ភ្នំពេញ៖ បើទោះបីជាចាញ់ក្រុមជម្រើសជាតិឥណ្ឌាយ៉ាងប្រផិតប្រផើយ ក្នុងលទ្ធផល ៣-២ យ៉ាងណាក្តី  ក្រុមជម្រើសជាតិកម្ពុជាយើង ទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ក្រោយពីបានបង្ហាញនូវទម្រង់លេងដ៏ល្អ ស៊ីចង្វាក់គ្នា និងប្រកួតដោយមានទំនុកចិត្ត។

បើតាមការឲ្យដឹងពីមតិអ្នកគាំទ្រជាច្រើន មិនថានៅខាងក្រៅ ឬនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពួកគេបាននាំគ្នាលាន់មាន់សរសើរថា ទម្រង់លេងក្រោមការគ្រប់គ្រងដោយគ្រូបង្វឹកថ្មី គឺប្លែកជាងមុន លេងបាល់ខ្លីៗប្រកបដោយភាពជឿជាក់ រីឯការប្រកួតវិញមើលទៅគួរឲ្យជក់ចិត្តទៀតផង។

បន្ថែមពីនេះទៀត អ្នកគាំទ្រខ្លះបាននិយាយថា បើទោះបីចាញ់លើកនេះ ក៏ចាញ់ដោយអស់ចិត្តដែរ ព្រោះជម្រើសជាតិកម្ពុជាយើងបានបង្ហាញនូវការខំប្រឹង និងការត្រៀមលក្ខណៈទុកជាមុន សម្រាប់ការប្រកួតក្រោយៗទៀត។

គួរបញ្ជាក់ផងដែរថា គោព្រៃកម្ពុជា ចាញ់ ក្រុមជម្រើសជាតិឥណ្ឌាក្នុងលទ្ធផល ៣-២ ដោយ២គ្រាប់របស់កម្ពុជា ធ្វើឡើងដោយកីឡាករ ឃួន ឡាបូរ៉ាវី និងចាន់ វឌ្ឍនាកា ចំនែកឯគ្រាប់បាល់ទាំង៣ របស់ឥណ្ឌាវិញ ស៊ុតដោយកីឡាករ Chhetri នៅតង់ទី១ និង កីឡាករ JEJE Lalpekhlua និង Sandesh Jhingan នៅក្នុងតង់ទី២៕ 

ខាងក្រោមនេះជាមតិខ្លះៗរបស់អ្នកគាំទ្រ នៅពេលការប្រកួតបានបញ្ចប់ទៅ៖

រូបភាព៖ Goal Live Football

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ អតីតខ្សែការពារអង់គ្លេស Rio Ferdinand សារភាពថា ក្រោយប្រពន្ធស្លាប់ទៅ ធ្លាក់ខ្លួនពិបាកចិត្ត ផឹកស្រារាល់យប់

អង់គ្លេស៖ អតីតខ្សែការពារឆ្នើមរបស់ក្រុមជម្រើសជាតិអង់គ្លេស និងក្លិបបិសាចក្រហម Manchester United កីឡាករ Rio Ferdinand បានសារភាពថា ក្រោយពីប្រពន្ធស្លាប់ទៅ ខ្លួនបានក្លាយជាមនុស្សប្រមឹកម្នាក់ ផឹកស្រាស្ទើររាល់យប់ មិនតែប៉ុណ្ណោះថែមទាំងមានអារម្មណ៍ខុសឆ្គង ចំពោះខ្លួនឯងទៀតផង។

ថ្លែងប្រាប់ Radio Time អំឡុងពេលថតវីដេអូឯកសារឲ្យ BBC ខ្សែការពារ Rio Ferdinand បាននិយាយទាំងក្តុកក្តួលថា ខ្លួនធ្លាក់ដុនដាបពិបាកចិត្តខ្លាំង តែងតែផឹកស្រាពេលយប់ពាក់កណ្តាលអាធ្រាត ហើយគ្មានអ្វីពឹងពាក់បានក្រៅពីសុរានោះទេ ក្រោយពីប្រពន្ធស្លាប់ដោយសារជំងឺមហារីកសុដន់ កាលពីខែមីនា ឆ្នាំ២០១៥ កន្លងទៅ។

គួរឲ្យដឹងថា សព្វថ្ងៃនេះ Ferdinand មានវ័យ៣៨ឆ្នាំ ដើរតួរជាឳពុកផងម្តាយផង ដើម្បីចិញ្ចឹមកូនៗ៣នាក់ Lorenz អាយុ១០ឆ្នាំ Tate អាយុ៨ឆ្នាំ និង Tia អាយុ៥ឆ្នាំ។

អតីតខ្សែការពាររបស់ក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានបន្តឲ្យដឹងទៀតថា «ពួកយើងសំណាងណាស់ដែលមាននាងនៅក្បែរ តែនៅពេលដែលនាងទៅបាត់ ខ្ញុំក៏បានចាប់ផ្តើមផឹកស្រានៅពេលយប់ រហូតដល់រយៈពេល៣ទៅ៤ខែ ទើបខ្ញុំសម្រេចចិត្តបញ្ឈប់វិញ» ។

Rio Ferdinand បន្តទៀតថា «ក្រោយពីបញ្ឈប់ហើយនោះ ខ្ញុំបានភ្ញាក់ខ្លួនពីរបួសផ្លូវចិត្ត និងទុក្ខព្រួយ ហើយក៏ចាប់ផ្តើមធ្វើការឡើងវិញ ក្នុងនោះដែរ មានមនុស្សជាច្រើនបាននៅក្បែរលើកទឹកចិត្តខ្ញុំ ដើម្បីឲ្យខ្ញុំខំប្រឹងរកភាពជោគជ័យឡើងវិញសម្រាប់កូនៗទាំង៣»។

គួររំលឹកផងដែរថា Rio Ferdinand និងភរិយា Londoner Rio ស្រលាញ់គ្នាដំបូងតាំងពីនាងមានអាយុ២១ឆ្នាំមកម្ល៉េះ។ ក្រោយមក Ferdinand ក៏បានសុំនាងរៀបការនៅទីក្រុង Las Vegas កាលពីឆ្នាំ២០០៧ តែកាលនោះអ្នកទាំងពីរមានកូនអាយុ១ឆ្នាំជាមួយគ្នាហើយ រហូតដល់ឆ្នាំ២០០៩ ទើបអ្នកទាំងពីររៀបចំពិធីមង្គលការ រៀបការជាមួយគ្នា៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]