ខេត្តប៉ៃលិន ៖ នារីម្នាក់ដែលស៊ីឈ្នួលធ្វើស្មៅដំឡូងមីឱ្យមេភូមិអូរខ្ទីង បានត្រូវកូនប្រុសមេភូមិឈ្មោះកែម សារ័ត្ន អាយុ១៩ឆ្នាំ ទូរស័ព្ទហៅនាឱ្យទៅជួប រួចចាក់សោបិទទ្វារ ធ្វើសកម្មភាពរំលោភនៅក្នុងជង្រុកដាក់ ពោតរហូតបានសម្រេច បន្ទាប់មកជនសង្ស័យមិនទទួលខុសត្រូវក៏រត់គេច ខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី១២ កញ្ញា ឆ្នាំ២០១២ នៅភូមិអូរខ្ទីង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បន្ទាប់មកនាងក៏បានដាក់ពាក្យប្តឹងទៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរតាវ៉ៅ កាលពីថ្ងៃទី២៣ កញ្ញា លុះនៅរសៀលថ្ងៃទី២៨ កញ្ញា បានដាក់ពាក្យប្តឹងទៅមន្ទីរកិច្ចការ នារីឱ្យជួយរកយុត្តិធម៌ បន្ថែមទៀត ។

លោកគង់ សំណាង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរតាវ៉ៅ ឱ្យដឹងថា ក្រោយពីបានទទួលពាក្យបណ្តឹងភ្លាមរូបលោក ក៏បានដឹកនាំមន្ត្រីនគរបាលប៉ុស្តិ៍ចុះទៅដល់កន្លែងកើតហេតុ ហើយនារីរូបនេះក៏បានបង្ហាញពីកន្លែងដែល កូនមេភូមិអូរខ្ទីងចាប់នាងរំលោភ ។ នាងរៀបរាប់ថា នាងបានមកស៊ីឈ្នួលជម្រះស្មៅដំឡូងមីឱ្យមេភូមិនេះអស់ រយៈពេល៤ថ្ងៃហើយ មុនពេលត្រូវចាប់រំលោភ ។ នៅថ្ងៃកើតហេតុនាងធ្វើការរហូតដល់ម៉ោង១១ព្រឹក ទើបសម្រាក លុះដល់ម៉ោង១១ និង៣០នាទី ស្រាប់តែកូនមេភូមិនោះបានទូរស័ព្ទហៅនាងឱ្យទៅជួប រូបគេដែលកំពុងនៅក្នុងជង្រុកដាក់ ពោតមានចម្ងាយពីផ្ទះប្រហែល៥០០ម៉ែត្រ ។ ពេលនាងទៅជួបនោះគ្មានអ្នកណានៅទីនោះទេ គឺមានតែនាង និងកូនមេភូមិ ស្រាប់តែយុវជនរូបនោះឱ្យនាងអង្គុយក្បែរ រួចក៏ចាប់ដៃនាងជាប់ហើយក៏ឱបថើប ព្រមទាំងគំរាមមិននាងស្រែក ដោយយុវជនរូបនេះមានកម្លាំងខ្លាំងក៏ចាប់នាង រំលោភរហូតដល់បានសម្រេច ។

ក្រោយពីបានរួមរ័ករួច យុវជនរូបនេះបានឌុបនាងចេញពីចម្ការ មកដាក់ចោលនៅក្បែរផ្ទះរបស់ខ្លួន ។ ក្រោយមក កូនមេភូមិរូបនេះឃើញនាងពេលណាចេះតែគេចខ្លួន ដោយមិនទទួលខុសត្រូវលើរូបនាងឡើយ ។ លោកគង់ សំណាង បានបន្តថា ពាក្យបណ្តឹងរបស់នារីរងគ្រោះប្តឹងឱ្យជនល្មើសបង់ប្រាក់ចំនួន ៥ពាន់ដុល្លារអាមេរិកសងថ្លៃព្រហ្មចារី និងជំងឺចិត្ត ហើយលោកក៏បានរៀបចំសំណុំរឿងបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្តរួចរាល់អស់ហើយដើម្បីចាត់ការទៅតាមនីតិវិធី ។

ចំណែកលោកស្រី ច័ន្ទ ថារី ប្រធានការិយាល័យការពារច្បាប់នៃមន្ទីរកិច្ចការនារីខេត្ត បានឱ្យដឹងថា នៅរសៀលថ្ងៃទី២៨ កញ្ញា បងស្រីនារីរងគ្រោះ និងនារីរងគ្រោះបានមកជួបលោកស្រីនៅក្នុងការិយាល័យ ដោយនិយាយប្រាប់ពីរឿងហេតុដែលកើតឡើង ហើយឱ្យលោកស្រីជួយរកយុត្តិធម៌ឱ្យនាងផង ។ ចំពោះកិច្ចការនេះជនរងគ្រោះបានដាក់ពាក្យប្តឹងទៅប៉ូលិសរួចរាល់អស់ហើយ លោកស្រីរង់ចាំមើលការដោះស្រាយតាមក្រោយថា តើសមត្ថកិច្ចចាត់ការរឿងនេះ ឬក៏អត់ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]