ជាទូទៅ ប្រិយមិត្តមួយចំនួនរាល់ពេលដែលពួកគាត់ឃ្លានចង់ញ៉ាំបាយមាន់ហៃណាំ គឺពួកគាត់តែងតែទៅទិញតាមហាង ឬក៏នៅតាមផ្សារញ៉ាំជាដើម ដោយវាមិនត្រឹមតែមានតម្លៃថ្លៃនោះទេ ហើយថែមទាំងពេលខ្លះទិញចំកន្លែងដែលគ្មានអនាម័យ ឬដែលមានរសជាតិមិនត្រូវមាត់ ពោលគឺញ៉ាំមិនកើតស្តាយលុយតែម្តង។

ដោយឡែក ប្រិយមិត្តប្រាកដជាមិនធ្លាប់ដឹងនោះទេថា តាមពិតទៅវិធីធ្វើបាយមាន់ហៃណាំនេះ មានលក្ខណៈងាយស្រួលធ្វើបំផុត បើសិនជាប្រិយមិត្តអនុវត្តន៍តាមជំហានដែលខ្មែរឡូត បានលើកឡើងខាងក្រោមនេះ ។

ដូចនេះ កុំឲ្យខាតពេលយូរមករៀនធ្វើបាយមាន់ហៃណាំ មានរសជាតិឈ្ងុយឆ្ងាញ់ទាំងអស់គ្នា៖

ដោយវិធីធ្វើចែកចេញជា ៣ដំណាក់កាលមានដូចខាងក្រោម៖

ដំណាក់កាលទី១: វិធីចំអិនមាន់

ដំបូងយើងត្រូវទៅផ្សារជ្រើសរើសយកមាន់ណា ដែលធាត់ៗមានខ្លាញ់ច្រើន បើសិនជាគួរអាចជ្រើសរើសយកមាន់ស្រែរឹតតែល្អ ពីព្រោះថាវាមានរសជាតិឈ្ងុយឆ្ងាញ់បែបធម្មជាតិមានខ្លាញ់ល្អ ថែមទាំងពេលស្ងោរ ទៅសាច់របស់វាមិនរលួយថែមទៀតផង។

បន្ទាប់មកយើងលាងមាន់នោះឲ្យស្អាត រួចដាក់ដាំទឹកក្នុងឆ្នាំងមួយ ធំល្មមដោយមានលាយជាមួយនឹង​ អំបិល ប៊ីចេង ស្ករស ម្សៅរ៉ូឌី មួយមុខបន្តិចៗ។ ក្រោយពីទឹកពុះហើយយើងគប្បី ដាក់មាន់ដែលលាងហើយអម្បាញ់មិញ ដាក់ចូលទៅក្នុងទឹកដែលពុះនោះ រង់ចាំរហូតដល់មាន់នោះឆ្អិនចេញជាតិបានល្អ គឺជាការស្រច។

ដំណាក់កាលទី២វិធីធ្វើបាយមាន់

យើងត្រូវដាក់បំពងខ្ទឹមស បន្ទាប់មកយកអង្ករដែលលាងទឹករួច ដាក់ចូលទៅក្នុងខ្ទះដែលបំពងខ្ទឹមនោះ លីងចុះលីងឡើងបានមួយសន្ទុះ។ ចូលមកដល់ចំនុចសំខាន់គឺយើងត្រូវ ដួសទឹកមាន់មួយចំនួនដែលយើងទើបតែស្ងោរហើយអម្បាញ់មិញនេះ ដាក់ចូលទៅក្នុងអង្ករដែលយើងកំពុងតែលីងនេះ ប៉ុន្តែមិនត្រូវលីងឲ្យឆ្អិននោះទេគ្រាន់តែឲ្យវាចូលជាតិគ្នា និងឈ្ងុយក្លិនខ្ទឹមសតែប៉ុណ្ណឹង។  

ក្រោយពីលីងរួច យើងត្រូវដួសអង្ករទាំងនោះ ដាក់ចូលទៅក្នុងឆ្នាំង រួចដួសទឹកស្ងោរមាន់នោះ ដាក់ចូលទៅក្នុងឆ្នាំងនោះ ឲ្យបានខ្ពស់ជាងបរិមាណអង្ករ ពាក់កណ្តាលមួយថ្នាំដៃ រួចដាក់វាផ្ងំកុំដាក់ភ្លើងខ្លាំង ចាំរហូតដល់បាយនោះឆ្អិនជាការស្រេច។

ដំណាក់កាលទី៣: វិធីធ្វើទឹកជ្រលក់

ទឹកជ្រលក់គឺសំខាន់បំផុត​ បើសិនជាទឹកជ្រលក់មិនឆ្ងាញ់ ទោះបាយមាន់ហៃណាំឆ្ងាញ់ប៉ុណ្ណាក៏ដោយ ក៏មិនសូវជាប់់ចិត្តដែរ​។ ដោយវិធីធ្វើ យើងត្រូវដាក់ ខ្ទឹមសបកសំបកហើយមួយចំនួន, ដាក់ម្ទេសប៉ុន្មានគ្រាប់់ស្រេចតាមចំណង់ចំណូលចិត្ត, ស្ករស ២ស្លាបព្រាបាយ, ប៊ីចេងបន្តិច រួចបុកវាចូលគ្នាឲ្យម៉ត់ល្មម។ បន្ទាប់មកដួសវាដាក់ក្នុងចានគោមមួយ ដោយដាក់ទឹកត្រីបរិមាណសមល្មម រួចច្របាច់ក្រូចឆ្មារចូលចំនួន១ផ្លែកន្លះ ទៅ២ផ្លែ ហើយភ្លក់រសជាតិខ្វះខាតថែមថយ តាមចំណង់ចំណូលចិត្តរបស់ខ្លួន គឺជាការស្រេច៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]