សព្វថ្ងៃនេះជំងឺមហារីក គឺជាមូលហេតុចំបង ដែលបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងច្រើន ជុំវិញពិភពលោក។ ក្នុងចំណោមជំងឺមហារីកទាំងអស់ ជំងឺមហារីកក្រពេញអូវែ ក៏កំពុងតែគំរាមកំហែង ដល់ស្រ្តីគ្រប់ៗរូបផងដែរ។

ជំងឺមហារីកក្រពេញអូវែ កើតឡើងនៅពេល កោសិកាអូវែ ដុះដុំសាច់មហារីក ដែលគេតែងតែហៅវាថាជា “ឃាតករលាក់មុខ” ដោយសារតែ វាមិនសូវបង្កជារោគសញ្ញាជាក់លាក់ណាមួយ ឲ្យយើងបានដឹងច្បាស់ទាល់តែសោះ។

តែកុំបារម្ភអី ថ្ងៃនេះយើងនឹងលើកយករោគសញ្ញាចំនួន ៤ ដែលអាចជារោគសញ្ញារបស់ ជំងឺមហារីកក្រពេញអូវែ ដែលអ្នកត្រូវតែដឹង និងយកចិត្តទុកដាក់ ៖ 

១. ហើមពោះជាប់

ប្រសិនបើក្នុងករណី ដែលអ្នកមានអាការៈហើមពោះញឹកញាប់ ឬជាប់គ្នារហូត រយៈពេលជាង ៣ សប្តាហ៍ នោះមានន័យថា សាច់ដុំមហារីក កំពុងតែរីកលូតលាស់ក្នុងក្រពេញអូវែហើយ។

២. ឈឺចាប់ត្រង់បរិវេណក្រោមពោះ និងតាមអាងត្រគាក

នៅរាល់ពេលមករដូវ ការឈឺចាប់បែបនេះ គឺជារឿងធម្មតា ប៉ុន្តែប្រសិនបើអ្នករង ការឈឺចាប់ឥតឈប់ឈរ លើសពី ៣ អាទិត្យ នោះវាប្រហែលជាសញ្ញារបស់ ជំងឺមហារីកក្រពេញអូវែហើយ។ ជាពិសេស ស្រ្តីដែលអស់រដូវ គួរមានការប្រុងប្រយ័ត្នជាងគេ។

៣. មិនចង់បរិភោគអាហារ ឬមានអារម្មណ៍ថាចេះតែ ឆាប់ឆ្អែត

ការថយចុះ នូវចំណង់អាហារ រយៈពេលលើសបី ៣ សប្តាហ៍ អាចជារោគសញ្ញានៃ ជំងឺទូទៅជាច្រើន រួមមានដូចជា បញ្ហាក្រពះ ពោះវៀនតូច ពោះវៀនធំ។ ប៉ុន្តែ វាក៏អាចជារោគសញ្ញា នៃជំងឺមហារីកក្រពេញអូវែផងដែរ ហេតុនេះ អ្នកគួរតែទៅពិភាក្សាជាមួយគ្រូពេទ្យឲ្យបានឆាប់ ទើបជាការប្រសើរ។

៤. នោមញឹក

ក្នុងករណីអ្នកសង្កេតឃើញថា អ្នកឈឺបត់ជើងតូចញឹកញាប់ខុសពីធម្មតា ទាំងដែលទទួលទានជាតិទឹកក្នុងកម្រិតដូចពេលធម្មតាសោះ នោះអ្នកប្រហែលជាកំពុងស្ថិតក្នុងដំណាក់កាលដំបូង នៃជំងឺមហារីកក្រពេញអូវែហើយ (ជាពិសេស គឺនោមញឹក ទប់មិនចង់ជាប់តែម្តង)។

*** គួរបញ្ជាក់ផងដែរថា ស្រ្តីដែលប្រឈមមុខជាមួយ ជំងឺមហារីកក្រពេញអូវែខ្ពស់ ស្ថិតនៅពេលឈានចូលវ័យ ៣០ ទៅ ៤០ ឆ្នាំ។ ដូច្នេះហើយ ប្រសិនបើអ្នកសង្កេតឃើញមានរោគសញ្ញាទាំងនេះកើតឡើង មិនស្រាកស្រាន្តរយៈពេលច្រើនសប្តាហ៍ នោះអ្នកត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន៕ 

ប្រភព៖ Interesting Facts

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

រោគសញ្ញានៃ «ជំងឺមហារីក ក្រពេញប្រូស្តាត» របស់បុរស ដែលមិនគួរមើលរំលង!

ជំងឺមហារីក ក្រពេញប្រូស្តាត គឺជាជំងឺមហារីក ដែលកើតឡើងទូទៅបំផុត នៅឯប៉ែកអ៊ឺរ៉ុប។ ជាធម្មតាជំងឺមហារីក ក្រពេញប្រូស្តាត មានការវិវត្តន៍យឺតៗ ហេតុនេះ អ្នកមិនអាចសង្កេតឃើញពីសញ្ញាណណាមួយជាក់លាក់ឡើយ ទោះបីជាជំងឺនេះ ស្ថិតនៅក្នុងខ្លួនអ្នក អស់រយៈពេលប៉ុន្មានឆ្នាំហើយក្តី។ ទោះជាយ៉ាងណា វាអាចបង្កជារោគសញ្ញាមួយចំនួនធំ នៅពេលដែលក្រពេញប្រូស្តាតរីកធំ រហូតប៉ះពាល់ដល់បំពង់នោមបុរស។

# អ្វីទៅជាក្រពេញប្រូស្តាត?

ក្រពេញប្រូស្តាត គឺជាក្រពេញតូចមួយ ស្ថិតនៅក្នុងឆ្អឹងអាងត្រគាក របស់បុរស។ វាមានទីតាំងស្ថិតនៅចន្លោះលិង្គ និងផ្លោកនោម និងព័ទ្ធជុំវិញដោយបំពង់បង្ហូរនោម។ មុខងារដ៏សំខាន់របស់ក្រពេញប្រូស្តាត គឺជួយដល់ការផលិតទឹកកាមបុរស ដោយវាផលិតសារធាតុខាប់ពណ៌ស លាយជាមួយមេជីវិតឈ្មោល ដែលបានមកពីពងស្វាស ដើម្បីបង្កើតចេញជាទឹកកាម។

# ហេតុអ្វីបានជា ជំងឺមហារីកប្រពេញប្រូស្តាតនេះកើតឡើង?

មូលហេតុនៃការកើតឡើងនូវ ជំងឺមហារីកក្រពេញប្រូស្តាត គឺមិនទាន់មានអ្នកណាអាចកំណត់បានច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែ ទោះជាយ៉ាងណា ក៏មានកត្តាមួយចំនួន ដែលអាចបង្កជាហានិភ័យ ដល់ការវិវត្តរបស់វាបានដែរ។

ឱកាសនៃ ការកើតមានជំងឺមហារីក ក្រពេញប្រូស្តាត គឺកាន់តែខ្ពស់ នៅពេលដែលដែលអ្នកកាន់តែមានអាយុចាស់ទៅ។ ករណីភាគច្រើនកើតឡើងលើបុរស ដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ ជាពិសេស ប្រសិនបើអ្នកមានឪពុក ឬបងប្អូនប្រុស ដែលធ្លាប់មានជំងឺនេះ អ្នកក៏មានលទ្ធភាពកើតជំងឺនេះខ្ពស់ដែរ។ កត្តាផ្សេងទៀតគឺ អាចបណ្តាលមកពីកង្វះការធ្វើលំហាត់ប្រាណ និងរបបអាហារមិនមានតុល្យភាព។

*** ខាងក្រោមនេះជាសញ្ញាណ និងរោគសញ្ញា នៃជំងឺមហារីកក្រពេញប្រូស្តាត ដែលអ្នកត្រូវតែដឹង ៖

១. ភាពខុសប្លែក របស់ប្លោកនោម

ដោយសារតែ ក្រពេញប្រូស្តាត មានទីតាំង និងទំនាក់ទំនងជាមួយប្លោកនោម និងទឹកនោម ហេតុនេះ វាអាចបង្កជា ការប្រែប្រួលលើប្រព័ន្ធទឹកនោម។ ការប្រែប្រួលនេះ អាស្រ័យទៅលើទំហំ និងទីតាំងរបស់កោសិកាមហារីក ដែលបង្កជាសម្ពាធលើបំពង់នោម។

ភាពខុសប្លែក ប្រព័ន្ធទឹកនោមមានដូចជា ៖

• ពិបាកនោម (នោមមិនចេញ)

• មានការឈឺចាប់ នៅពេលនោម

• ឈឺនោមញឹកញាប់ ជាពិសេសពេលយប់

• មិនអាចគ្រប់គ្រងប្លោកនោមបាន ជាហេតុបណ្តាលឲ្យលេចនោម

• នោមតិច

• មានអារម្មណ៍ថានោមមិនអស់ ពីប្លោកនោមទាល់តែសោះ។

២. ទឹកនោមមានលាយឈាម

ជាទូទៅ ទឹកនោម ដែលមានលាយឈាម គឺបណ្តាលមកពី ការឆ្លងមេរោគនៅនឹងប្លោកនោម ប៉ុន្តែ វាក៏អាចជាសញ្ញាមួយ ដែលអាចបណ្តាលមកពី ជំងឺមហារីកក្រពេញប្រូស្តាត ដំណាក់កាលដំបូងដែរ។ នៅពេលដែលកោសិកាមហារីក ប្រែជារីកធំ វានឹងបង្កជាសម្ពាធ និងបង្រួមបំពង់បង្ហូរនោម ដែលធ្វើឲ្យស្ទះទឹកនោម រួចបណ្តាលឲ្យរលាកជាលិកាប្រូស្តាត និងតំបន់ជុំវិញនោះ ទើបវាធ្វើឲ្យអ្នកមានបញ្ហានោមចេញឈាម។

ជាក់ស្តែងរោគសញ្ញាឈាម ក្នុងទឹកនោមនេះ ក៏អាចបណ្តាលមកពី ជំងឺមហារីកប្លោកនោម ឬតម្រងនោមដែរ។ ដូច្នេះហើយ វិធីដែលល្អបំផុតគឺ ទៅទទួលការពិនិត្យឲ្យបានត្រឹមត្រូវពីគ្រូពេទ្យជំនាញ។

៣. អសមត្ថភាពផ្លូវភេទ

ក្រពេញប្រូស្តាត ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងប្រព័ន្ធបន្តពូជរបស់បុរស។ ហេតុនេះ ប្រសិនបើមានបញ្ហាណាមួយ ប៉ះពាល់ដល់ក្រពេញនេះ អ្នកប្រាកដជាអាចប្រឈមនឹងការថយចុះនូវមុខងារផ្លូវភេទរបស់អ្នក។ នៅពេលដែលអ្នកកើតមានជំងឺមហារីក ក្រពេញប្រូស្តាត អ្នកនឹងមានបញ្ហាលិង្គមិនឡើងរឹង ឬមានការឈឺចាប់ពេល បញ្ចេញទឹកកាម។ មិនត្រឹមតែប៉ុណ្ណោះ ទឹកកាមអាចមានជាប់ជាមួយឈាមទៀតផង។

ជាក់ស្តែង ដោយសារតែការធ្លាក់ចុះមុខងារផ្លូវភេទ មិនសូវជាទទួលបានការអើពើ ពីបុរសដែលឈានចូលវ័យចំណាស់នោះទេ។ ហេតុនេះ កុំមើលស្រាលបញ្ហាលិង្គមិនងើបឲ្យសោះ! អ្នកត្រូវតែទៅធ្វើតេស្ត ជាមួយគ្រូពេទ្យ ដើម្បីការពារកុំឲ្យមានបញ្ហាធ្ងន់ធ្ងរ។

៤. ឈឺចាប់ញឹកញាប់

ពេលដែលជំងឺមហារីកក្រពេញប្រូស្តាតរីករាលដាល និងឈានដល់ឆ្អឹង វាអាចបណ្តាលអោយមានការឈឺចាប់ជាញឹកញាប់។ ការឈឺចាប់ នឹងកើតឡើងនៅតាមតំបន់ជាច្រើនកន្លែងផ្សេងគ្នាផងដែរ។ កម្រិតនៃការឈឹចាប់ អាស្រ័យទៅលើការរីកលូតលាស់ និងការរីករាលដាលរបស់វា។ បុរសដែលមានជំងឺមហារីកក្រពេញប្រូស្តាតអាចជួបប្រទះ ការឈឺចាប់យ៉ាងជ្រៅនៅក្នុងត្រគាក នៅចង្កេះក្រោយ ត្រគាក ឬភ្លៅផ្នែកខាងលើ។ ប្រសិនបើការឈឺចាប់នៅតែបន្តមិនស្រាក់ស្រាន្ត ទោះស្រាល ឬធ្ងន់ ក៏អ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។

៥. ខ្សោយ ឬស្ពឹកជើង

រួមជាមួយនឹងការឈឺចាប់ញឹកញាប់ អ្នកអាចនឹងមានបញ្ហាហើមជើង និងត្រង់តំបន់អាងត្រគាក។ បន្ថែមពីនេះទៅទៀត អ្នកក៏អាចជួបប្រទះបញ្ហាស្ពឹកត្រង់ត្រគាក ត្រង់ជើង និងប្រអប់ជើងផងដែរ។ អ្នកក៏អាចមានអារម្មណ៍ថា ណែនៗ នៅត្រង់ត្រគាក ត្រង់ភ្លៅ និងត្រង់ចង្កេះ។ ទន្ទឹមនឹងនោះ អ្នកក៏អាចបាត់បង់ការគ្រប់គ្រងលើ ប្រព័ន្ធប្លោកនោម និងពោះវៀនទៀតផង។ ជាធម្មតា វាកើតមានឡើង ប្រសិនបើកោសិកាមហារីក រីករាលដាលទៅឆ្អឹងកងខ្នង និងបណ្តាលឱ្យប៉ះពាល់ដល់ខួរឆ្អឹងខ្នង។

៨. ស្រកទម្ងន់មិនដឹងមូលហេតុ

បញ្ហាស្រកទម្ងន់មិនដឹងមូលហេតុ គឺជាសញ្ញាណដ៏គួរឲ្យកត់សម្គាល់មួយ សម្រាប់អ្នកមានកោសិកាមហារីកផ្សេងៗ ក្នុងរាងកាយ រួមទាំងកោសិកាមហារីក ក្រពេញប្រូស្តាតផងដែរ។ ទម្ងន់ របស់អ្នកនឹងចាប់ផ្តើមស្រក នៅពេលដែលមេរោគមហារីក ធ្វើការរីករាលដាល ដល់លំពែង និងសរីរាង្គដទៃទៀត។ មុខងារ របស់លំពែងមានសារៈសំខាន់ណាស់ ពីព្រោះវាជាអ្នកគ្រប់គ្រងចំណង់អាហារ និងបញ្ចេញជាតិពុល ចេញពីរាងកាយ។

ហេតុនេះ ប្រសិនបើអ្នកស្រកទម្ងន់ ទាំងមិនបានហាត់ប្រាណច្រើន ឬតមអាហារទេនោះ អ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាម។

៩. អស់កម្លាំង

អាការៈអស់កម្លាំង ឬមានអារម្មណ៍ថាខ្សោយ ក៏អាចជារោគសញ្ញានៃ ជំងឺមហារីកក្រពេញប្រូស្តាតដែរ។ ជាការពិតណាស់ មេរោគមហារីកក្រពេញប្រូស្តាត អាចធ្វើឲ្យអ្នក មានបញ្ហាគ្មានកម្លាំងកំហែងយ៉ាងខ្លាំង មិនថាអ្នកសម្រាក ឬគេង ច្រើនប៉ុណ្ណាឡើយ។ វាអាចប៉ះពាល់ដល់កម្រិតថាមពល ទឹកចិត្ត និងសមត្ថភាពក្នុងការផ្តោតអារម្មណ៍ របស់អ្នក។

ប្រសិនបើអ្នក នៅតែមានអារម្មណ៍ថាគ្មានកម្លាំងកំហែង មិនឈប់ឈរ អ្នកត្រូវតែទៅណាត់ជួប គ្រូពេទ្យដើម្បី ធ្វើការពិគ្រោះជាបន្ទាន់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]