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១០ តំបន់មួយនេះត្រូវបានរដ្ឋាភិបាលប្រកាស វាជាតំបន់អភិរក្ស និងបានចាប់ផ្តើមធ្វើការ លើផែនការជីករុករក។ ដោយឡែកនៅក្នុងឆ្នាំ២០១៥ ក្រុមកម្មករជាច្រើន បានចាប់ផ្តើមធ្វើការស្វែងរកវត្ថុមានតម្លៃ នៅជិតតំបន់នេះ ដោយជនសង្ស័យចំនួន ៣១នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន និងដកហូតបានកាក់បុរាណរាប់ពាន់កាក់ ព្រមទាំងឧបករណ៍មុជទឹករបស់ពួកគេផងដែរ។

នៅទីបំផុតក្រុមអ្នកបុរាណវិទូ ក៏ចាប់ផ្តើមការជីកកកាយបាតទន្លេនោះនៅក្នុងខែមករា ឆ្នាំ២០១៧ ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកជាច្រើនគ្រឿង ធ្វើការបូមទឹកចេញពីតំបន់ជីកកកាយជាមុនសិន ទើបជីកទៅក្រោមដី ជម្រៅ៥ម៉ែត្រ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]