បរទេស៖ បុរសវ័យចំណាស់ ដែលជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ AirAsia លោក Tony Fernandes ត្រូវបានមនុស្សជាច្រើនស្គាល់លោកថា ជាមនុស្សដែលមានបុគ្គលិកលក្ខណៈមិនប្រកាន់ខ្លួន និងមានជំនឿចិត្តក្នុងការធ្វើការរួមគ្នា ជាមួយនឹងបុគ្គលិករបស់លោក។

យោងតាមសារព័ត៌មាន Stomp ដែលចុះផ្សាយកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានវីដេអូឃ្លីបមួយ ត្រូវបានបង្ហោះលើបណ្ដាញសង្គម Twitter ដោយបានបង្ហាញឲ្យឃើញ លោក Tony កំពុងបំពេញភារកិច្ចជំនួសបុគ្គលិករបស់លោក ដោយយកម៉ាស៊ីនមកបូមសម្អាតធូលី ចេញពីលើយន្តហោះ ដោយខ្លួនលោកផ្ទាល់តែម្ដង។

ប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូមួយនេះ ត្រូវបានបង្ហោះដោយ ប្រធានផ្នែកគមនាគមន៍នៃក្រុមហ៊ុនអាកាសចរណ៍ AirAsia ឈ្មោះថា Aziz Laikar និងបានសរសេរសារភ្ជាប់ជាមួយវីដេអូថា  «មាននាវិកបន្ថែមម្នាក់ទៀត នៅលើយន្តហោះ ដែលមានជើងហោះហើរ AK6306 ទៅកាន់ប្រជុំកោះ Langkawi ។ ពិតជាធ្វើការបានល្អណាស់ ក្នុងការរក្សាអនាម័យលើយន្តហោះ ឲ្យនៅតែស្អាត»។

ក្រោយពេលវីដេអួមួយនេះត្រូវបានបង្ហោះ មានមនុស្សយ៉ាងច្រើនចូលទៅមើល  ខណៈអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមជាច្រើន មានការពេញចិត្តជាខ្លាំងចំពោះសកម្មភាពរបស់លោក Tony Fernandes និងបានបញ្ចេញមតិថា «ពិតជានាយកប្រតិបត្តិដ៏ល្អវិសេសវិសាលបំផុត» ហើយអ្នកខ្លះទៀតបាននិយាយថា «គាត់ជាថៅកែដ៏ល្អ...រួសរាយរាក់ទាក់ សុភាពរាបសារ និងឧស្សាហ៍ព្យាយាម»៕ 

ប្រភព៖ Stomp

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ អស់ទាស់!​ ប៉ូលិសម្នាក់នេះថ្វីដៃមិនធម្មតា...ចេះទាំងផាត់មុខ ធ្វើសក់ មួយចប់!

ប៉ូលិសនៅស្រុកថៃម្នាក់នេះ កំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន ព្រោះតែក្រៅពីជាប៉ូលិសរក្សាច្បាប់ និងការពារប្រជាជនហើយ គាត់ក៏នៅមានជំនាញ ផាត់មុខ ធ្វើសក់ និងថែមទាំងចេះកាត់សក់ទៀតផង ដែលភាគច្រើនវាគឺជាជំនាញសម្រាប់តែស្រីៗប៉ុណ្ណោះ។

បច្ចុប្បន្ន ដោយសារតែមានជំនាញ គួរឱ្យកោតសរសើរដូច្នេះ ទើបមានមនុស្សជាច្រើនបានដាក់នាមឱ្យគាត់ថាជា «ប៉ូលិសចាប់ជក់ មិនមែនប៉ូលិសចាប់ចោរនោះទេ»។ ប៉ូលិសពហុជំនាញរូបនេះ មានឈ្មោះថា Surat Sri Bua មកពីខេត្ត សុខោទ័យ (Sukhothai) សព្វថ្ងៃមានកូនប្រុសស្រី ចំនួន៣នាក់មកហើយ។

ពេលទំនេរពីការងារប៉ូលិស លោក Surat Sri Bua ក៏ជាអ្នកផាត់មុខ ធ្វើសក់អាជីពម្នាក់ ឱ្យកូនក្រមុំកូនកម្លោះ នៅតាមពិធីមង្គលការផ្សេងៗ និងជាជាងផាត់មុខនៅផ្ទះផងដែរ។ មិនតែប៉ុណ្ណោះពេលទំនេរ គាត់ក៏ឆ្លៀតទៅកាត់សក់ឱ្យចាស់ៗ និងកូនក្មេង ក៏ដូចជាជនពិការនៅក្នុងស្រុកផងដែរ ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារបន្ថែមទៀត។

រំលឹកទៅដល់ដើមហេតុដំបូងដែលនាំឱ្យប៉ូលិស Surat Sri Bua ចេះជំនាញនេះដំបូងគឺ កាលពីជាង១០ឆ្នាំមុន ពេលគាត់ធ្វើប៉ូលិស គាត់ឧស្សាហ៍ទៅលេងផ្ទះមិត្តស្រីរបស់ខ្លួន(ភរិយាបច្ចុប្បន្ន)ជាញឹកញាប់ ដែលផ្ទះនោះ បងស្រីរបស់មិត្តស្រីគាត់ មានបើក ហាងកែសម្ផស្សមួយផងដែរ។

ដោយឧស្សាហ៍ឃើញការតុបតែងមុខធ្វើសក់នៅទីនោះ និងមានចំណូលចិត្តផង ខ្លូនក៏សាកធ្វើលេងៗ ហើយក៏បែកគំនិតរៀនតាមសៀវភៅ ឬយូធូបជារឿយៗ។

រហូតដល់យូរៗក៏ឃើញថា ការងារនេះមិនលំបាកប៉ុន្មានទេ គាត់ក៏បានទៅរៀននៅសាលាបណ្តុះបណ្តាលបន្ថែម និងបានសម្រេចចិត្តបើកហាងមួយដោយខ្លួនឯងតែម្តងរហូតដល់បច្ចុប្បន្ន។

សព្វថ្ងៃអាជីពនេះបានដំណើរការយ៉ាងល្អ និងមានការគាំទ្រពីភ្ញៀងជាច្រើន។ រហូតដល់មានភាពល្បីល្បាញដល់វិទ្យុ ទូរទស្សន៍ល្បីៗនានាក្នុងស្រុក ចុះមកសម្ភាសន៍ជាហូរហែ ព្រោះតែគាត់ជាប៉ូលិសសោះ តែបែរជាមានជំនាញខាងតុបតែងយ៉ាងចំណានបែបនេះ។

កន្លងមកក៏មានពាក្យនិន្ទាជាច្រើន ពីសំណាក់មនុស្សនៅជុំវិញខ្លួនដែរ ប៉ុន្តែគាត់ប្រាប់ថា «ថ្វីដៃ» មិនស្ថិតនៅលើ ភេទ ពណ៌សម្បុរ ឬតួនាទីការងារនោះទេ សំខាន់គឺអាចរកចំណូលបាន ហើយវាគឺជាការងារត្រឹមត្រូវ មិនបានទៅលួចប្លន់គេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]