ម៉ាឡេស៊ី៖ វាគឺជាក្តីសុបិនមួយ សម្រាប់នារីៗគ្រប់រូបតែងតែប្រាថ្នាចង់បាន ការសុំរៀបការដ៏រ៉ូមែនទិចមួយ ពីដៃគូស្នេហារបស់ពួកគេ។ ជាក់ស្តែងងាកទៅចាប់អារម្មណ៍ គូស្នេហ៍វ័យក្មេង ជនជាតិម៉ាឡេស៊ីមួយគូនេះវិញ ថ្មីៗនេះវីដេអូឃ្លីប ស្ទាយសុំមិត្តស្រីរៀបការ ពីខាងមិត្តប្រុស កំពុងតែធ្វើឲ្យអ្នកនិយមលេង បណ្តាញសង្គមជាច្រើន កើតចិត្តច្រណែន និងរំជួលចិត្តជំនួសខាងស្រីយ៉ាងខ្លាំង។

បើតាមប្រភពបានឲ្យដឹងថា កាលពីចុងខែកុម្ភៈ កន្លងទៅនេះ បុរសជនជាតិម៉ាឡេស៊ីម្នាក់ បានស្នើសុំមិត្តស្រីរបស់គាត់រៀបការ ក្នុងទិដ្ឋភាពដ៏រ៉ូមែនទិចមួយ នៅក្នុងរោងកុនតែម្តង។ គាត់បានធ្វើការកក់បន្ទប់បញ្ចាំងកុន រួចអនុវត្តទៅតាមផែនការណ៍របស់គាត់ ដោយធ្វើការណាត់ជួបមិត្តស្រីមកមើលកុន។

ក្រោយមកពួកគេក៏បានទៅរោងកុន ជាធម្មតាដូចការគ្រោងទុក ខណៈមិត្តស្រីរបស់បុរសកំពូលស្នេហ៍នេះ នាងមិនបានដឹងខ្លួនមុនទាល់តែសោះ ហើយគាត់ថែមទាំងបានស្នើសុំ ឲ្យមិត្តស្រីរបស់គាត់ អង្គុយនៅកៅអីកណ្តាលគេ ចំពីមុខផ្ទាំងអេក្រង់បញ្ចាំងកុនផងដែរ ។

ក្រោយពីផែនការណ៍បានសម្រេច ទិដ្ឋភាពក្នុងបន្ទប់កុនទាំងមូល ក៏ស្រាប់តែប្រែជាងងឹត ហើយក៏ចាប់ផ្តើមចាក់បញ្ចាំង ពីវីដេអូឃ្លីបដែលបុរសជាសង្សារ បានថតពីសកម្មភាពរបស់ខ្លួន ដើម្បីសារភាពស្នេហ៍ស្មោះពិត ចេញពីក្រអៅបេះដូង ទៅកាន់មិត្តស្រីរបស់គាត់ មុនពេលដែលរូបគាត់ចេញមុខ មកសុំមិត្តស្រីរៀបការដោយផ្ទាល់។

ងាកទៅចាប់អារម្មណ៍ មិត្តស្រីរបស់គាត់វិញ ធ្វើឲ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតទប់ទឹកភ្នែកមិនបាន កំឡុងពេលទស្សនាវីដេអូឃ្លីបនោះ ដែលមិត្តប្រុសរបស់នាង បាននិយាយរៀបរាប់សារភាពស្នេហ៍ នៅផ្ទាំងកុនដ៏ធំនោះ។

ប៉ុន្មាននាទីក្រោយមក គេឃើញថា បុរសជាសង្សារក៏បានបង្ហាញខ្លួន កាន់បាច់ផ្កាដ៏ស្រស់ស្អាតមួយ ដើរសំដៅទៅកាន់មិត្តស្រីរបស់គាត់ ហើយនាំនាងទៅដើរកាន់វេទិកាខាងមុខ ដកចិញ្ចៀនចេញ រួចលុតជង្គង់សុំមិត្តស្រីជាទីស្រលាញ់រៀបការតែម្តង។ ធ្វើឲ្យមិត្តស្រីរបស់គាត់ ទប់អារម្មណ៍មិនបាន ទីបំផុតក៏យល់ព្រម ទទួលយកបុរសកំពូលស្នេហ៍នោះធ្វើជាគូប្រចាំចិត្តទាំងទឹកភ្នែក និងរំជើបរំជួល៕

ចង់ដឹងយ៉ាងណានោះ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖   

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

អួតពេកចឹងហើយ! រូបថតមួយសន្លឹក ធ្វើឲ្យមានប្រតិកម្មពេញអ៊ីនធើណែត ដោយសារតែក្រដាសប្រាស់ស្មើនឹងជាង ៥៧០០០ដុល្លារ កប់ពីលើទារកតូចមួយ

ថៃ៖ តាមពិតទៅ មានវិធីច្រើនយ៉ាងណាស់ក្នុងការបង្ហាញក្តីស្រឡាញ់ទៅកាន់ទារកដែលទើបនឹងកើត ប៉ុន្តែស្ត្រីជនជាតិថៃមួយរូបបានបង្ហាញក្តីស្រឡាញ់ដោយរបៀបមួយដែលរៀងជ្រុលបន្តិច។ គាត់បានទទួលរងនូវពាក្យរិះគន់ជាច្រើន បន្ទាប់ពីគាត់បានបង្ហោះរូបទារកតូចដែលត្រូវបានគ្របដណ្តប់ដោយក្រដាសប្រាក់ជាច្រើននោះ ទៅក្នុងបណ្តាញសង្គម។

យោងទៅតាមសារព័ត៌មាន Sinchew បានឲ្យដឹងថា ក្រដាសប្រាក់ដែលបានគ្របដណ្តប់ទៅលើទារកនោះមានតម្លៃដល់ទៅ ២លានបាត ដែលមានតម្លៃប្រហែល ៥៧០០០ ដុល្លារឯណោះ។

តើអ្នកអាចទាយបានទេថា នរណាគេជាអ្នកគួចដៃក្មេងតូចជាមួយក្រដាសប្រាក់ដ៏ច្រើននេះ?

បើសិនជាអ្នកគិតថា នេះជាស្នាដៃម្តាយរបស់គេនោះ គឺអ្នកគិតខុសហើយ។ តាមពិតទៅ នេះគឺជាស្នាដៃអ្នកមីងរបស់គេ។ យោងទៅតាមសារព័ត៌មាន Apple Daily បានឲ្យដឹងថា អ្នកមីងរូបនោះ បានយកក្រដាសប្រាក់១០០០បាតចំនួន២០០០សន្លឹក មកគ្របដណ្តប់ពីលើក្មេងនេះតែម្តង។ បន្ទាប់មកគាត់ក៏បានថតរូប និងបង្ហោះទៅក្នុងអ៊ីនធើណែតថា “លុយ ២លានបាតនេះ គឺដើម្បីស្វាគមន៍ទារកតូចមកកាន់ពិភពលោកមួយនេះ”។

បន្ទាប់ពីរូបថតមួយសន្លឹកនេះ ល្បីល្បាញសុះសាយពេញអ៊ីនធើណែតមក គេសង្កេតឃើញថា មិនមាននរណាម្នាក់បានកោតសរសើរអ្នកមីងរូបនោះថាគាត់មានទឹកចិត្ត ឬស្ញប់ស្ញែងដែលគាត់ជាអ្នកមានទេ។ ផ្ទុយទៅវិញ គេបែរជារិះគន់គាត់ ដែលមិនបានគិតគូរដល់សុខភាពរបស់ទារកនោះទៅវិញ។

អ្នកលេងអ៊ីនធើណែតម្នាក់បានសរសេរថា “តើអ្នកឆ្កួតហើយមែនទេ? ក្រដាសប្រាក់ទាំងនោះកខ្វក់ខ្លាំងណាស់។ អ្នកកំពុងតែធ្វើឲ្យក្មេងនេះ ប្រឈមមុខនឹងគ្រោះថ្នាក់ហើយ”។ ក្រៅពីអ្នកលេងអ៊ីនធើណែត គ្រូពេទ្យជំនាញផ្នែកស្បែកក៏បាននិយាយពាក់ព័ន្ធនឹងរឿងមួយនេះដែរ។ គ្រូពេទ្យជំនាញ បាននិយាយថា ប្រព័ន្ធភាពស៊ាំរបស់ទារកដែលទើបនឹងកើតនៅខ្សោយនៅឡើយ ហើយមេរោគដែលមាននៅលើក្រដាសប្រាក់អាចបណ្តាលឲ្យស្បែក និងប្រព័ន្ធផ្លូវដង្ហើមរបស់ទារកមានប្រតិកម្មបាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]