ជនជាតិអាស៊ីយើង មិនត្រឹមតែមានរបៀបរបប ទំនៀមទម្លាប់ច្រើនប៉ុណ្ណោះទេ យើងថែមទាំងមាន ល្បិច និងតិចនិកទាក់ទង នឹងសកម្មភាពប្រចាំថ្ងៃជាច្រើនផ្សេងទៀត ដែលសុទ្ធតែមានប្រយោជន៍។

ចង់ដឹងថា មានអ្វីប្លែកខ្លះ ក្រៅពីអ្វីដែលអ្នកធ្លាប់បានដឹងនោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖

១. ទទួលទាននំបន្ទះដំឡូង (Chips) ឬអាហារផ្សេងៗទៀត ដែលមានក្លិនឈួល ដោយប្រើប្រាស់ចង្កឹះ ដើម្បីការពារមិនឲ្យដៃមានភាពកខ្វក់។ 

២. សម្រាប់អ្នកដែលចូលចិត្តទទួលទានផ្លែប៉ោម មិនចាំបាច់បារម្ភពីពណ៌របស់ប៉ោម ប្រែជាជាំ ដោយសារជ័ររបស់វាទៀតឡើយ ទោះបីជាទុកវាចោលក៏ដោយ ដោយអ្នកគ្រាន់តែច្របាច់ក្រូចឆ្មារមួយចំណិត និងរោយអំបិលពីលើបន្តិច ជាការស្រេច។

៣. ក្នុងករណីដែលអ្នកគ្មានពេលអ៊ុតខោអាវនៅពេលព្រឹក ឬនៅពេលស្នាក់នៅអូតែល ដោយគ្មានម៉ាស៊ីនអ៊ុត អ្នកគ្រាន់តែព្យួរសម្លៀកបំពាក់ចោលក្នុងបន្ទប់ទឹក រួចងូតទឹកតាមធម្មតា ពីព្រោះគេជឿថា ចំហាយក្នុងបន្ទប់ទឹក (ដែលបានពីការងូតទឹក) អាចជួយឲ្យសម្លៀកបំពាក់ ប្រែជាលែងជ្រួញបាន។

៤. ជនជាតិអាស៊ីយើងតែងមិនចោល កាកតែ ដែលប្រើប្រាស់រួចនោះទេ ដោយសារយើងអាច យកវាទៅហាលឲ្យស្ងួត រួចរក្សាវាទុកក្នុងទូទឹកកក ដើម្បីបំបាត់ក្លិនមិនល្អ បានយ៉ាងមានប្រសិទ្ធភាព។

៥. បើនិយាយពីពេល ដែលគ្មានកាវសម្រាប់ប្រើប្រាស់ ជាពិសេស ពេលបិទក្រដាស យើងម្នាក់ៗអាចប្រើ បាយមកបិទជំនួសកាវបាន។

៦. នៅពេលដែល អំបិល ម្រេច ឬគ្រឿងទេសផ្សេងៗទៀត ប្រែជាងាយស្អិតជាប់ដុំៗ រហូតពិបាករោយវាចេញពីកំប៉ុងនោះ អ្នកគ្រាន់តែដាក់គ្រាប់អង្ករ ២ ទៅ ៣ គ្រាប់ចូលជាការស្រេច ពីព្រោះវាអាចស្រូបយកជាតិសំណើម និងការពារមិនឲ្យកកជាដុំបាន។

៧. នៅពេលដែលអ្នករលាកស្បែក ដូចជាពេលខ្ទាតខ្លាញ់ក្តៅមកលើដៃ អ្នកអាចប្រើ ទឹកស៊ីអ៊ីវ មកចាក់លាបបន្តិចលើបរិវេណរលាក ដើម្បីបន្ធូរបន្ថយការឈឺចាប់ និងការពារមិនឲ្យក្រហមស្បែកបាន។

៨. អ្នកអាចបំបាត់អាការៈ ឈឺចាប់ត្រង់ ក ឬចង្កេះបានយ៉ាងងាយ ដោយគ្រាន់តែ ច្រកអង្ករចូលស្រោមជើងលែងប្រើណាមួយ (អាចបន្ថែមប្រេងចូល ២ ទៅ ៣ តំណក់) ចងមាត់ឲ្យជិត រួចដាក់កំដៅក្នុងម៉ាស៊ីន Microwave ឲ្យបាន ៤០ វិនាទី សឹមយកមកស្អំតាមកន្លែងឈឺចាប់ ជាការស្រេច។

៩. ទឹកដីជនជាតិអាស៊ីយើង មានអាកាសធាតុក្តៅ ហើយជាពិសេស ម៉ាស៊ីនត្រជាក់ក៏មិនមែនមានគ្រប់តែគ្នាដែរ។ ហេតុនេះ មនុស្សមួយចំនួន ដាក់ដបទឹកត្រជាក់ ឬទឹកកក ជាប់ទៅនឹងកង្ហារឲ្យមានភាពត្រជាក់។

១០. នៅពេលទិញខោស្លៀកម្តងៗ អ្នកអាចវាស់ដឹងថា ស្លៀកត្រូវឬមិនត្រូវ ដោយគ្រាន់តែយកខោនោះមកកឹបឡេវ ហើយទាញដាក់ជុំវិញក របស់អ្នក។ ប្រសិនបើចុងខោនោះជួបគ្នា មានន័យថា ទំហំនោះសក្តិសមនឹងអ្នកហើយ។

១១. នៅពេលដែលត្រូវសម្អាតផ្ទៃកញ្ចក់ ជនជាតិអាស៊ីយើង មិនប្រើប្រាស់ក្រណាត់ដូចជាជនជាតិដទៃទេ។ ផ្ទុយទៅវិញ យើងប្រើប្រាស់ក្រដាសកាសែតចោល មកសម្អាតវិញ ពីព្រោះវាអាចជួយសន្សំសំចៃលុយ និងជួយឲ្យកញ្ចក់ភ្លឺចែងចាំងថែមទៀតផង៕

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

តិចនិកថតរូបបែបគូស្នេហ៍ ឲ្យបានត្រឹមត្រូវ និងស្រស់ស្អាត ដូចតារាហូលីវូដ!

អ្នកប្រហែលជាតែងតែឆ្ងល់ថាតើ ហេតុអ្វីបានជា តារាល្បីៗពូកែថតរូប មើលទៅហាក់ដូចជាមានភាពស្រស់ស្អាតសឹងតែគ្រប់រូបភាពយ៉ាងដូច្នេះ? ជាក់ស្តែង ដោយសារតែពួកគេ ដឹងនូវតិចនិកសម្ងាត់ ដែលធ្វើឲ្យរូបភាពបង្កប់លក្ខណៈពិសេស និងមានភាពទាក់ទាញបំផុត។

ហេតុនេះប្រសិនបើចង់ថតរូបភាពស្អាតជាមួយគូស្នេហ៍ សូមអ្នកតាមដាននូវ តិចនិកដូចខាងក្រោមនេះ ៖

១. ត្រូវធ្វើយ៉ាងណា កុំថតរូប ដោយយកដៃទាំងសងខាងឱបគ្នា ពីព្រោះវាហាក់ដូចជាមើលឃើញតែដៃ មិនឃើញរូបរាងមនុស្សទាល់តែសោះ។ អ្នកគួរឱប របៀបពើងខ្លួន និងងើបក្បាលឡើង ដាក់កាមេរ៉ាបន្តិច ទើបមានភាពស្រស់ស្អាត។

២. ការដែលអ្នកប្រើដៃឱប បែបលើកឡើងលើ វាអាចធ្វើឲ្យឃើញគម្លាតស្មា និងដៃធំជាងមុន និយាយរួមធ្វើឲ្យអ្នកមើលទៅមានមាឌធំ។ ផ្ទុយមកវិញ អ្នកគួរដាក់ដៃបត់ ដាក់ចុះក្រោមបន្តិច ដើម្បីមើលទៅថ្លៃថ្នូរ និងមានរាងស្លីមស្អាត ថែមទៀត។

៣. នៅពេលដែលថតរូបកៀកដៃ អ្នកមិនត្រូវថតបែបកៀក ហើយផ្តេកទៅលើដៃគូពេកទេ ពីព្រោះវាធ្វើឲ្យគ្មានភាពស្រស់ស្អាតទាំង ២ នាក់តែម្តង។ ហេតុនេះ ប្រសិនបើខាងស្រី ឈរកៀកដៃ ពីចំហៀងខាងក្រោយ ទើបសក្តិសមជាង។

៤. នៅរាល់ពេលថត អ្នកមិនគួរ ដាក់ក្បាល ឬមុខសង្កត់លើស្មាដៃគូនោះទេ ពីព្រោះវាធ្វើឲ្យរូបភាព មើលទៅគួរឲ្យអស់សំណើចទៅវិញទេ។ ជាក់ស្តែង ខាងស្រីគួរតែឈរចំហៀងពីខាងក្រោយ និងដាក់ចង្ការលើស្មាខាងប្រុស ដើម្បីបង្កើនភាពស្រស់ស្អាត ជាពិសេស ឃើញរាងស្លីមជាងមុនថែមទៀត។

៥. ដូចនឹងចំណុចខាងលើដែរ អ្នកមិនគួរថតរូប ដោយប្រើដៃមកឱបបាំងរាងកាយដៃគូនោះទេ ពីព្រោះវាអាចនាំឲ្យបាត់ភាពទាក់ទាញ ហើយមើលទៅហាក់ដូចជា ប្រទាញប្រទង់ដៃគូខ្លាំងពេក។ ហេតុនេះ អ្នកគួរដាក់ដៃឱបបែបថ្នមៗលើចង្កេះ ព្រមទាំងឈរពើង បើកស្មាបន្តិច ទើបមានភាពស្រស់ស្អាត។

៦. នៅពេលថតរូបបែបអង្គុយ អ្នកដែលឈរ ត្រូវមានការប្រុងប្រយ័ត្ន កុំឲ្យមើលទៅហាក់ដូចជាផ្តេកផ្តួលលើដៃគូ កំពុងអង្គុយពេក ជាពិសេស កុំដាក់ដៃឱបប្រឹងពេក។ ផ្ទុយទៅវិញ អ្នកគួរឈរពីខាងក្រោយ ដោយផ្តេកខ្លួនលើដៃគូតែបន្តិចបានហើយ ហើយព្រមទាំងដាក់ ម្រាមដៃប្រសព្វគ្នា គឺរួចជាស្រេច។

៧. បើអ្នកចង់ថតរូប បែបថើប អ្នកមិនគួរថើបត្រង់ថ្ងាសនោះទេ ពីព្រោះបែបនេះ ខាងស្រីហាក់ដូចជា ប្រឹងឱនចុះ គ្មានភាពទាក់ទាញសោះឡើយ។ របៀបថត ដែលសក្តិសមបំផុតគឺ ថើបនៅត្រង់ ចំណុចសៀតផ្កា ទើបរូបភាព មានភាពស្រស់ស្អាត។

៨. មួយវិញទៀត អ្នកមិនត្រូវថតរូប ដោយដាក់ក្បាល នៅជាប់នឹងគ្នានោះទេ ពីព្រោះវាហាក់ដូចជាមនុស្សជាប់ខ្លួននឹងគ្នា គ្មានភាពស្រស់ស្អាតទាល់តែសោះ។ ផ្ទុយមកវិញ អ្នកគួរដកខ្លួនចេញពីដៃគូ និងពើង បន្តិច រួចមើលទៅកាមេរ៉ា ទើបជាការប្រសើរ។

៩. ជាងនេះទៅទៀត អ្នកគួរចៀសវាង ថតរូបថើប ដោយការទល់ច្រមុះជាប់នឹងគ្នា ពីព្រោះវាមើលទៅកំពិតចូលគ្នា មិនស្អាតសោះឡើយ។ អ្នកត្រូវថតយ៉ាងណា កុំឲ្យទង្គិចច្រមុះ ឬផ្នែកណាមួយនៃផ្ទៃមុខ ទើបមានភាពទាក់ទាញ យ៉ាងរ៉ូមែនទិច។

១០. ការថតរូបបែបឱបមួយទៀត គឺចៀសវាងការប្រឹងឱបរឹតខ្លាំង ពីព្រោះវាបង្ហាញរាង មិនស្អាតក្នុងរូបថត។ ផ្ទុយទៅវិញ អ្នកគួរតែថតរូប ដោយឲ្យខាងស្រីផ្តេកខ្លួន លើខាងប្រុសបន្តិច រួចឲ្យខាងប្រុស ថើបថ្ពាល់ខាងស្រី ជាការស្រេច។ ត្រូវចាំថា កុំឈររបៀបកោងឲ្យសោះ ត្រូវឈរឲ្យត្រង់និងពើងបន្តិចទើបថតរូបភាពបានស្អាត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]