មិុកស៊ិក៖ ទីបំផុតនារីម្នាក់ដែលមានដុំគីស សឹងតែស្មើនឹងកូន ១០នាក់ក្នុងផ្ទៃ ពេលនេះបានឆ្លងផុតពីគ្រោះថ្នាក់ដល់ជីវិតហើយ ក្រោយពីក្រុមគ្រូពេទ្យវះកាត់យកចេញបានជោគជ័យ ដោយដុំគីសដ៏ធំនេះ មានទម្ងន់ប្រមាណជាង ៣១គ.ក។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នារីជនជាតិមិុកស៊ិក មិនស្គាល់អត្តសញ្ញាណម្នាក់ បានចាប់អារម្មណ៍ថា នាងបានចាប់ផ្តើមឡើងទម្ងន់ខុសធម្មតា ស្របពេលដែលនាងកំពុងតមអាហារ។ ប៉ុន្តែក្រោយពីស្កេនរួចមក បានពិនិត្យឲ្យឃើញថា នាងកើតដុំគីសក្រពេញអូវែ ដែលទំហំដុំគីសកាន់តែវិវឌ្ឍន៍រីកធំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ អស់រយៈពេល១១ខែ ទើបនាងសម្រេចចិត្តមកព្យាបាលវះកាត់។

មុននឹងទទួលការព្យាបាលវះកាត់យកដុំគីសដ៏ធំនេះចេញ អ្នកជំងឺមានអាការៈពិបាកក្នុងខ្លួន ដូចជា ការបរិភោគអាហារ ដើរ ដកដង្ហើម និងស្ថានភាពបេះដូងចុះខ្សោយថែមទៀតផង។

លោកវេជ្ជបណ្ឌិត Erik Hanson Viana បានឲ្យដឹងថា ពេលនេះអ្នកជំងឺឆ្លងផុតពីគ្រោះថ្នាក់ដល់ជីវិត និងអាចរស់នៅបានដូចធម្មតាវិញហើយ ក្រោយវះកាត់យកដុំគីសនេះចេញបានសម្រេច។ លើសពីនេះទៀត លោក វេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា នេះគឺជាដុំគីសដ៏ធំជាងគេ ដែលលោកមិនធ្លាប់បានឃើញពីមុនមក។

លោក វេជ្ជបណ្ឌិត ដដែលបានបន្តទៀតថា «នេះគឺជាដុំគីសធំជាងគេ ដែលខ្ញុំធ្លាប់វះកាត់។ វាពិតជាធំណាស់ អាចនិយាយបានថាស្មើ៩៥% នៃពោះរបស់មនុស្សហើយ។ វាពិតជាកម្រណាស់ ដែលបានវះកាត់យកដុំគីសដ៏ធំបែបនេះ » ។

លោកបានបន្ថែមទៀតថា «ដុំគីសនេះមានប្រវែងរហូតដល់ ១៥៧សង់ទីម៉ែត្រ ហើយវាក៏ជាការវះកាត់ដុំគីសក្រពេញអូវែដ៏ធំមួយ ដោយមិនបានប្រើប្រាស់បំពង់បង្ហូរផងដែរ» ៕ 

ប្រភព៖ Dailymail

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ រន្ធត់ចិត្ត! ទារកកើតមកអាក្រក់ពេក ដូចពួកអេលាន ម្តាយភ័យខ្លាចមិនហ៊ានបំបៅដោះ

ឥណ្ឌា៖ ទារកអភ័ព្វកើតមកទទួលរងជំងឺដ៏កម្រម្យ៉ាង ខុសប្លែកពីទារកដទៃ មានមុខមាត់គួរឲ្យខ្លាចដូចពួកអេលាន (មនុស្សក្រៅភព) ត្រូវបានម្តាយបដិសេធមិនព្រមបំបៅដោះ។ នេះបើយោងតាម ប្រភពទីភ្នាក់ងារសារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយ។

អ្នកស្រី Khalida Begum មានវ័យ៣៥ឆ្នាំ បានផ្តល់កំណើតទារកម្នាក់ កាលពីយប់ថ្ងៃច័ន្ទកន្លងទៅ ដោយទទួលបានកូនប្រុសមានរូបរាងគួរភ័យខ្លាច ក្បាលរួញតូច និងមានភ្នែកលានធំៗ ហើយមកទល់ពេលនេះ ទារកខាងលើនៅមិនទាន់ បានដាក់ឈ្មោះឲ្យនៅឡើយទេ។

ជាជំហានដំបូង ខាងក្រុមគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យ ទៅលើទារកខាងលើនេះ ដោយរកឃើញថា គេកើតមានជំងឺកម្រម្យ៉ាងហៅថា «Harlequin Ichthyosis» ដែលបណ្តាលឲ្យស្បែករបស់ទារកឡើងក្រាស់ និងខូចទ្រង់ទ្រាយ (ខ្លួនប្រាណ)។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី រោគសញ្ញារបស់ទារកអភ័ព្វនេះ អាចត្រូវបានគេចាត់ទុកថា ជាជំងឺចម្លែកម្យ៉ាងទៀត ហៅថា «Anencephaly» ។ Anencephaly គឺជាជំងឺមួយប្រភេទ ធ្វើឲ្យទារកគ្មានខួរក្បាល លលាដ៏ក្បាល និងស្បែកក្បាល តាំងតែទារកនៅក្នុងគត៌របស់ម្តាយម្ល៉េះ។ នេះបើយោងតាមការបញ្ជាក់ ពីខាងមជ្ឈមណ្ឌលទប់ស្កាត់ និងការការពារជំងឺ (Centres for Disease Control and Prevention) បានលើកឡើង។ 

ប្រភពព័ត៌មានបានឲ្យដឹងថា ស្រ្តីជាម្តាយកូន៤ របស់ទារករងគ្រោះខាងលើនេះ ជាអ្នកស្រុករស់នៅក្នុងទីក្រុង Kathihar ភាគខាងជើងរដ្ឋ Bihar ប្រទេសឥណ្ឌា បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក ឲ្យដឹងថា «ផ្នែកមួយចំនួននៃរាងកាយរបស់ទារក គឺទាន់បានរីកលូតលាស់ បានទាំងស្រុងនៅឡើយទេ។ នៅពេលដែលខ្ញុំបានឃើញ កូនខ្ញុំជាលើកដំបូង ខ្ញុំពិតជាមានអារម្មណ៍ថា ភ័យតក់ស្លុតយ៉ាងខ្លាំង មើលទៅគេដូចពួក Alien យ៉ាងអ៊ីចឹង។ ខ្ញុំសឹងតែមិនជឿខ្លួនឯងសោះ ថាខ្ញុំសម្រាលបានទារក ដែលមានមុខមាត់ដូចមនុស្សក្រៅភព។ ខ្ញុំភ្ញាក់ផ្អើលនិងខូចចិត្តយ៉ាងខ្លាំង ហើយថែមទាំងបានសុំឲ្យឆ្មប ដែលបង្កើតកូនឲ្យខ្ញុំ យកគេចេញទៅឲ្យឆ្ងាយពីខ្ញុំទៀតផង» ។

យ៉ាងណាមិញ រយៈពេលប៉ុន្មានម៉ោងក្រោយមក ស្រ្តីជាម្តាយខាងលើនេះ ក៏បានរសាយចិត្ត ចាប់លើកកូនរបស់ខ្លួនបីឡើង ដោយក្តីរីករាយវិញផងដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ អ្នកភូមិជាច្រើនរស់នៅក្នុងទីក្រុង Kathihar បែរជាមានជំនឿជឿជាក់ថា ទារកខាងលើនេះគឺជា ហនុមាន (ស្វា) នៃសាសនាហិណ្ឌូ មកចាប់ជាតិ ជាហេតុធ្វើឲ្យអ្នកស្រុកជាច្រើន បានសម្រុកនាំគ្នាមកមើលស្ទើរតែរាល់ថ្ងៃ ដើម្បីធ្វើការបួងសួងទទួលពរជ័យផងដែរ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]