រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជួប​រឿង​ស៊យ ខណៈ​ពេល​ដែល​គាត់​ជិះ​ម៉ូតូ​ស៊េរី​ទំនើប​១​គ្រឿង ទៅ​ឈប់​មើល​ទិដ្ឋភាព​ នៃ​ការ​រាវរក​សព​ក្មេង​ប្រុស​ សិស្សសាលា​គោក​បញ្ជាន់​ម្នាក់ ដែល​លង់ទឹក​ស្លាប់ ហើយ​ក្រោយ​ពី​មើល​ តាំងពី​ដើម​រហូត​ដល់​ចប់ ខណៈ​ពេល​ដែល​សព​ត្រូវ​បាន​នាំ​ចេញ​ ពី​កន្លែង​កើតហេតុ ហើយ​មនុស្ស​ម្នា​ដែល​ទៅ​ចាម​រោម​មើល​ដែរ​នោះ​បាន​នាំ​គ្នា​ចាកចេញ​ ទៅ​ផ្ទះ​ជិត​អស់​ទៅ​ហើយ ទើប​គាត់​នឹកឃើញ​ទៅ​មើល​ម៉ូតូ ស្រាប់តែ​បាត់​មិនឃើញ ដោយ​មិនដឹង​ថា ចោរលួច​តាំងពី​ពេល​ណា​នោះ​ឡើយ​។

ហេតុការណ៍​នោះ​ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុង​វត្ត​គោក​បញ្ជាន់ ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ត្រូវ​ចោរលួច​យក​ម៉ូតូ​នោះ​ឈ្មោះ ប្រាក់ វិ​ចើ​ត អាយុ​៤៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៤០៥ ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ បាត់បង់​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ បិទ​តែម​ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FU- 1319 ។ នៅ​មុន​ពេល​កើតហេតុ​បុរស​ខាងលើ​នោះ បាន​ជិះ​ម៉ូតូ​របស់​គាត់​១​គ្រឿង​ខាងលើ ទៅ​មើល​ទិដ្ឋភាព​រាវរក​សព​ក្មេង​ប្រុស​ឈ្មោះ ទ្រី សុ​បញ្ញា ដែល​ជា​សិស្សសាលា​បឋម​សិក្សា​គោក​បញ្ជាន់ លង់ទឹក​ស្រះ​ក្នុង​វត្ត​គោក​បញ្ជាន់​នោះ​ស្លាប់​។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​ទៅ​ដល់​បុរស​ខាងលើ បាន​ទុក​ម៉ូតូ​នៅ​ក្បែរ​ស្រះ​ទឹក​នោះ​ដែរ បន្ទាប់​មក​គាត់​បាន​ដើរ​ចូល​ទៅ​មើល​ ក្រុម​អ្នក​រាវរក​សព​ស្រង់​ក្មេង​ប្រុស​ខាងលើ ហើយ​គាត់​មិន​បាន​ឧស្សាហ៍​ ទៅ​អឺត​មើល​ម៉ូតូ​នោះ​ទេ ព្រោះ​ជាប់រវល់​តាមដាន​ថា តើ​សាកសព​ត្រូវ​រក​ឃើញ​ឬ​មិនឃើញ? គាត់​បាន​ឈរ​មើល​សកម្មភាព​នោះ​តាំងពី​ដើម​រហូត​ដល់​ចប់ គឺ​ពេល​គេ​ចាប់ផ្ដើម​រាវរក រហូត​ដល់​ពេល​ឃើញ និង​ពេល​ស្រង់​សព​ឡើងគោក រហូត​ដល់​យក​សព​ទៅ​ផ្ទះ​បាត់ ។

ខណៈ​ពេល​អ្នក​មើល​ដូច​គ្នា​ ចាកចេញ​ទៅ​ផ្ទះ​រៀង​ៗ​ ខ្លួន​ជិត​អស់ ទើប​គាត់​នឹកឃើញ​ទៅ​មើល​ម៉ូតូ ស្រាប់តែ​មានការ​ភ្ញាកផ្អើល​ ឡើង​តែ​ម្ដង ព្រោះ​ម៉ូតូ​គាត់​ត្រូវ​ចោរលួច​បាត់ ដោយ​មិនដឹង​ថា បាត់​តាំងពី​ពេល​ណា​នោះ​ឡើយ​។ ទើប​គាត់​ហួសចិត្ត​នឹក​រក​យាយ​មិន​ចេញ គឺ​បាន​ត្រឹមតែ​ទៅ​ដាក់​ពាក្យបណ្តឹង​ នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ឲ្យ​ជួយ​ទាំង​សោកស្តាយ​ប៉ុណ្ណោះ​។

ទាក់ទិន​ទៅ​នឹង​ហេតុការណ៍​នោះ នគរបាល​ក៏​បាន​និយាយ​ផង​ដែរ​ថា នេះ​ហើយ​ដែល​ជា​មេរៀន​សម្រាប់​បងប្អូន​ ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ចូល​ចិត្តខ្លាំង​ណាស់​ឲ្យ​តែ​មាន​បញ្ហា​អ្វី​កើតឡើង​តែងតែ​នាំ​គ្នា​ ទៅ​ចោមរោម​មើល​ដាច់​ បាយ​ដាច់​ទឹក ហើយ​មានការ​ធ្វេសប្រហែស​ចំពោះ​យានជំនិះ​ របស់​ខ្លួន​ជិះ​ទៅ​ទុក​ចោល​មិន​ប្រុង​ប្រយ័ត្ន ដែល​ជា​ឱកាសល្អ​សម្រាប់​ចោរលួច​បាន​ដោយ​ងាយ​៕

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

[Update] ជួលតម្លៃ300$ ទើបរកឃើញសាក​សព​ក្មេង... (មានវីដេអូ)

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​បន្ត​ឱ្យ​ដឹង​ថា ករណី​ក្មេង​ប្រុស​ម្នាក់ ជា​សិស្សសាលា​គោក​បញ្ជាន់ ដែល​​លង់ទឹក​ស្លាប់​នោះ ត្រូវ​​បាន​រក​ឃើញ​សាកសព​ហើយ​នៅ​ត្រឹម​វេលា​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃ​ទី​២២ មីនា ​នេះ (ថ្ងៃដដែល) បន្ទាប់​ពី​ប្រជាពលរដ្ឋ​នាំគ្នាចុះ​​ជួយរ​ក ដោយ​យក​អួន​ទៅ​អូសនិង​រាវ​អស់​រយៈពេល​ជាង​៣​​ម៉ោង ប៉ុន្តែ​​រក​អត់​ឃើញដដែល ។ លុះ​ចុង​ក្រោយ ត្រូវ​ក្រុម​គ្រួ​សារ ​ជួល​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​ក្នុង​តម្លៃ​៣០០​ដុល្លារ ​ឱ្យ​​ចុះ​ទៅ​រាវ​រក​ទើប​​ឃើញ ។

សាកសព​ក្មេង​ប្រុស​មានឈ្មោះ​ទ្រី សុ​បញ្ញា អាយុ​១៣​ឆ្នាំ ។ អ្វី​ដែល​គួរឱ្យតក់​ស្លុត​​នៅ​កន្លែង​កើតហេតុ​នោះ គឺ​ឃើញ​ស្ត្រី​ជា​ម្តាយ​ក្មេង​​ប្រុស​​រង​គ្រោះ ​បាន​ស្រែកយំ​រហូត​ដល់​​ដួល​​សន្លប់ ព្រោះតែ​មិន​អាច​​ទទួលយក​បាន ។ បន្ទាប់​ពី​សាកសព​ក្មេងប្រុស ​ត្រូវ​បាន​ស្រង់​​ឡើងគោក​វិញ​ គេ​ឃើញ​បុរស​ជា​ឪពុក​​បាន​បី​សព​កូន ​ទាំង​ការ​ស្រែ​យំ​ដើរ​ត្រឡប់​ទៅ​ផ្ទះ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

គួរ​បញ្ជាក់​ថា ពាក់ព័ន្ធ​ហេតុការណ៍​នេះ គឺ​មាន​ក្មេង​ស្រី​ម្នាក់​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ក្មេង​ប្រុស​រង​គ្រោះ​ មិន​បាន​ទៅ​រៀន​ទេ​ បន្ទាប់​ពី​គ្រូ​ប្រចាំ​ថ្នាក់​ជា​ប់រវល់​សុំ​ច្បាប់ ។ រូបគេ​និង​មិត្តភក្តិ​៤ ទៅ​៥​នាក់ ក៏​នាំ​គ្នា​ដើរ​ទៅ​លេង​នៅ​មាត់​ស្រះ​ទឹក​​ខាងលើ ។ លុះ​មួយសន្ទុះ មាន​ក្មេង​ប្រុស​ម្នាក់​​ដែល​ជា​មិត្តភក្តិ ​បាន​ជ្រុះ​ស្បែកជើង​ធ្លាក់​ចូល​ក្នុង​​ស្រះ ក៏​​ត្រូវ​ក្មេង​ប្រុស​រង​គ្រោះ​​​លោត​ចុះ​ទៅ​យក​ស្បែក​ជើងនោះ ក៏​ភ្លាត់ស្នៀត​លង់ទឹក​​តែ​ម្តង ។

ភ្លាម​ៗ មិត្តភក្តិ​ម្នាក់​ទៀត បាន​លោត​ចុះ​ទៅ​ជួយ​ហើយ​ក៏​លង់​ដែរ ប៉ុន្តែ​សំណាង​មាន​មិត្តភក្តិ​​ម្នាក់​ទៀត ដែល​ជា​ជន​ទី​៣ បាន​លោត​ចុះ​ទៅ​​ជួយ ទើប​អ្នក​​ទី​២នោះ​រួច​ផុត​ពី​សេចក្តីស្លាប់ ។ រីឯ​​ក្មេង​រង​គ្រោះ ​គេ​ជួយ​មិន​ទាន់​​ទេ បាន​លិច​បាត់​ហើយ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]