(ភ្នំពេញ)៖ ឃាតករ ជួប​ សម្លាប់ ត្រូវបានតុលាការសម្រេចកាត់ទោសដាក់គុកមួយជីវិត ពាក់ព័ន្ធករណីបាញ់សម្លាប់បណ្ឌិត កែម ឡី នេះបើយោងតាមមន្រ្តីតុលាការឲ្យដឹងមុននេះបន្តិច។

នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រម នៃសំណុំរឿង លោក «ជួប សម្លាប់» ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី។ ការប្រកាសសាលក្រមនេះ ធ្វើឡើងបន្ទាប់ពីតុលាការក្រុងភ្នំពេញ បានបើកសវនាការ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ ជាមួយនឹងការបង្ហាញវិដេអូមួយ ស្តីអំពីឃាតកម្មនេះ។

លោក ជួប សម្លាប់ ត្រូវបានមន្ត្រីពន្ធនាគារ នាំទៅដល់សាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោង៨៖០០នាទី ព្រឹកថ្ងៃព្រហស្បតិ៍នេះ ដេីម្បីស្តាប់សាលក្រម។ ចំណែកសន្តិសុខ នៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានរឹតបន្តឹងខុសធម្មតា។

នៅក្នុងសវនាការជាបន្តបន្ទាប់កន្លងទៅនោះ លោក «ជួប​ សម្លាប់»​ បានសារភាពថា​ ខ្លួនជា​អ្នក​បាញ់​សម្លាប់​ លោក​បណ្ឌិត​ កែម​ ឡី​ ដោយសារ​ខឹង​លោក​ កែម​ ឡី​ ជំពាក់​ប្រាក់​មិន​សង​ ហើយ​អះអាងថា គ្មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នងនៃឃាតកម្មនេះនោះ​ទេ​។

សូម​បញ្ជាក់​ថា​ បុរសម្នាក់ ដែលមានរហ័សនាមថា «ជួប​ សម្លាប់»​ ​អាយុ៣៨ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ភ្លាមៗ​ ក្រោយ​ពី​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ កាលពី​វេលា​ម៉ោង​៨៖៥០នាទី​ ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា​ ឆ្នាំ​២០១៦​ នៅចំណុច​ក្នុង​ទីតាំង​ស្តារម៉ាត​ នៃ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ បូកគោ​ ស្ថិត​នៅ​កាច់ជ្រុង​មហា​វិថី​ព្រះ​មុនីវង្ស​ និង​មហាវិថី​ម៉ៅសេទុង​ ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​។

ក្រោយការចាប់ខ្លួននេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ «ជួប សម្លាប់» ចំនួន២ករណី ក្នុងនោះរួមមានបទឃាតកម្មគិតទុកជាមុន និង បទកាន់កាប់អាវុធគ្មានការអនុញ្ញាត៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ «​កុំ​ទុកចិត្ត​មេឃ កុំ​ទុកចិត្ត​ផ្កាយ​» ចុង​ក្រោយ​អស់សង្ឃឹម !!!

រាជធានី​ភ្នំពេញ ៖ បុរស​ខិលខូច​ម្នាក់​បាន​ធ្វើ​សកម្មភាព​ឆបោក​យក​ម៉ូតូ​របស់​យុវជន​ម្នាក់​ដែល​ជា​អ្នក​ស្គាល់គ្នា ដោយ​បុរស​នោះ​បាន​ប្រើ​ល្បិច​ខ្ចី​ជិះ ដោយ​ប្រាប់​ថា ជិះ​ទៅ​យក​ម្ហូប​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ ខណៈនោះ​ព្រោះតែ​មនុស្ស រាប់អាន​គ្នា ទើប​យុវជន​រង​គ្រោះ​ព្រម​ឲ្យ​ខ្ចី ហើយ​បុរស​កំហូច​នោះ​ក៏​បាន​យក​ម៉ូតូ​ជិះ​ទៅ​បាត់​រហូត បន្ទាប់​មក​ជន​រង​គ្រោះ​បាន​តាម​រក​គ្រប់កន្លែង នៅ​តែ​មិន​បានឃើញ​នោះ​ឡើយ លុះ​១​អាទិត្យ​ក្រោយមក ទើប​មាន​អ្នក​ប្រទះ​ឃើញ​បុរស​នោះ ក៏​បាន​ខ​ល​ប្រាប់​ឲ្យ​យុវជន​ម្ចាស់​ម៉ូតូ​ទៅ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​តែ​ម្ដង​។

ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៧ មក​ម្ល៉េះ នៅ​ជិត​ផ្សារ​ត្រពាំង​ក្រឡឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ប៉ុន្តែ​ជន​រង​គ្រោះ​បាន​តាម​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៧ នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ នឹម វ៉ា​ន់​ថា អាយុ​៤០​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ជ្រៅ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល​។ ជន​នោះ​បាន​ធ្វើ​សកម្មភាព​បោក​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ដែល​ជា​កម្មសិទ្ធិ​របស់​យុវជន​ម្នាក់ វ៉ា​ន់ ណា​រ៉ា អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ ឃុំ​ត្រពាំង​ល្វា ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។

យុវជន​ម្ចាស់​ម៉ូតូ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ ខណៈ​ខ្លួន​ទៅ​ធ្វើ​ការងារ​សំណង់​នៅ​ឯ​នៅ​ជិត​ផ្សារ​ត្រពាំង​ក្រឡឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្រាប់តែ​ជនសង្ស័យ​ខាងលើ​ទៅ​ប្រាប់​ថា ថ្ងៃនេះ​ក្មួយ​របស់​គាត់​ភ្ជាប់ពាក្យ លុះដល់​ពេល​ហូប​បាយ​ថ្ងៃត្រង់ ក៏​បាន​ហូប​បាយ​ជុំ​គ្នា ហើយ​ជន​នោះ​បាន​ខ្ចី​ម៉ូតូ​ខ្លួន​ជិះ​ដោយ​ប្រាប់​ថា ម្ហូប​យើង​តិច​ពេក គាត់​ខ្ចី​ម៉ូតូ​ជិះ​ទៅ​យក​ម្ហូប​នៅផ្ទះ​ក្មួយ​ដែល​ភ្ជាប់ពាក្យ​នោះ​មក​ហូប​ជុំ​គ្នា​។​

ខណៈនោះ​ដោយសារ​តែ​ជា​មនុស្ស​ស្គាល់គ្នា ទើប​ខ្លួន​ឲ្យ​ខ្ចី ហើយ​បុរស​នោះ​ក៏​បាន​យក​ទៅ​បាត់​រហូត​តែ​ម្ដង បន្ទាប់​ពី​ដឹង​ថា ចាញ់បោក​ជន​នោះ ខ្លួន​បាន​តាម​រក​គ្រប់កន្លែង ប៉ុន្តែ​មិនឃើញ​ឡើយ រហូត​ដល់​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី ២២ មីនា ស្រាប់តែ​មាន​អ្នក​ប្រទះ​ឃើញ​ជន​នោះ​កំពុង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ហើយ​បាន​ខ​ល​ប្រាប់ ទើប​ខ្លួន​នាំ​បងប្អូន​ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​។

ក្រោយ​ពេល​ចាប់ខ្លួន​បាន​ជន​នោះ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆបោក​យក​ម៉ូតូ​១​គ្រឿង​នោះ​មែន ប៉ុន្តែ​មិន​បាន​លក់​នោះ​ឡើយ ក្រោយ​ពេល​បោក​បាន​ពី​យុវជន​ខាងលើ ខ្លួន​បាន​ជិះ​ទៅ​ជួប​ជាមួយ​មិត្តភក្ដិ​ម្នាក់​ទៀត ហើយ​ក៏​ត្រូវ​បាន​មិត្តភក្ដិ​នោះ​ខ្ចី​ជិះ​ទៅ​ទិញ​ថ្នាំពេទ្យ រួច​ក៏​បាន​បោក​យក​បន្ត​ទៅ​បាត់​តែ​ម្ដង ។ ខ្លួន​កំពុង​តាម​រក​មិត្តភក្ដិ​ដែល​បោក​យក​ម៉ូតូ​នោះ​មិន​ទាន់​ឃើញ​ផង ក៏​ត្រូវ​បាន​មក​ម្ចាស់​ម៉ូតូ​តាម​រក​ឃើញ និង​បាន​ចាប់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​បែប​នេះ​។

នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​បាន​និយាយ​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​បាន ម្ចាស់​ម៉ូតូ​បាន​ទាមទារ សំណង​ចំនួន​១.៥០០​ដុល្លារ ប៉ុន្តែ​ជនសង្ស័យ​បាន​អង្វរ​សុំ​ម្ចាស់​ម៉ូតូ​ឲ្យ​ទទួលយក​ត្រឹម​៨០០​ដុល្លារ​បាន ហើយ ព្រោះ​ខ្លួន​មាន​លទ្ធភាព​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ប៉ុន្តែ​យុវជន​ម្ចាស់​ម៉ូតូ​មិន​ព្រមយក​ឡើយ ហើយដោយ​សារ​តែ​ទីតាំង​កើតហេតុ ស្ថិត​នៅ​ជិត​ផ្សារ​ត្រពាំង​ក្រឡឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ទើប​បញ្ជូន​ទាំង​សំណុំរឿង និង​ជនសង្ស័យ​ត្រឡប់​ទៅ​ប្រគល់​ឲ្យ​នគរបាល​មូលដ្ឋាន​នោះ​ជា​អ្នកចាត់ការ​តាម​ច្បាប់​វិញ​៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]