(បន្ទាយមានជ័យ)៖ ពិតជាប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលបានហូបសាច់មាន់ ឆ្អឹងមាន់ និងប្រហិតសាច់មាន់ខូច គុណភាពនាំចូលពីថៃ។ ជាក់ស្តែងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ មន្រ្តីកាំកុងត្រូលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្រ្តីគយនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានស្ទាក់ចាប់បានសាច់មាន់ ឆ្អឹងមាន់ និងប្រហិតសាច់មាន់ចំនួន៣៤០គីឡូ ដែលឈ្មួញនាំចូលពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

លោក ហុង លៀង អនុប្រធានសាខាទទួលបន្ទុក ប្រធានការិយាល័យប្រមូលចំណូល និងទីផ្សារ បានថ្លែងប្រាប់អង្គភាព Fresh News មន្រ្តីរបស់លោកក្រោមការបញ្ជាផ្ទាល់ពីលោក ស៊ាន​ ស៊ីណាត បានចុះទៅស្ទាក់ចាប់បាននូវសាច់មាន់ និងឆ្អឹងមាន់ចំនួន២៤០គីឡូក្រាម និងប្រហិតមាន់ដែលខូចគុណភាពចំនួន១០០គីឡូក្រាម នាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

លោក ហុង លៀង បានបញ្ជាក់ទៀតថា សម្រាប់សាច់មាន់ដែលខូចគុណភាពទាំងនេះ ត្រូវបានមន្រ្តីកាំកុងត្រូលរបស់លោក សហការជាមួយមន្រ្តីគយ សហការគ្នាយកទៅដុតកម្ទេចចោលនៅក្នុងបរិវេណកាស៊ីណូផ្កាយ៥ នៅថ្ងៃដដែលនេះ។

មន្រ្តីកាំកុងត្រូលបានអំពាវនាវដល់ ប្រជាពលរដ្ឋ ជាពិសេសអាជីវករឲ្យបញ្ឈប់ការនាំចូលរួមសាច់ បន្លែ និងផ្លែឈើ ព្រមទាំងទំនិញទាំងឡាយ ដែលខូចគុណភាព និងហួសដឺឡេ ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពប្រជាពលរដ្ឋខ្មែររបស់យើង៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ អាជ្ញាធរ​ខេត្ត​នឹង​ត្រូវ​ជម្លៀស​ ផ្ទះ​បណ្តែត​ទឹក​ ក្នុង​ក្រុង​កំពង់ឆ្នាំង​ ឡើងគោក​ក្នុង​ពេល​ឆាប់​ៗ​នេះ

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​លើក​ឡើង​ថា បញ្ហា​ផ្ទះ​បណ្តែត​ទឹក​ធ្វើ​ឲ្យ​ប៉ះពាល់​ យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទូ​ទាំង​ក្រុង​កំពង់ឆ្នាំង ដែល​បាន​ទទួលទាន​ទឹក ទោះ​ស្ថិត​ក្នុង​កាលៈទេស​ណា​ក៏​ដោយ​។ ដោយហេតុ​នេះ តាម​គម្រោង​របស់​អាជ្ញាធរ​ខេត្ត នឹង​ត្រូវ​ជម្លៀស​អ្នក​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ​។ មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​ពិធី ប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​បដិសណ្ឋារកិច្ច​ល្អ ក្នុង​សេវា​សាធារណៈ របស់​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ សាលាក្រុង​កំពង់ឆ្នាំង ព្រឹក​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៧ នៅ​សាលា​នយោបាយ​ខេត្ត​។

ឯកឧត្តម អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​បន្ត​ថា អ្នក​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​សព្វថ្ងៃ​មាន​ប្រមាណ​៥​ពាន់​នាក់ ចុះបើ​មួយ​ថ្ងៃ​ម្នាក់​ទម្លាក់​កាក​សំណល់​ចាស់​តែ​មួយ​គីឡូ​មួយ​ថ្ងៃ​មិន​ឡើង​៥​តោន ចុះបើ​មួយ​ខែ​វា​ឡើង​ប៉ុន្មាន​។ សព្វ​ថ្ងៃនេះ​ប្រជាពលរដ្ឋ​ក្នុង​កំពង់ឆ្នាំង បាន​ប្រើប្រាស់​ទឹក​ដែល​បូម​ពី​ទន្លេ​ទោះ​ថា យក​មក​ចម្រោះ​ដាក់​ថ្នាំ​យ៉ាងណា​ក៏​ដោយ ក៏​ពិបាក​ទុកចិត្ត​ដែរ​។ ហេតុនេះ​ហើយ​អ្នក​រស់នៅ​លើ​ទឹក​មិន​អាច​រស់នៅ​បាន​ទៀត​ទេ ត្រូវ​ឡើង​លើគោក​។

មាន​អ្នក​ទូរ​សព្ទ័​មក​សួរ តែ​ឯកឧត្តម​ថា អត់​បាន​ទេ​បញ្ហា​ធំ​គឺ​ទឹក ហើយ​បើ​មាន​បញ្ហា​គ្រោះថ្នាក់​មិនមែន​អ្នក​រស់នៅ​លើ​ទឹក​នោះ​ទេ គឺ​យើង និង​កូនចៅ​យើង ទាំងអស់​គ្នា​ដែល​ប្រើប្រាស់​ទឹក​បូម​ពី​ទន្លេ​មក​ប្រើ​។ ហេតុនេះ​អាជ្ញាធរ​ខេត្ត​ត្រូវ​តែ​រៀបចំ​ឲ្យ​អ្នក​រស់នៅ​លើក​ទឹក​ឡើងគោក​។ យោង​តាម​ផែនការអភិវឌ្ឍន៍ រយៈពេល​៥​ឆ្នាំ របស់​សាលាខេត្ត​កំពង់ឆ្នាំង ដែល​មាន​ជា​ជំហាន​ៗ គឺ​ចាប់ផ្តើម​ជាដំបូង ធ្វើការ​បន្លាស់​ទី ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​នៅ​ចំណុច​មុខ​ផ្សារ​ក្រោម ទាំងអស់​ឲ្យ​ទៅ​នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ចម្ងាយ​ប្រមាណ​ជាង​២​គីឡូម៉ែត្រ​ពីមុខ​ផ្សារ​ក្រោម​។

បន្ទាប់​មក​ផ្ទះ​ជាប់​ដី នៅ​តាម​មាត់ទន្លេ​ក្នុងភូមិ​ចុង​កោះ ត្រូវ​រុះរើ​ចេញ​ទៅ​នៅ​លើ​ដី​ចាក់​ថ្មី ដែល​កំពុង​អភិវឌ្ឍន៍ ហើយ​យក​ដី​មាត់ទន្លេ​កសាង​ផ្លូវ កសាង​សួនច្បារ​តាម​មាត់ទន្លេ ក្នុង​នោះ​ដែរ​ផ្ទះ​បណ្តែត​ទឹក​ដែល​បាន​បន្លាស់​ទី​ទៅ​កន្លែង​ថ្មី​នោះ ក៏​ត្រូវ​រុះរើ​ឲ្យ​ឡើងគោក​ដែរ នេះ​ជា​ការ​អភិវឌ្ឍន៍​តាម​តំណាក់កាល ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]