អង់គ្លេស៖ ក្មេងប្រុសវ័យក្មេងម្នាក់ អាចត្រូវបានគេចាត់ទុកថា ជាក្មេងប្រុសដែលមាន ខួរក្បាលវ័យឆ្លាតជាងគេបង្អស់ នៅចក្រភពអង់គ្លេស ដែលត្រូវបានខាងសាកលវិទ្យាមួយ ជួលឲ្យបង្រៀនគណិតវិទ្យាដល់សិស្សនិស្សិត។

ក្មេងប្រុស Yasha Asley មានអាយុ ១៤ឆ្នាំ ត្រូវបានសាកលវិទ្យាល័យ (University of Leicester) ជួលឲ្យមកបង្ហាត់បង្រៀនដល់និស្សិតធំៗជាងខ្លួន ហើយសាកលវិទ្យាល័យមួយនេះ ក៏ជាសាលាដែល Yasha កំពុងតែសិក្សាថ្នាក់បរិញ្ញាបត្រនៅទីនោះផងដែរ។

លើសពីនេះ Yasha ត្រូវបានគេស្គាល់និងចាត់ទុកថា ជាសិស្សដែលមានវ័យក្មេងជាងគេបង្អស់ ហើយក៏ជាគ្រូវ័យក្មេងម្នាក់ ប្រចាំសាកលវិទ្យាល័យ ដែលមិនធ្លាប់មានពីមុនមកផងដែរ។

បើតាមប្រភពព័ត៌មានដេលីម៉េលរបស់អង់គ្លេសបានឲ្យដឹងថា Yasha បានសម្ភាសន៍ជាប់ ហើយត្រូវខាងសាកលវិទ្យាល័យផ្តល់ការងារឲ្យធ្វើ តាំងតែពីគេមានអាយុ១៣ឆ្នាំម្ល៉េះ  ក្រោយពីក្មេងប្រុសដ៏ឆ្លាតរូបនេះ បានយកឈ្នះលើការប្រកួតប្រជែង ជាមួយនឹងបេក្ខជនដាក់ពាក្យប្រលងធំៗជាងខ្លួនជាច្រើន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី បុគ្គលិកខាងការិយាល័យរដ្ឋបាល ក៏បានដាក់ពាក្យស្នើសុំទៅកាន់ក្រុមប្រឹក្សាក្នុងទីក្រុង Leicester ដើម្បីផ្តល់សិទ្ធិអនុញ្ញាតឲ្យ Yasha អាចធ្វើការងារបាន ដោយសារតែ Yasha នៅមានវ័យក្មេងពេក។

Yasha និយាយទាំងមោទនភាពលើខ្លួនឯងថា «វាគឺជាឆ្នាំសិក្សាចុងក្រោយ ដ៏ល្អបំផុតក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំពិតជាស្រលាញ់ការចូលរៀន នៅថ្នាក់សាកលវិទ្យាល័យណាស់ ហើយខ្ញុំក៏ស្រលាញ់ការងារថ្មីរបស់ខ្ញុំផងដែរ ដែលអាចជួយដល់និស្សិតៗ ជាច្រើនទៀតបាន។ ពេលរៀនចប់ទៅ លែងបានពាក់ឯកសណ្ឋានសិស្សទៀតហើយ អរគុណខ្លាំងណាស់!»

គួរឲ្យដឹងដែរថា Yasha ត្រូវបានគេដាក់ងារឲ្យថា «មនុស្សខួរក្បាលម៉ាស៊ីនគិតលេខ» ។ នេះក៏ជាឆ្នាំសិក្សាចុងក្រោយរបស់គេផងដែរ ហើយ Yasha ក៏មានគម្រោងថា នឹងបន្តចាប់យកថ្នាក់បណ្ឌិត ក្រោយបញ្ចប់វគ្គសិក្សាផងដែរ។

គួរឲ្យដឹងទៀតដែរថា ក្មេងប្រុសដែលមានសមត្ថភាពខួរក្បាលដ៏អស្ចារ្យនេះ បានចូលរៀនថ្នាក់បឋមសិក្សាសាលារដ្ឋ មុនពេលដែលរូបគេបានឈ្នះការប្រលងប្រកួតប្រជែង លើមុខវិទ្យាគណិតវិទ្យា ដើម្បីចូលរៀនថ្នាក់បរិញ្ញាបត្រ ដោយកាលនោះគេមានអាយុត្រឹមតែ១២ឆ្នាំប៉ុណ្ណោះ ក្នុងកំឡុងឆ្នាំ២០១៤។

Yasha គឺជាក្មេងប្រុសដំបូងគេបង្អស់នៅលើលោក ដែលទទួលបានលំដាប់ពិន្ទុ ឬចំណាត់ថ្នាក់ A លើមុខវិទ្យាគណិតវិទ្យា ដោយទទួលបានពិន្ទុ ១០០ភាគរយ និង៩៩ភាគរយទៀត ក្នុងវិញ្ញាសារ២ នៃសន្លឹកកិច្ចការចំនួន៦ ដោយកាលណោះគេមានអាយុ៨ឆ្នាំ។ លើសពីនេះ ក្មេងប្រុសរូបនេះ ក៏ធ្លាប់ទទួលបានចំណាត់ថ្នាក់ A ជាច្រើន លើមុខវិទ្យាគណិតវិទ្យាដូចគ្នា និងមុខវិទ្យាស្ថិតិ ពេលដែលគេមានអាយុ៩ឆ្នាំ និង១០ឆ្នាំផងដែរ។

រយៈពេល៦ឆ្នាំ បន្ទាប់ពី Yasha បានបញ្ចប់ការសិក្សាថ្នាក់បឋមរួចរាល់មក ដោយសារតែភាពវ័យឆ្លាតរបស់គេ Yasha ក៏បានផ្លោះចូលរៀននៅថ្នាក់បរិញ្ញាបត្រ ទាំងវ័យក្មេងតែម្តង។

រាល់សមិទ្ធិផលទាំងអស់ដែល Yasha ទទួលបាន ក្មេងប្រុសរូបនេះនិយាយថា «ខ្ញុំស្រលាញ់មុខវិទ្យាគណិតវិទ្យាខ្លាំងណាស់ ព្រោះវាគឺជាវិទ្យាសាស្រ្តដែលពិតជាក់ស្តែង។ មានតែវិទ្យាសាស្រ្តតែប៉ុណ្ណោះ ដែលអាចបញ្ជាក់ប្រាប់អ្នកបានថា អ្វីដែលអ្នកនិយាយគឺជាការពិត។ វាពិតជាងាយស្រួល ហើយវាក៏ជាមុខវិទ្យាមួយ ដែលខ្ញុំពេញចិត្តនឹងរៀនផងដែរ»

ជួបជាមួយនឹងលោក Moussa Asley វ័យ៥៣ឆ្នាំ ប៉ារបស់ Yasha បានឲ្យដឹងថា គាត់តែងតែជូនកូនប្រុសរបស់គាត់ ទៅបង្រៀនសិស្សនៅសាលាជារៀងរាល់ថ្ងៃ។ លោកនិយាយថា «ខ្ញុំក៏មានមោទនភាពផងដែរ ពេលឃើញគេ (Yasha) មានការវិវឌ្ឍន៍ខ្លួនបែបនេះ ធ្វើអ្វីដែលខ្លួនគេស្រលាញ់។ គេគឺជាមនុស្សម្នាក់ដែលយល់ច្បាស់ពីបញ្ហា និងមានការពន្យល់ច្បាស់ៗទៅកាន់សិស្សៗរបស់គេ។ គេគឺពិតជាល្អឥតខ្ចោះណាស់ សម្រាប់ការងារមួយនេះ» ៕ 

ប្រភព៖ ដេលីម៉ែល

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ឆ្កែកម្សត់! រួចផុតពីការកាប់សម្លាប់យកសាច់ សល់មុខតែមួយចំហៀង ជួបអ្នកមានចិត្តធម៌

ថៃ៖ ឆ្កែជាសត្វចិញ្ចឹមមួយប្រភេទដែលមនុស្សទូទៅតែងតែចិញ្ចឹមវាទុក ដើម្បីយាមផ្ទះ អ្វីដែលជាពិសេសទៅទៀតនោះ សត្វនេះជាសត្វដឹងគុណ និងស្រឡាញ់ម្ចាស់ ដែលជាមូលហេតុធ្វើឲ្យអ្នកចញ្ចឹមឆ្កែភាគច្រើន ចាត់ទុកឆ្កែដូចជាសមាជិកគ្រួសាររបស់គេ។

ដោយឡែក ប្រទេសអាស៊ីមួយចំនួន ត្រូវបានគេដឹងថា ជាប្រទេសដែលបរិភោគសាច់សត្វឆ្កែជាអាហារ ដែលវាជារឿងអាក្រក់មួយសម្រាប់ឆ្កែដែលរស់នៅក្នុងតំបន់នេះ។

ជាក់ស្ដែង សត្វឆ្កែញីមួយក្បាលឈ្មោះ Teresa ត្រូវបានរងគ្រោះ ដោយសារវាត្រូវបានគេបម្រុងនឹងសម្លាប់យកសាច់របស់វា។ តែចៃដន្យវាបានរត់គេច និងរស់រានមានជីវិត ប៉ុន្តែជាសំណាងអាក្រក់វាបានដាច់មុខមួយចំហៀង ដោយសារគេកាប់ខុស ក្នុងពេលដែលគេបម្រុងនឹងកាត់ក្បាលវា។

ហេតុការណ៍ដ៏អាក្រក់នេះ បានបន្សល់ឲ្យឆ្កែអាយុ ២ឆ្នាំនេះត្រូវរស់នៅដោយគ្មានច្រមុះ និងគ្មានធ្មេញខាងលើ។ តែជាសំណាងល្អវិញលឆ្កែកម្សត់នេះត្រូវបាន នារីចិត្តធម៌ជនជាតិអាមេរិកម្នាក់ប្រទះឃើញ និងមានចិត្តអាណិតអាសូរយកវាទៅចិញ្ចឹម។ នារីចិត្តធម៌ ឈ្មោះ Karen Quigley បានប្រកាសរកជំនួយដើម្បីព្យាបាលសត្វឆ្កែនេះ ហើយនាងក៏ទទួលបានប្រាក់ឧបត្ថម្ភ ដល់ទៅ ១១ ០០០ដុល្លារឯណោះ។ នាងបានព្យាយាមបន្ថែមទៀត ដើម្បីព្យាបាល និងវះកាត់ធ្មេញដែលខូចខាត និងអណ្ដាតដែលបាត់បង់របស់វា។

បើទោះបីជាវាត្រូវបានខូចខាតដោយសារការកាប់យ៉ាងធ្ងន់ធ្ងរ ប៉ុន្ដែបច្ចុប្បន្នវាបានរស់នៅក្នុងស្ថានភាពដ៏ប្រសើរវិញហើយនៅសហរដ្ឋអាមេរិក ដើម្បីទទួលការថែទាំយ៉ាងដិតដល់ ខណៈដែលពេលនេះ Teresa អាចស៊ីចំណី គ្រប់ប្រភេទបានយ៉ាងងាយស្រួល និងរត់លេងជាមួយក្មេងៗបានយ៉ាងសប្បាយរីករាយ។

នារីចិត្តធម៌Quigley បានបង្ហាញអារម្មណ៍សោកស្ដាយ ដោយសារតែប្រទេសថៃ នៅតែបន្តបរិភោគសាច់ឆ្កែ ដែលវាធ្វើឲ្យនាងមានអារម្មណ៍ក្ដុកក្ដួលជាមួយនឹង សត្វឆ្កែរាប់ពាន់ក្បាលដែលត្រូវគេសម្លាប់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]