ភ្នំពេញ៖ ម្ចាស់បទ “តស៊ូ” ដែលជាអ្នកចម្រៀងវ័យក្មេង សម្លេងធ្ងន់ Noya Beat ត្រូវបានមហាជនជាច្រើនស្គាល់ ជាពិសេសក្នុងស្រទាប់យុវវ័យ  ដែលនិយមលេងបណ្តាញសង្គមតែម្តង  ដោយសារបទនេះត្រូវបានតាក់តែងឡើង ស្តែងចេញពីជីវិតតស៊ូពិតៗរបស់ម្ចាស់បទផ្ទាល់តែម្តង ដែលធ្លាប់ជាក្មេងរើសអេតចាយ និងតស៊ូក្នុងជីវិត។

យុវជនរូបនេះបានឆ្លងកាត់ជីវិតតស៊ូជាច្រើន ទម្រាំបានដូចសព្វថ្ងៃ ម្លោះហើយទើបក្រុមការងារ ខ្មែរឡូត ធ្វើការជួបសម្ភាសន៍ផ្ទាល់ ដើម្បីចង់ដឹងកាន់តែច្បាស់ពីជីវប្រវត្តិនិងការតស៊ូក្នុងឆាកជីវិតដែលលោកបានឆ្លងកាត់កន្លងមក ជាពិសេសការដើររើសអេតចាយដើម្បីចិញ្ចឹមក្រពះ។

Noya Beat មានឈ្មោះពិតថា សេរី សុភាព  ជាអ្នកខេត្តកំពត និងជាកូនពៅក្នុង ចំណោមបងប្អូនចំនួន៤នាក់ ហើយកំព្រាឪពុកតាំងពីអាយុ ៣ឆ្នាំមកម្ល៉េះ។ កាលពីអាយុ១០ឆ្នាំ រូបគេត្រូវរស់នៅដោយពឹងផ្អែកលើការរើសអេតចាយ ដើម្បីចិញ្ចឹមក្រពះ រហូតដល់អាយុ១៥ឆ្នាំ។

Noya បានប្រាប់ថា រូបគេបានចូលរៀននៅអាយុ១២ឆ្នាំទៅហើយ ហើយបន្ទាប់មករូបគេ ក៏មករស់នៅក្នុងអង្គការ PSE ដោយពឹងផ្អែកទាំងស្រុង អស់រយៈពេលជិត៥ខែ។ រូបគេសិក្សាបណ្តើរ និងរើសអេតចាយបណ្តើរ នៅគំនរសំរាមស្ទឹងមានជ័យតែដោយសារជីវភាពគ្រួសារដុនដាបពេក ក៏សម្រេចចិត្តឈប់រៀននៅត្រឹមថ្នាក់ទី៩។

បន្ទាប់ពីឈប់រៀន Noya  ត្រូវដើររកការងារធ្វើ ដើម្បីរកប្រាក់យកមកចិញ្ចឹមជីវិត ជាសំណាល្អរូបគេក៏ទទួលបានការងារមួយនៅក្នុងវិទ្យុ FM 107.75 ។ នៅទីនោះហើយ ជាកន្លែងដែល Noya ជួបជាមួយលោកគ្រូម្នាក់ឈ្មោះ លោកគ្រូ Voch Beat ដែលបានជួយបង្ហាត់បង្រៀនជំនាញមួយចំនួនដល់គេ។

ក្រោយចូលធ្វើការនៅក្នុងស្ថានីយ៍វិទ្យុដំបូង Noya នៅមិនទាន់ចេះនិពន្ធបទចម្រៀងភ្លាមៗទេ ដោយសារមិនទាន់ទទួលបានការហ្វឹកហាត់ និងការបណ្តុះបណ្តាលបានច្រើននៅឡើយ  ហើយស្ថិតក្នុងសភាពមួយរស់តែម្នាក់គ្មានទីពំនាក់ថែមទៀត។  Noya បាននៅតស៊ូធ្វើការក្នុងស្ថានីយ៍វិទ្យុនោះ ដោយមានពេលខ្លះត្រូវដាច់បាយក៏មាន ប៉ុន្តែដោយសារការខិតខំប្រឹងប្រែងបែបនេះហើយ  ក៏ធ្វើឲ្យលោកគ្រូ Voch Beat ដែលធ្វើការនៅក្នុងស្ថានីយ៍វិទ្យុនោះ មានក្តីអាណិតអាសូរ ទើបគាត់បានជួយបង្ហាត់បង្រៀនជំនាញមួយចំនួនដល់រូបគេ។ 

ក្រោយពីមានការជួយជ្រោមជ្រែង និងបង្ហាត់បង្រៀន Noya ក៏បានចាប់ផ្តើមបង្កើតបទចម្រៀងដំបូងរបស់ខ្លួន ដោយសរសេរពីជីវិតពិតរបស់គេ ពីព្រោះរូបគេគិតថា នៅពេលដែលចាប់ផ្តើមចូលក្នុងវិស័យសិល្បៈអ្វីដែលរូបគេចង់បង្ហាញនោះ គឺជាខ្សែជីវិតផ្ទាល់របស់ខ្លួនឯងតែម្តង។ សម្រាប់បទដំបូងនេះ បានចំណាយពេលយូរមែនទែន ដោយសាររូបគេមិនទាន់មានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់នៅឡើយ ទើបត្រូវប្រើប្រាស់ស្ទូឌីយូរបស់ស្ថានីយ៍វិទ្យុ ប៉ុន្តែដោយសារស្ទូឌីយូនោះ មានបុគ្គលិកវិទ្យុប្រើប្រាស់ច្រើន ដូច្នេះគេត្រូវឆ្លៀតពេលខ្លាំងមែនទែន គឺត្រូវធ្វើនៅម៉ោងប្រមាណ ៣ទៀបភ្លឺឯណោះ។

ហើយនៅឆ្នាំ២០១៥ បទ “តស៊ូ” ដែលជាស្នាដៃដំបូងរបស់ Noya មួយនេះ ក៏លេចចេញជារូបរាងឡើង ប៉ុន្តែនៅមិនសូវមានអ្នកគាំទ្រច្រើននៅឡើយទេ រហូតដល់ចុងឆ្នាំ២០១៦ ទើបទទួលបានការគាំទ្រច្រើន ក្រោយពីមានគេយកបទចម្រៀងមួយនេះ ទៅច្រៀងនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol ហើយអះអាងថាជាបទរបស់ Noya។

ចំពោះការងារសិល្បៈផ្សេងទៀត Noya ក៏ធ្លាប់បង្ហាញមុខលើកដំបូង ដោយសុំគេឡើងប៉ុស្តិ៍ទូរសទស្សន៍ MYTV ដើម្បីបង្ហាញសមត្ថភាពជា BeatBoxer ឬធ្វើភ្លេងដោយប្រើមាត់ ក្នុងឆ្នាំ២០១៣។ យុវជន Noya បានថ្លែងថា កាលពីពេលនោះ រូបគេដើរសុំគេច្រើនកន្លែងណាស់ ទម្រាំតែអាចទទួលបានឱកាសមួយនោះ ហើយវាក៏ជាឱកាសដំបូងបំផុត ដែលធ្វើឲ្យរូបគេមានឈ្មោះបោះសម្លេងផងដែរ។ 

បន្ទាប់មកនៅក្នុងឆ្នាំ ២០១៦ Noya ក៏បានបង្កើតក្រុមចម្រៀងមួយ ដែលមានឈ្មោះថា "Khmer Smile"  ជាមួយតារាល្បីៗមួយចំនួន ដូចជាអ្នកនាង ទូច ស្រីល័ក្ខ, សុវណ្ណ គិរី និង ឌី សូនីតា ជាដើម។ តែទោះជាយ៉ាងណា ក្រុមមួយនេះក៏ត្រូវរំសាយទៅវិញ កាលពីពេលថ្មីៗនេះ ដោយសារមានបញ្ហាតិចតួចមួយចំនួន តែលោកសុំមិនបញ្ចេញ។

Noya បានប្រាប់ ខ្មែរឡូត ថា បន្ទាប់ពីការរំសាយក្រុម រូបគេក៏បានចេញចម្រៀងទោលមួយបទ នៅចុងខែធ្នួ ឆ្នាំ២០១៦ ដែលមានចំណងជើងថា "ខុសធ្ងន់" ដោយបទនេះជាស្នាដៃរបស់លោកផ្ទាល់ ទាំងទំនុកច្រៀង និងទំនុកភ្លេង។ ហើយមកទល់ពេលនេះលោកផលិតបានបទចម្រៀងច្រើនគួរសមដែរហើយ ដូចជាបទ ​"តស៊ូ" "ណូ​អើយ​ស្រី​ណូ" "ថ្ងៃមិញ​បង​ជិះ​លើ​ខ្នង​ក្របី" ជាដើម។ ដោយឡែកនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ លោកក៏នឹងគ្រោងបញ្ចេញបទចម្រៀងថ្មីៗទៀតផងដែរ តែនៅមិនទាន់ដឹងច្បាស់ពីពេលវេលាពិតប្រាកដនៅឡើយទេ។

មិនខុសពីអ្នកដទៃឡើយ Noya ក៏មានបំណងប្រាថ្នាក្នុងជីវិតរបស់ខ្លួនដែរ ដោយចង់ក្លាយជាអ្នកផលិតបទភ្លេងដ៏ជោគជ័យម្នាក់ ព្រោះវាជាអាជីពដែលលោកស្រលាញ់បំផុតក្នុងជីវិត គឺតាំងពីតូចមកម្ល៉េះ។ ជាចុងក្រោយ Noya ក៏បានផ្តាំផ្ញើទៅដល់បងប្អូន ដែលមានជីវិតជាក្មេងរើសសំរាមដូចខ្លួនថា “សូមកុំបោះបង់ការតស៊ូឲ្យសោះ”។ សម្រាប់ Noya លោកមិនដែលគិតថា ខ្លួននឹងបរាជ័យនោះឡើយ ដោយលោកខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងសម្រាប់អ្វីដែលលោកស្រលាញ់ ហើយត្រូវតែឈានឲ្យដល់ កុំបោះបង់ចោលគោលដៅ និងក្តីស្រមៃឲ្យសោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]