ថៃ៖ កន្ធាយសមុទ្រវ័យចំណាស់ អាយុ២៥ឆ្នាំ ដែលមានឈ្មោះ Piggy Bank បានងាប់បាត់ហើយ ក្រោយពេលក្រុមគ្រូពេទ្យធ្វើការវះកាត់ យកកាក់ចំនួន ៩១៥កាក់ចេញពីក្នុងពោះវា កាលពីកន្លះខែមុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីមែល កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧។

សត្វកន្ធាយ វ័យចំណាស់មួយក្បាលនេះ ត្រូវបានគេជឿជាក់ថា វានឹងជាសះស្បើយឡើងវិញដូចធម្មតា បន្ទាប់ពីទទួលការវះកាត់រយៈពេល ៧ម៉ោង កាលពីដើមខែមីនានេះ ដើម្បីយកកាក់ដែលមានទម្ងន់ជាង ៥គីឡូក្រាម ដែលស្ថិតនៅក្នុងបំពង់រំលាយអាហាររបស់វា។

ប៉ុន្តែជាអកុសលកន្ធាយ Piggy Bank ហាក់កើតមានសភាពមិនស្រួលភ្លាមៗកាលពីសប្តាហ៍មុន ដោយមានការវិវឌ្ឍជាតិពុលនៅក្នុងឈាម ដែលបណ្តាលមកពីបញ្ហារបួសធ្ងន់ធ្ងរលើពោះវៀន បន្ទាប់ពីការវះកាត់យកកាក់ចេញរួចមក។ 

ស្ថានភាពរបស់អណ្តើកញីមួយក្បាលនេះ ត្រូវបានក្រុមគ្រូពេទ្យកត់ត្រាជាប្រចាំ ហើយវាបានឆក់យកបេះដូងប្រជាជនថៃជាច្រើនថែមទៀតផង ក៏ព្រោះតែពួកគេជឿថា សត្វអណ្តើក ឬកន្ធាយ ជានិមិត្តរូបនៃភាពយឺនយូរ។

គួរបញ្ជាក់ថា កន្ធាយសមុទ្រ Omsin រស់នៅក្នុងមជ្ឈមណ្ឌលអភិរក្ស ខេត្តឈុនបុរី  ភាគខាងកើតទីក្រុងបាងកក ត្រូវបានគេបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់កាលពីយប់ថ្ងៃអាទិត្យ ដោយស្ថានភាពធ្ងន់ធ្ងរ និងពិបាកក្នុងការដកដង្ហើម។ ហើយក្រោយការវះកាត់រយៈពេល ៧ម៉ោង កាក់ចំនួន ៩១៥កាក់ បូកទាំងរបស់របរមួយចំនួនទៀតមានទម្ងន់ ៥គីឡូក្រាម ត្រូវបានយកចេញពីក្នុងពោះកន្ធាយនោះ៕

ប្រភព៖ Dailymail

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ក្មេងស្រីតូចម្នាក់នេះ កំពុងល្បីក្នុងអិុនធើណេត ដោយសារមានមុខមាត់ ដូចម្ចាស់បទ «Shape of You» បេះដាក់

ក្មេងស្រីតូចច្រម៉ក់មួយរូប បានធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គម និងអិុនធើណេតជាច្រើនមានការភ្ញាក់ផ្អើល ដោយសារតែនាងមានមុខមាត់ដូចតារាចម្រៀង Ed Sheeran បេះដាក់ ។

ក្មេងស្រីតូចរូបនេះមានឈ្មោះថា Isla Walton អាយុទើបតែ២ឆ្នាំប៉ុណ្ណោះ តែរូបថតរបស់នាងដែលបានបង្ហោះចូលទៅក្នុងអិុនធើណេត ទទួលបានប្រជាប្រិយភាពខ្លាំង ក្រោយពីអ្នកនិយមលេងបណ្តាញសង្គមបានប្រៀបធៀប ទម្រង់មុខក្មេងស្រីនេះជាមួយនឹងម្ចាស់បទ «Shape of You» គឺតារាចម្រៀង Ed Sheeran ។

មូលហេតុដែលធ្វើឲ្យមហាជនភាគច្រើនកត់សម្គាល់ឃើញបែបនេះ ដោយសារតែក្មេងស្រីរូបនេះ មានសក់កន្រ្ទើង និងបញ្ចេញទឹកមុខដូចតារាចម្រៀង Ed Sheeran។

ក្នុងនោះដែរម្តាយរបស់ក្មេងស្រី Isla ឈ្មោះ Zoe អាយុ២១ឆ្នាំបានឲ្យដឹងថា «វាជារឿងមួយដ៏ហួសចិត្ត។ អ្នករាល់គ្នាបានគិតថា នាងមានមុខដូចតារាចម្រៀង Ed Sheeran តែខ្ញុំវិញមិនដែលបានគិតដល់ថ្នាក់នេះទេ» ។

អ្នកម្តាយរូបនេះបានបន្តទៀតថា «បងស្រីរបស់ខ្ញុំ Stacey ជាអ្នកបង្ហោះរូបគេនៅលើអិុនធើណេត ក្រោយមកក៏មានមហាជនជាច្រើននាំគ្នាបញ្ចេញប្រតិកម្មតែម្តង..ខ្ញុំស្ទើមិនជឿថាកូនស្រីរបស់ខ្ញុំល្បីដល់ថ្នាក់នេះសោះ» ។

ដោយឡែកចំពោះអ្នកនាង Stacey ដែលត្រូវជាម្តាយមីងវិញបាននិយាយថា «អ្នកបញ្ចេញមតិសឹងតែគ្រប់គ្នាហើយដែលនិយាយថា នាងមានមុខដូច Ed Sheeran ចឹងហើយទើបខ្ញុំហៅនាងថា Baby Sheeran តែម្តងទៅ» ។

គួរបញ្ជាក់ទៀតថា ក្រោយពីល្បីគេថាមុខដូច តារាចម្រៀង Ed Sheeran ហើយនោះ ក្មេងស្រីវ័យទើបតែ២ឆ្នាំរូបនេះ ក៏ចាប់ផ្តើមចូលចិត្តមើល Ed Sheeran ច្រៀងតាមកញ្ចក់ទូរទស្សន៍តែម្តង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]