(តាកែវ)៖ សត្វដំរីស្ដមួយក្បាល ដែលបានងាប់ដោយខ្សែភ្លើងបញ្ជូនតង់ស្យុងឆក់ នៅក្នុងឧទ្យានព្រះកុសមៈ គីរីរម្យភូមិសាស្ដ្រ ភូមិស្ទឹងច្រាល ឃុំអូបាត់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានមន្រ្តីអនុរក្សរៀបចំពិធី និងកប់ទុកនៅឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧។

មន្រ្តីសួនសត្វភ្នំតាម៉ៅបានឲ្យដឹងថា «គោលបំណងនៃការយកដំរីនេះ មកកប់ទុកនៅភ្នំតាម៉ៅ រួមមាន៖

ទី១- ដើម្បីរក្សាសុវត្ថិភាពចៀសវាង មានជនខិលខូចលួចគាស់យកផ្នែកផ្សេងៗ នៃគ្រោងឆ្អឹងរបស់សត្វដំរីនេះ

ទី២- ជាសារអប់រំដល់មនុស្សគ្រប់វ័យឲ្យចេះស្រឡាញ់ និងចូលរួមក្នុងការថែរក្សាការពាសត្វព្រៃ និង

ទី៣- អាចកាយគាស់យកគ្រោងឆ្ឆឹងនាពេសក្រោយ ដើម្បីរៀបចំជាសំណាកសម្រាប់ដាក់តាំងពិព័រ នៅក្រសួងបរិស្ថាន សារៈមន្ទីរ ឬមជ្ឈមណ្ឌលដ៏ទៃទៀត ដើម្បីបម្រើឲ្យការអប់រំផ្សព្វផ្សាយ និងការសិក្សាស្រាវជ្រាវវិទ្យាសាស្ដ្រនានា។

សូមបញ្ជាក់ថា ដំរីដ៏ធំមួយក្បាលទម្ងន់ប្រមាណ៥តោន ត្រូវបានប្រជាពលរដ្ឋមូលដ្ឋាន ប្រទះឃើញដេកងាប់នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតនៅតាមជើងភ្នំតំបន់គីរីរម្យជាប់ ក្នុងទឹកដីស្រុកកំពង់សីលា ខេត្តព្រះសីហនុ ព្រំប្រទល់ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បើតាមរបាយការណ៍របស់មន្ទីរព័ត៌មាន ខេត្តព្រះសីហនុ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត ព្រះសីហនុ បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យដំរីមួយក្បាលនេះ ដេកងាប់​ដោយសារត្រូវខ្សែភ្លើងឆក់។

មន្រ្តីឧទ្យានុរក្សបានបន្តថា «ហ្វូងសត្វដំរីវា បានចុះពីព្រៃមកត្រដុះនឹងបង្គោលភ្លើង ដែលកន្លងមក ហ្វូងសត្វដំរីទាំងនោះតែង

តែចុះពីភ្នំមកស៊ីដំណាំក្នុងចំាការរបស់ប្រជាពលរដ្ឋ នៅពេលយប់ និងធ្លាប់បានធ្វើឲ្យបង្គោលភ្លើងកម្លាំងខ្លាំង អូតង់ស្យុង បាក់រលំកន្លងរួចមកហើយ»៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ រូបចម្លាក់ហង្ស មុខរូបសំណាក់យាយទេព ខេត្តសៀមរាប ត្រូវជនទមិឡវាយបំបាក់នៅយប់មិញ, កម្លាំងនគរបាលតាមចាប់បានម្នាក់

(សៀមរាប)៖ នៅវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ មានជនទមិឡវាយបំផ្លាញរូបចម្លាក់ហង្ស នៅខាងមុខរូបសំណាក់យាយទេព មានទីតាំងនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បណ្តាលឲ្យបាក់ក្បាល និងបាក់កន្ទុយ តែកម្លាំងល្បាតបានឃាត់ខ្លួនជនសង្ស័យម្នាក់ នាំទៅសាកសួរចម្លើយ នៅប៉ុស្តិ៍នគរបាលស្វាយដង្គំតែម្ដង។

មន្រ្តីសមត្ថកិច្ចបានឲ្យដឹងថា ខណៈដែលកម្លាំងនគរបាលការិយាល័យអន្តរាគមន៍ ខេត្តសៀមរាប កំពុងចុះល្បាតទៅដល់បរិវេណកើតហេតុ ក៏បានប្រទះឃើញជនសង្ស័យម្នាក់ និងបានឃាត់ខ្លួនភ្លាមៗ ដើម្បីយកមកសាកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់ស្វាយដង្គំ។

ជនសង្ស័យមានឈ្មោះ ឈឿន ឆើត អាយុ៣៤ឆ្នាំ មានទីលំនៅភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ អំឡុងពេលសមត្ថកិច្ចសួរនាំ ជនសង្ស័យបានឆ្លើយថា ខ្លួនមិនបានវាយរូបហង្សនោះទេ គឺមានមនុស្សប្រុស២នាក់ផ្សេងទៀត បានជិះម៉ូតូ១គ្រឿងមកវាយរូបនោះ ហើយរួចគេចខ្លួនបាត់ទៅ រូបខ្លួនគ្រាន់តែជាអ្នកដើរកាត់ទេ។

លោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការនគរបាលក្រុងសៀមរាប បានចាត់ឲ្យលោកវរសេនីយ៍ត្រី នួន ស័ក្តិចំរើនរិទ្ធ អធិការងទទួលបន្ទុកព្រហ្មទណ្ឌក្រុងសៀមរាប ដឹកនាំកម្លាំងជំនាញធ្វើការស៊ើបអង្កេត ករណីនេះបន្តទៀត។

ពាក់ព័ន្ធនឹងករណីនេះ ក៏មានរឿងរ៉ាវអាក្រក់មួយកើតឡើងម្ដងរួចហើយ ដោយរូបសំណាក់លោកយាយទេព កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ កន្លងទៅ ក៏ធ្លាប់ត្រូវបានជនមិនស្គាល់មុខ លួចវាយបាក់ក និងឆែបច្រមុះផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]